en     km
en     km

សម្តេច​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​មាន​យុទ្ធនាការ​ចែកចាយ​ទឹក​ដល់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​

Share

​ភ្នំពេញ ៖ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ដាច់​ណាត់​ឲ្យ​មន្ត្រី​ទាំងអស់​ បើក​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ ដោយ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្វះ​ទឹក​នោះ​ទេ​។​ ​ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៥៦​ ក្នុង​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​២៦​ខែមេសា​នេះ​។​ ជា​ការ​ឆ្លើយ​តប​អភិបាលខេត្ត​មួយ​ចំនួន​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ អាជ្ញាធរ​បាន​នឹង​កំពុង​ចុះ​ចែក​ទឹក​ជូន​ពលរដ្ឋ​ជា​បណ្តើ​រហើយ​។​ 

 

Banteymeanchey-take-water
រូបភាពពី ៖ Facebook សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៥៦​ នៅ​ក្រុង​សេរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ កាលពី​ព្រឹក​មិ​ញ​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​បើក​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ ដោយ​ចេញ​បញ្ជា​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទូ​ទាំង​ប្រទេស​ ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ដោយ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្វះ​ទឹក​នោះ​ទេ​។​​

​សម្តេច​ ហ៊ុន​ សែន​៖​ «​ដូច្នោះ​ហើយ​ខ្ញុំ​ ព្រះករុណា​ខ្ញុំ​ដាក់​ចេញ​នូវ​បទបញ្ជា​ នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ប្រមូលផ្តុំ​ការ​ខិតខំ​ទាំងអស់​ដើម្បី​ដោះស្រាយ​ទឹក​ឱ្យ​ប្រជាជន​ប្រើប្រាស់​។​ ខ្ញុំព្រះករុណា​ខ្ញុំ​សូម​ដាក​ចេញ​នូវ​យុទ្ធនាការ​ចែកចាយ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ គឺ​មិន​ត្រូវ​ទុក​ឱ្យ​ប្រជាជន​គ្រោះថ្នាក់​បណ្តាល​មក​ពី​ការ​ខ្វះខាត​ទឹក​នោះ​ទេ​»​ ។​​​

​សម្តេច​នាយក​រដ្ឋ​ម​ន្រី្ត​ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​ ចូលរួម​បរិ​ច្ចាកទឹក​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​។​ ក្រៅពី​នេះ​ សម្តេច​ក៏​ទទូច​ឲ្យ​កាកបាទក្រហមកម្ពុជា​ បង្វែរ​ទិស​ដៅ​ពី​ការ​ជួយ​ជំនួយ​ផ្សេងៗ​ មក​ជា​ការ​ផ្តល់​ទឹក​ដល់​ប្រជាពលរដ្ឋ​ជំនួស​វិញ​។​

​​ការ​ចេញ​បញ្ជា​ និង​ការ​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខណៈ​នេះ​គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ ចន្លោះ​ពី​៣៧​អង្សា​សេ​ ដល់​៤២​អង្សា​សេ​ ដែល​បណ្តាល​ មក​ពី​បាតុភូត​អ៊ែ​ល​នី​ញូ​(El​ Nino)​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ នៅ​តាម​ប្រភព​ទឹក​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​ បឹង​ ស្ទឹង​ ព្រែក​ ត្រពាំង​ និង​អណ្តូង​ បាន​រីងស្ងួត​ជា​បណ្តើរ​ ហើយ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ក៏​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​​

​ទាក់ទង​បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ​ លោក​ ស​ ថា​វី​ អភិបាលខេត្ដ​ឧត្ដរមានជ័យ​និយាយ​ថា​ នា​ពេល​កន្លង​មក​គឺ​លោក​និង​ក្រុមការងារ​ក៏​បាន​ព្យាយាម​នាំ​យក​ទឹក​ទៅ​ចែក​ជួន​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្វះ​ទឹកបាន​មួយ​ចំនួន​ដែរ​តែ​សម្រាប់​ភូមិ​ស្រុក​ដែល​រង​គ្រោះ​ខ្លាំង​។​ លោក​ថា​ នៅ​ថ្ងៃនេះ​លោក​នឹង​កងកម្លាំង​ទាំងអស់​ កំពុង​តែ​ដឹក​ជញ្ជូន​ទឹក​យក​ទៅ​ចែក​ជួន​ពលរដ្ឋ​រង​គ្រោះ​ក្នុង​តំបន់​ អូ​ស្មាច់​ ដែល​មាន​ចំងាយ​ផ្លូវ​ ៤០​គីឡូម៉ែត្រ​ ពី​ខេត្ដឧត្ដរមានជ័យ​ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង​។​​

លោក​បន្ថែម​ថា​​«​ឥឡូវនេះ​កំពុង​តែ​ចែក​ទឹក​នៅ​តំបន់​អូ​ស្មាច់​ ហើយ​ចេញពី​នេះ​ទៅ​ទៀត​យើង​ទៅ​ស្រុក​ចុងកាល​ ហើយ​ចេញពី​ចុងកាល​ យើង​ទៅ​ស្រុក​អន្លង់​វែង​រហូត​ដល់​ពេល​ណា​ដែល​មាន​ភ្លៀង​ប្រសិនជា​គ្មាន​ភ្លៀង​ទេ​យើង​នៅ​តែ​បន្ដ​ការ​ដឹក​ជញ្ជូន​រហូត​»​ ។​

​ចំណែក​អភិបាល​ខេត្ដបន្ទាយមានជ័យ​ លោក​ សួន​ បវរ​ មាន​ប្រសាសន៍​ថា​ ខេត្ដ​នេះ​ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយ​កង្វះ​ទឹក​ស្ទើរតែ​ទាំងស្រុង​ លើកលែងតែ​ស្រុក​ភ្នំស្រុក​មួយ​ប៉ុណ្ណោះ​ ដែល​គ្មាន​បញ្ហា​ចោទ​ព្រោះ​ស្រុក​នេះ​នៅ​ក្បែរ​អាង​កំពីងពួយ​អាច​យក​ទឹក​ប្រើប្រាស់​បាន​។​ ​លោក​ សួន​ បវរ​ បន្ថែម​ថា​ ពេល​នេះ​ស្ទឹង​សិរី​សោ​ភ័​ណ្ឌ​រីង​ទឹក​អស់ហើយ​ ដែល​ជា​ផលវិបាក​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ដ​រក​ទឹក​ប្រើប្រាស់​។​ លោក​ថា​ជា​សំណាង​ដែល​ក្រុមការងារ​លោក​ បាន​រក​ឃើញ​ប្រភព​ទឹក​ថ្មី​មួយទៀត​ ដែល​អាចយ​កមក​ប្រើប្រាស់​បាន​ គឺ​ស្ទឹង​កណ្ដុរ​ ដែល​ជា​ដៃ​ស្ទឹង​របស់​ស្ទឹង​សេរី​សោ​ភ័​ណ្ឌ​អាច​ប្រើប្រាស់​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ទៀត​ ទំ​រាំ​រង់ចាំ​ទឹក​បូម​មក​ពី​អាង​កំពីងពួយ​។​ ​អភិបាលខេត្ដ​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​បូមទឹក​មក​ពី​អាង​កំពីងពួយ​ហើយ​ ខេត្ដ​នេះ​លែង​ខ្វះ​ទឹក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បន្ដ​ទៀត​ឡើយ​។​​

​លោក​បន្ថែម​ថា ​«​និយាយ​រួម​ទៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ​គឺ​ខ្វះខាត​ទឹក​ស្ទើរតែ​ទាំងស្រុង​លើកលែងតែ​ស្រុក​ភ្នំស្រុក​មួយ​ទេ​ដែល​នៅ​ក្បែរ​អាង​ទឹក​កំពីងពួយ​ដែល​នៅ​កៀក​ហើយ​គេ​អាច​ដឹក​ទឹក​យក​មក​ប្រើប្រាស់​បាន​»​។​​

​លោក​ អ៊ំ​ ម៉ា​រ៉ា​ អភិបាល​ខេត្ដព្រះវិហារ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ឲ្យ​ដឹង​ដែរ​ថា​ ខេត្ដ​នេះ​មានការ​ជួប​ការ​ខ្វះ​ទឹក​តិចតួច​ប៉ុណ្ណោះ​ ដែល​មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​ជា​ចម្បង​នោះ​ឡើយ​។​ ​លោក​បន្ថែម​ថា​ ថ្វី​ត្បិត​តែ​មិន​មាន​ជួប​ប្រទះ​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ក្ដី​ រូប​លោក​នឹង​មន្ដ្រី​ទាំងអស់​ក៏​បាន​យកចិត្ដទុកដាក់​ចុះ​ដល់​មូលដ្ឋាន​ ជួប​ប្រជាពលរដ្ឋ​ដើម្បី​ជួយ​ជុស​ជុល​អណ្ដូង​ដែល​ខូច​ឲ្យ​ប្រើប្រាស់​បាន​ឡើង​វិញ​។​ ហើយ​ក៏​បាន​ស្ដារអណ្ដូង​ និង​ប្រឡាយ​ផ្សេងៗ​ដើម្បី​ស្ដុក​ទឹក​ប្រើប្រាស់​ផង​ដែរ​។​

​លោក​បន្ថែម​ថា​«​នៅ​ខេត្ដព្រះវិហារ​ស្ថានភាព​រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​មាន​តំបន់​ណា​ដែល​ខ្វះខាត​ទឹក​ទេ​ដោយសារ​យើង​មាន​ស្ទឹង​ យើង​មាន​ដងអូរ​ ព្រែក​ ត្រពាំង​បឹង​បូរ​ ហើយ​ហ្នឹង​អាង​ទឹក​មួយ​ចំនួន​ដែល​ក្រសួង​ធនធានទឹក​ផ្ដល់​ឲ្យ​ហ្នឹង​យើង​អាច​ប្រើប្រាស់​» ​។​

​សូម​រំលឹក​ថា​ ក្រសួង​ធនធាន​ទឹកនឹង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ឡើងក​ម្តៅ​សីតុណ្ហភាព​នេះ​។​

ចំណែកឯ​ ក្រសួងសុខាភិបាល​វិញ​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ ពិសេស​កុមារ​ និង​មនុស្ស​ចាស់​។​ តាម​ក្រសួងសុខាភិបាល​ ដើម្បី​ការពារ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ប្រជាពលរដ្ឋ​ត្រូវ​តែ​ងូតទឹក​ត្រជាក់​ និង​ជ្រក​ក្រោម​ម្លប់​ឲ្យ​បាន​ច្រើន​ ចៀសវាង​នៅ​ក្រោម​ថ្ងៃ​ផ្ទាល់​។​ ជាង​នេះ​ទៀត​ប្រជាពលរដ្ឋ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ស្ដើង​ ស្រាល​ និង​មាន​ពណ៌​ភ្លឺ​ ពិសេស​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា​ ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​ឲ្យ​បាន​គ្រប់គ្រាន់​។​ បើ​ទោះជា​ យ៉ាងនេះ​ក្ដី​ រដ្ឋាភិបាល​ មិន​ទាន់​ប្រកាស​អាសន្ន​ជា​ផ្លូវការ​ឡើយ​ ៕

Share

ព័ត៌មានទាក់ទង

Image