ភ្នំពេញ ៖ អង្គការមួយធ្វើការលើសកម្មភាពចរាចរណ៍ផ្លូវគោក មានឈ្មោះថាមូលនិធិបង្ការបួសអាស៊ី ដឹកនាំអ្នកសារព័ត៌មាន ចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាអំពីការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដែលសម្រេចយកគោលដៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលបានអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០១៦ និងដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា ដែលកើតមាន ចំពោះការអនុវត្តច្បាប់ ។
សកម្មភាពដែលក្រុមការងារអង្គការ AIP និងអ្នកសារព័ត៌មានត្រូវចុះអនុវត្តនៅតំបន់គោលដៅទាំងនោះ រួមមាន៖
-ម៉ោង៧ និង៣០នាទីព្រឹក ៖ ចេញពីការិយាល័យអង្គការAIP Foundation ទៅកាន់ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ឬក្រុងតាខ្មៅ ខេត្តកណ្ដាល។
-ម៉ោង ៨:៣០-១០:០០ ៖ ទស្សនកិច្ចគោលដៅត្រួតពិនិត្យលើការអនុវត្តច្បាប់ចរាចរណ៍នៅ ចំណុចប្រសព្វសាលាបឋមសិក្សាច្បារអំពៅទី១ ឬនៅរង្វង់មូល ព្រះនរាយណ៍ និងសម្ភាសន៍ ប្រជាពលរដ្ឋក្នុងកមូលដ្ឋាន។
-ម៉ោង១០:០០-១១:២០ ៖ អ្នកចូលរួមធ្វើដំណើរទៅកាន់ទីតាំងអនុវត្តសកម្មភាពផ្សព្វផ្សាយដោយធ្វើជាពីរក្រុមពិភាក្សាហើយក្រុមទីមួយ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងក្រុមទីពីរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
-១៣:០០-១៤:០០ ៖ ត្រឡប់មកកាន់ខណ្ឌចំការមន រាជធានីភ្នំពេញ ឬស្រុកកៀនស្វាយ ខេត្ត កណ្ដាល។
-១៤:០០-១៥:៣០ ៖ អ្នកចូលរួមធ្វើដំណើរទៅកាន់ទីតាំងអនុវត្តសកម្មភាពផ្សព្វផ្សាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
-១៥:៣០-១៦:០០ ៖ អ្នកចូលរួមធ្វើដំណើរទៅទីតាំងអង្កេតការពាក់មួកសុវត្ថិភាព ដោយបែងចែងជាពីរក្រុមហើយក្រុម ទីមួយ នៅតំបន់ក្បែរក្លឹបហាត់ប្រាណភ្នំពេញស្ពតក្លឹប ក្នុងសង្កាត់ទួលទំពូងទី២ សង្កាត់ទួលស្វាយព្រៃ និងសង្កាត់បឹងត្របែក។ និងក្រុមទីពីរ នៅឃុំដីឥដ្ឋ ឃុំបន្ទាយដែក និងឃុំគគីរធំ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
-១៦:០០ -១៦:៣០ ៖ អ្នកចូលរួមធ្វើដំណើរទៅកាន់ទីតាំងគោលដៅត្រួតពិនិត្យលើការអនុវត្តច្បាប់ចរាចរណ៍ និងសម្ភាសន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពីរក្រុម។ ដោយក្រុមទីមួយ នៅមុខវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ក្នុងខណ្ឌចំការមន និងក្រុមទីពីរ ទស្សនកិច្ចគោលដៅ ត្រួតពិនិត្យលើការអនុវត្តច្បាប់ចរាចរណ៍នៅក្បែរសាលាបឋមសិក្សាបន្ទាយដែក និងសម្ភាសន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
-១៧:០០ ៖ ដំណើរត្រឡប់មកការិយាល័យ AIP Foundation។
គួរបញ្ជាក់ដែរថា៖ កម្មវិធីដំណើរទស្សនកិច្ចសិក្សា របស់អ្នកសារព័ត៌មាន គឺ មានគោលបំណង សំខាន់ពីរ៖
១. ស្វែងយល់ពីភាពជោគជ័យ និងការប្រឈមនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ចំពោះការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាម ទោចក្រយានយន្ដ ព្រមទាំងកុមារ ដែលបានអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០១៦។
២. លើកទឹកចិត្ត និងបង្កើនទំនាក់ទំនងឲ្យបានកាន់តែជិតស្និទ្ធរវាងប្រព័ន្ធផ្សព្វផ្សាយ និងមន្ដ្រី អនុវត្តច្បាប់ដើម្បីបន្ដរាយការណ៍ ពីកិច្ចខិតខំការជំរុញ ការពាក់មួកសុវត្ថិភាព៕