ភ្នំពេញ ៖ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រតិកម្ម ទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថាACU ដែលកោះហៅ បុគ្គលិករបស់ខ្លួន ចូលបំភ្លឺ ទាក់ទិន ករណីរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដោយប្រធានអង្គការនេះថា ការចោទប្រកាន់ របស់ACU មិនមានភាពត្រឹមត្រូវ។
ការថ្លែងប្រតិកម្មរបស់លោក ធន់ សារាយ ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ។ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុកអះអាងថា អ្វីដែលអាដហុកផ្ដល់ប្រាក់ជាង២០០ ដុល្លារទៅឱ្យ កញ្ញា ស្រីមុំ គឺជាការសុំរបស់គ្រួសារនាង ហើយការចំណាយ គឺជាអនុលោមទៅតាម បទដ្ឋាន រដ្ឋបាល នៃគំរោងចំណាយរបស់អង្គការ។ លោកក៏បង្ហាញ ឯកសារ របស់កញ្ញាស្រីមុំ សុំប្រាក់ជំនួយនេះដែរ។ ជាមួយគ្នានេះលោក ធន សារាយ ក៍បាន បញ្ជាក់ តាមវិឌីអូឃ្លឹបមួយថា កញ្ញាស្រីមុំ បានមកពឹងពាក់ សមាគមឱ្យជួយគឺសមាគមមិនបានទៅលួងលោម ឬណែនាំអ្វីឡើយ។
តាមប្រធានសមាគមអាដហុក កញ្ញាស្រីមុំ មានរូបភាព២ គឺនិយាយថា ប្រាប់សមាគមដែលនាងបដិសេធសំឡេងខ្សែអាត់សារសងជាមួយបុរសម្នាក់ដែលគេថាលោកកឹម សុខា គឺជាការពិតមួយ ហើយនាងទៅបំភ្លឺ នៅតុលាការគឺជាការពិតមួយ។ ត្រង់ចំនុចនេះ លោកមានភាពងើយឆ្ងល់ ថាមួយណាពិត មួយណាកុហក។
កាលពីថ្ងៃម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក ឱម យីនទៀង បានចេញលិខិតកោះហៅមនុស្ស៨នាក់ ក្នុងនោះមានបុគ្គលិក សមាគមអាដហុក ចំនួន ៥នាក់ និងមនុស្ស៣នាក់ទៀត គឺលោក នី ចរិយា អគ្គលេខាធិការរង គជប លោកស្រីធិតាឃឹះ នាយិការអង្គការសីលកា និងលោក ស៊ឺន សាលី មន្ត្រីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនៅកម្ពុជា ឱ្យពួកគេចូលខ្លួនក្រោមបទចោទថា បានណែនាំ កញ្ញាស្រីមុំ និយាយកុហកតុលាការ។ ពួកគេនឹងចូលខ្លួន ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃ ទី២៧ -២៨ មេសានេះ ៕