នៅរយៈពេលចុងក្រោយនេះ សភាពការណ៍ នយោបាយនៅកម្ពុជា មានភាពប្រេះស្រាំ យ៉ាងខ្លាំង ខណៈមេបក្សប្រឆាំង កំពុងរស់នៅនិរទេសខ្លួន ។ បក្សកាន់អំណាច អនុវត្ត វិធានការក្ដៅ ដែលហៅខ្លួនឯងថា ពង្រឹងនីតិរដ្ឋ នៅកម្ពុជា ។ តែបែបនេះ ក្រុមសង្កេតការណ៍ ជាតិអន្តរជាតិ ផ្នែកសិទ្ធិមនុស្ស មើលឃើញថា ការប្រកាន់ ខ្សែតឹងរបស់រដ្ឋាភិបាល បាន ប៉ះពាល់ ធ្ងរធ្ងរសេរីភាពសម្ដែងមតិនៅ កម្ពុជា ។ គណៈប្រតិភូសហភាពអឺរ៉ុប ដែលថ្មៗនេះបានចុះមកស៊ើបអង្កេត ករណីរំលោភបំពាន សិទិ្ធមនុស្ស នៅកម្ពុជា បាន រិះគន់ធ្ងន់ៗ ទៅលើគណបក្សប្រជាជនកម្ពុជា ថាកំពុងប្រើកណ្ដាប់ដៃបង្រា្កបមិនបង្អង់ទៅលើគណបក្សប្រឆាំង និងក្រុមអង្គការសង្គម ស៊ីវិលដោយទទូចឱ្យ បញ្ឈប់ជាបន្ទាន់ ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុក សភាអឺរ៉ុបថា ជាមនុស្សរបស់បក្សប្រឆាំង ។សូមស្ដាប់ សេចក្ដីរាយការណ៍របស់ កញ្ញា ជុំជោគជាតា ៖
សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូសហភាពអឺរ៉ុបផ្នែកសិទិ្ធមនុស្ស លើកឡើងថារយៈពេលចុងក្រោយនេះ បក្សកាន់អំណាច ដែលស្ថាប័ននេះហៅ សម្ដេចហ៊ុនសែនថា ជាមេដឹកនាំកាន់អំណាចយូរជាងគេបានប្រើអំណាច យ៉ាងខ្លាំង គាបសង្កត់ បង្ក្រាប មិនញញើត ទៅលើ ក្រុមប្រឆាំង គឺគណបក្ស សង្គ្រោះជាតិ ដឹកនាំដោយ លោកសមរង្ស៊ី និង ក្រុមអង្គការសង្គមស៊ីវិល បានធ្វើឱ្យ កំណត់ហេតុសិទ្ធិមនុស្ស របស់កម្ពុជា កាន់តែធ្ងន់ធ្ងរឡើង ។នេះបើយោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រ News Europe នៅថ្ងៃនេះ ។
សមាជិកម្នាក់នៃគណៈប្រតិភូគឺលោក Petras Auštrevičius បានថ្លែងដូចនេះថា៖ «សកម្មជនគណបក្ស CNRP កំពុងរងការគាបសង្កត់ ធ្វើទុកបុកម្នេញ បំភិតបំភ័យ ធ្ងន់ធ្ងរ ហើយរីករាល ហើយជឿថា សម្ដេច ហ៊ុន សែន និងរដ្ឋាភិបាល មិនទម្លាក់ចោល ការបំពាបំពានឡើយដែលជាការពិត តំណាងរាស្ត្របក្សប្រឆាំង២ រូបត្រូវបានវាយឱ្យរងរបួសធ្ងន់ធ្ងរហើយនោះ» ។
ជាមួយគ្នានេះដែរប្រធានគណៈប្រតិភូលោក Josef Weidenholzer ទទូចថាឱ្យបក្សទាំង២ ចាប់ផ្ដើមបន្តវប្បធម៌សន្ទនាឡើងវិញ ។
ទាក់ទងនិងរឿងនេះ លោក សុខឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានច្រានចោលចំពោះសេចក្ដីថ្លែងការណ៍មួយនេះ។ លោក បាន ប្រតិកម្ម ថា សេចក្ដីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រសហភាពអឺរ៉ុប មានជំហរលម្អៀង ទៅរកបក្សប្រឆាំង ។លោក សុខ ឥសាន បញ្ជាក់ថា រាល់ថ្ងៃបញ្ហាដែលកើតឡើងនេះ មិនមែនដោយសារការប្រព្រឹត្តរបស់គណបក្សកាន់អំណាចទេ គឺជា អំពើប្រព្រឹត្តឡើង របស់គណបក្សប្រឆាំង និងអ្នកកាន់ជើងគណបក្ស ប្រឆាំងតែប៉ុណ្ណោះ ។ លោក ទទូចឱ្យ ប្រតិភូនៃគណៈកម្មាធិការសិទិ្ធមនុស្សសហភាពអឺរ៉ុប មើលពីបញ្ហានេះឡើងវិញ គឺកុំលំអៀងទៅតែម្ខាងៗ។
ជុំវិញ សេចក្ដីថ្លែងការណ៍ របស់ប្រតិភូនៃគណៈកម្មាធិការសិទិ្ធមនុស្សសហភាពអឺរ៉ុបនេះដែរ លោក មាស នី អ្នកវិភាគបញ្ហាសង្គម បានយល់ស្រប ហើយទទួលស្គាល់ថា សេចក្ដីថ្លែងការណ៍មួយនេះ គឺ បង្ហាញពីភាពពិតជាក់ស្ដែង ដែលមិនអាចប្រកែក និងលាក់បាំងបានឡើយ។ លោក បន្ដ ថា គ្រប់ៗគ្នាដឹងហើយថា រឿងដែលបានកើតឡើងនាពេលថ្មីៗនេះ គឺ គ្មានអី្វក្រៅតែពីរឿងគណបក្សទាំងពីរ ចង់ឈ្នះចាញ់ និងចង់ដណ្ដើមប្រជាប្រិយភាពគ្នា នោះទេ។ ប៉ុន្ដែកន្លែងខ្លះ ការដណ្ដើមគ្នាចុះឡើងៗជ្រុល ទៅជាធ្វើអោយខាត គឺ ខាតមុខមាត់របស់ប្រទេសខ្លួនឯង។
សូមជម្រាបថា សហភាពអឺរ៉ុបមាន សមាជិក ២៨ ប្រទេស ។ សហគមន៍នេះ ជាម្ចាស់ប្រទេសផ្ដល់ជំនួយធំជាងគេ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ ប្រតិភូនៃគណៈកម្មាធិការសិទិ្ធមនុស្ស សហភាពអឺរ៉ុប បានអះអាងថា ការបោះឆ្នោតនៅ២០១៧និង២០១៨ គឺជាព្រឹត្តិការណ៍សំខាន់បំផុត ដែលត្រូវបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើល ដើម្បីវាយតម្លៃអំពី ដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕