en     km
en     km

មន្ត្រី​​ ៖​​ ក្រសួង​អប់រំ​​ ជួប​បញ្ហា​​ប្រឈម​​ក្នុង​​ការ​​លើក​កម្ពស់​​គុណភាព​អប់រំ​

Share

ភ្នំពេញ ៖ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ នៃ​ក្រសួង​អប់រំ​ យុ​ជន​ និង​កី​ទ្បា​ លោក​ ពុត​ សា​មិត្ត​ បាន​លើក​ទ្បើ​ង​ថា​ ក្រសួង​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ ទាក់ទង​នឹង​គុណភាព​អប់រំ​ គឺ​នៅ​កម្រិត​ថា្ន​ក់​បឋម​សិក្សា​។​ បញ្ហា​ប្រឈម​ទាំងនោះ​មាន​ដូច​ជា​ កត្តា​សុខភាព​របស់​សិស្ស​ បញ្ហា​ការ​សរសេរ​ ការ​អាន​នៅ​មាន​កម្រិត​ និង​បញ្ហា​ដែល​សិស្ស​ពន្យា​ពេល​ចូល​សិក្សា​ជាដើម​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ «​ការ​រួម​បញ្ចូល​គ្នា​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​»​ ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់​២​។​ សង្គម​ស៊ី​វិល​ក៍​ចូលរួម​ផ្ដល់​អនុសាសន៍​ ចំពោះ​បញ្ហា​នេះ​ដែរ​។ ​លោក​ ជូន​ សា​រេ​ត​ ជូន​ព័ត៌មាន​ ៖

 

edu-cam-pre
សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ «​ការ​រួម​បញ្ចូល​គ្នា​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​»​ ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​២០១៦

​បញ្ហា​ប្រឈម​ដែល​ក្រសួង​អប់រំ​ កំពុង​តែ​ជួប​នៅ​ក្នុង​កម្រិត​ថា្ន​ក់​បឋម​សិក្សា​ ធ្វើ​ឱ្យ​អត្រា​ចុះ​ឈ្មោះ​សិក្សា​របស់​សិស្ស​នៅ​ថ្នាក់​អនុ​វិទ្យាល័យ​មានការ​ថយ​ចុះ​ ព្រោះ​ថាបើ​នៅ​ថ្នាក់បឋមសិក្សា​មាន​បញ្ហា​ហើយ​នោះ​ វា​ប្រាកដ​ណាស់​ថា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ថ្នាក់​អនុ​វិទ្យាល័យ​។​ នេះ​បើ​យោង​តាម​ ការ​លើក​ឡើង​របស់​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ នៃ​ក្រសួង​អប់រំ​ យុ​ជន​ និង​កី​ទ្បា​ លោក​ ពុត​ សា​មិត្ត​។​

​លោក​ ពុត​ សា​មិត្ត​ បាន​លើក​ទ្បើ​ង​ថា​ បញ្ហា​នេះ​ក្រសួង​អប់រំ​នឹង​រក​យន្តការ​ដោះស្រាយ​ចំពោះ​កត្តា​រារាំង​ទាំងនោះ​។​

​លោក​ ពុត​ សា​មិត្ត​ ៖«​ កត្តា​សិស្ស​ចុះ​ឈ្មោះ​ចូល​សិក្សា​យឺត​ពេល​មាន​ន័យ​ថា​ចុះ​ឈ្មោះ​ចូល​រៀន​លើស​ពី​អាយុ​៦​ឆ្នាំ​ កត្តា​សុខភាព​ និង​កត្តា​សិស្ស​មិន​បាន​ឆ្លងកាត់​ការ​សិក្សា​នៅ​ថ្នាក់​ម​តេ​យ្យ​ជាដើម​ដែល​ធ្វើ​ឱ្យ​គុណភាព​អប់រំ​មានការ​ធ្លាក់​ចុះ​ ដូច្នេះ​លោក​ថា​ ក្រសួង​អប់រំ​ និង​ដោះស្រាយ​ពី​ករណី​នេះ​ផង​ដែរ​»។​

​លោក​បាន​ផ្ដល់​អនុសាសន៍​ថា​ ដើម្បី​ឱ្យ​គុណភាព​អប់រំ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​នោះ​មាន​ដូ​ជា​ ៖​ «​យើង​ពង្រីក​ម​តេ​យ្យ​សហគមន៍​ យើង​ខំ​សាងសង់​សាលា​ម​តេ​យ្យ​បន្ថែម​ដើម្បី​មានឱកាស​ជា​ពិសេស​នៅ​បឋម​សិក្សា​ហ្នឹង​បើសិន​ថា​មាន​បន្ទប់​មានអី​ យើង​ផ្តល់​ឱកាស​មួយ​ធ្វើ​ម៉េច​ឱ្យ​គេ​បើក​ថ្នាក់​ម​តេ​យ្យ​ដែរ​អ​ញ្ចឹ​ង​មាន​ថ្នាក់​ម​តេ​យ្យ​ហ្នឹង​ អ​ញ្ចឹ​ង​កាលណា​គេ​មានឱកាស​បាន​ចូល​រៀន​ម​តេ​យ្យ​ហ្នឹង​យើង​ក៏​មាន​បង្រៀន​កម្មវិធី​អប់រំ​ឪពុក​ម្តាយ​ដែរ​..»​។​

​ចំណែកឯ​ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ ដើម្បី​ឱ្យ​វិស័យ​អប់រំ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​នោះ​គឺ​ត្រូវ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​ លោក​ បន្ត​ថា​កា​រឹត​បន្តឹង​ លើ​ការ​សិក្សា​របស់​សិស្ស​និង​ការ​ រឹត​បន្តឹង​អ្នក​ដែល​គ្រប់គ្រង​នៅ​តាម​សាលា​នីមួយៗ​ជា​រឿង​សំខាន់​។​ ប៉ុន្តែ​លោក​ថា​ ក្រសួង​ក៏​ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​ភាគី​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។​

​លោក​ សន​ ជ័យ​ ៖«​តួរ​អង្គ​ពាក់ព័ន្ធ​វា​មាន​ច្រើន​ណាស់​តំរូវការ​អស់ហ្នឹង​ហើយ​ដែល​នាយក​សាលាក្តី​ អាណា​ព្យ​បាល​ក្តី​គាត់​អាច​លើក​ទ្បើ​ង​ទៅ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ គាត់​លើក​ទ្បើ​ង​ទៅ​ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ខេត្ត​ ឬ​ក៏​តាម​អ្នកតំណាង​ណាមួយ​ហើយ​ដើម្បី​គៀងគរ​អ្នក​ពាក់ព័ន្ធ​ហ្នឹង​សាលារៀន​គឺ​កត្តា​ខាងក្នុង​អូ​ខេ​ត្រូវ​បាន​ពង្រឹង​គឺជា​រឿង​មួយ​ ប៉ុន្តែ​ខាងក្រៅ​គឺជា​រឿង​មួយ​ដែល​ត្រូវ​ដោះស្រាយ​..»​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ នាយក​សាលា​បឋម​សិក្សា​អនុ​វិទ្យាល័យ​ទួល​ថ្ម​ដែល​មក​ពី​ខេត្តកំពង់ចាម​គឺ​ លោក​ សៀង​ សំណាង​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ ការ​ពង្រឹង​ថ្នាក់បឋមសិក្សា​គឺជា​រឿង​សំខាន់​ដែល​ក្រសួង​ត្រូវ​តែ​យកចិត្តទុកដាក់​។​ ​លោក​ លើក​ទ្បើ​ង​ដែរ​ថា​ក្រសួង​អប់រំ​ក៏​ត្រូវ​គិតគូរ​ពី​ការ​ពង្រឹង​ថ្នាក់ដឹកនាំ​សាលារៀន​ មាន​ន័យ​ថា​ក្រសួង​ត្រូវ​ពង្រឹងសមត្ថភាព​នាយក​សាលា​ ដើម្បី​ឱ្យ​ពួក​គេ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​ថ្នាក់បឋមសិក្សា​ក៏​ដូច​ជា​ថ្នាក់មធ្យមសិក្សា​ ឱ្យ​មាន​ប្រសិទ្ធភាព​ជាដើម​។​ ទោះជា​យ៉ាងណា​លោក​មានការ​រំពឹង​ទុក​ថា​ នៅ​ពេល​ដែល​ក្រសួង​បង្កើត​ឱ្យ​មាន​ថ្នាក់​ម​តេ​យ្យ​សិក្សា​ឱ្យ​បាន​ច្រើន​នោះ​វា​នឹង​ធ្វើ​ឱ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាក់​ជា​មិន​ខាន​។​

​លោក​ សៀង​ សំណាង​៖​ «​បើសិនជា​ក្រសួង​បាន​គិត​ពី​ការ​ជួយ​ទៅ​ដល់​ថ្នាក់​កុមារ​តូច​ឬ​ក៏​ហៅ​ថា​ម​តេ​យ្យ​សិក្សា​ហ្នឹង​ឱ្យ​បាន​ច្រើន​ហើយ​មាន​ប្រសិទ្ធភាព​គឺថា​ល្អ​មែនទែន​ដោយសារ​តែ​ទី​០១​បើ​សិស្ស​ចូល​រៀន​ថ្នាក់​ទី​០១​បើ​គេ​មិន​បាន​ឆ្លងកាត់​ម​តេ​យ្យ​ទេ​គេ​មិន​អាច​រៀន​ថ្នាក់​ទី​០១​នេះ​បាន​ល្អ​ទេ​ ដោយសារ​ថ្នាក់​ទី​០១​នេះ​វា​ជា​គ្រឹះ​ដែល​ឆ្លងកាត់​ថ្នាក់​ម​តេ​យ្យ​..​ »​។​

​សូម​បញ្ជាក់​ ថា​ការ​បង្កើត​ឱ្យ​មាន​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ «​ការ​ធ្វើការ​រួម​គ្នា​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​»​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​ស្តី​ពី​យុទ្ធសាស្ត្រ​អប់រំ​ និង​យន្តការ​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​០៥​ និង​គោលដៅ​រយៈពេល​វែង​ដើម្បី​លើកកម្ពស់​គុណភាព​សេវា​អប់រំ​ នៅ​កម្រ​តិ​បឋម​សិក្សា​ និង​មធ្យមសិក្សា​បឋម​ភូមិ​។​ ក្នុង​ន័យ​នេះ​គឺ​សំដៅ​ចែករំលែក​បទ​ពិសោធន៍​ និង​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​ដែល​កំពុង​តែ​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​បឋម​សិក្សា​ និង​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​ ៕

Share

Image
Image
Image