en     km
en     km

អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ទទូច​​ឱ្យ​​រដ្ឋាភិបាល ​​បង្កើន​ថវិកា​លើ ​​វិស័យ​​អប់​រំ​​យ៉ាង​តិច​២០%

Share

ភ្នំពេញ ៖ ​អង្គការក្រៅរដ្ឋាភិបាល​បាន​ជុំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​លើ​វិស័យ​អប់រំ​ ២០%​ នៃ​ថវិកាជាតិ​ឬ​៤%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ។​ អង្គការក្រៅរដ្ឋាភិបាល​   ទាំងនេះ​លើក​ទ្បើ​ង​ថា​ ការ​បង្កើន​ថវិកា​ទៅ​លើ​វិស័យ​អប់រំ​ គឺ​បង្កើន​គុណភាព​អប់រំ​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ «​យុទ្ធនាការ​ស​ប្តា​ហ៍​សកម្មភាព​ ជា​សកល​សម្រាប់​ការ​អប់រំ​២០១៦​ ដោយ​ផ្តោត​ទៅ​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​វិស័យ​អប់រំ​»​នា​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។

shcool-increase20-text
សិស្សកំពុងសិក្សាក្នុងថ្នាក់រៀន។ រូបភាពពី ៖ unicefcambodia

​អង្គការក្រៅរដ្ឋាភិបាល​បាន​លើក​ទ្បើ​ង​ថា​គោលបំណង​សំខាន់​ដែល​ពួក​គេ​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃនេះ​គឺ​ក្នុង​គោលបំណង​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកាជាតិ​សម្រាប់​វិស័យ​អប់រំ​ដើម្បី​ធានា​ឱ្យ​មាន​សមភាព​ បរិ​យា​ប័ន ​(​ការ​អប់រំ​បញ្ចូល​គ្នា​)​ និង​គុណភាព​អប់រំ ​។​​

​នាយក​ប្រតិបត្តិ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​លោក​ ជិន​ ច័ន្ទ​វាសនា​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​ត្រូវ​បម្រុង​ថវិកា​ទុក​សម្រាប់​វិស័យ​អប់រំ​យ៉ាងតិច​២០%​នៃ​ថវិកាជាតិ​។​ ​លោក​ ជិន​ ច័ន្ទ​វាសនា​បន្ត​ថា​ មូលហេតុ​ដែល​អង្គការក្រៅរដ្ឋាភិបាល​ទទូច​នេះ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ទៅ​លើ​វិស័យ​អប់រំ​ដែល​ជា​វិស័យ​មួយ​រួមចំណែក​កសាង​ធនធានមនុស្ស​ និង​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​​

«​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​គឺ​ធ្វើ​ម៉េច​បម្រុង​ទុក​ថវិកា​សម្រាប់​វិស័យ​អប់រំ​នេះ​ឱ្យ​បាន​យ៉ាងតិច​បំផុត​២០%​បើសិនជា​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​ថវិកា​ឱ្យ​បាន​លើស​ពី​២០%​បាទ​ប៉ុន្តែ​សុំ​កុំឱ្យ​ទាប​ជាង​២០%​ នេះ​គឺជា​អ្វី​ដែល​យើង​មានការ​ប្តេជ្ញា​ចិត្ត​»​។​​

​ចំណែកឯ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​លើក​ឡើង​ដែរ​ថា​ការ​បង្កើន​ថវិកា​ទៅ​ដល់​វិស័យ​អប់រំ​គឺជា​យន្តការ​ដោះស្រាយ​ឱ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ ។​ ​លោក​ សន​ ជ័យ​បន្ត​ថា​ ទន្ទឹម​នឹង​ការ​បង្កើន​ថវិកា​ទៅ​ដល់​វិស័យ​អប់រំ​នេះ​ ក្រសួង​សាមី​ត្រូវ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ឱ្យ​ចំ​ខ្ទង់​នៃ​ការ​ចំណាយ​ជៀសវាង​ប្រើប្រាស់​ថវិកា​ខុស​ទិស​ដៅ​ ។​

​​លោក​ សន​ ជ័យ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​បង្កើន​ថវិកា​លើ​វិស័យ​អប់រំ​២០%​នោះ​វិស័យ​អប់រំ​នឹង​មានការ​ប្រែ​ប្រូ​ល​នៅ​ចំនុច​មួយ​ចំនួន​ដូច​ជា​៖​ «​ទី​០១​គឺ​ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ហ្នឹង​វា​អាច​មានការ​កើន​ទ្បើ​ង​ ទី​០២​ គឺ​បរិយាកាស​នៃ​ការ​រៀន​ទោះបី​សាលា​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ គ្រូ​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ប៉ុន្តែ​បរិយាកាស​រៀនសូត្រ​មិន​បាន​ល្អ​ទេ​ មិន​អាច​លើកកម្ពស់​គុណភាព​អប់រំ​បាន​នោះ​ទេ​…»​ ។​​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក​ រស់​ សាលី​ន​ បាន​ផ្តល់​សម្ភាសន៍​ជាមួយ​វិទ្យុ​ថា​នៅ​ក្នុងឆ្នាំនេះ​ក្រសួង​អប់រំ​បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​ប្រមាណ​ជា​ ១៨​ %​ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​មកនេះ​ក្រសួង​អប់រំ​ទួ​ទួល​បាន​តែ​១៦​ ទៅ​១៧%​ប៉ុណ្ណោះ​ ។​ លោក​បន្ត​ថា​ការ​បង្កើន​ថវិកា​ដល់​ក្រសួង​អប់រំ​នោះ​នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​ក្រសួង​អប់រំ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត​ ។​

«​ការ​បង្កើន​ថវិកា​នេះ​គឺ​យោង​ទៅ​លើ​លទ្ធផល​ យោង​ទៅ​លើ​សមិទ្ធិ​ផល​ដែល​ក្រសួង​អប់រំ​សម្រេច​បាន​អ​ញ្ចឹ​ង​ការ​កើន​ទ្បើ​ង​ថវិកា​នេះ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅ​ក្នុង​ការ​បង្កើន​ដោយសារ​វិស័យ​អប់រំ​នេះ​ជា​វិស័យ​អ​ទិ​ភាព​អ​ញ្ចឹ​ង​ទេ​កំណើន​ថវិកា​ប្រចាំឆ្នាំ​នេះ​អាច​ជួយ​ឱ្យ​ក្រសួង​អនុវត្ត​ការងារ​កំណែទម្រង់​របស់​ខ្លួន​កាន់តែ​ពេញលេញ​បន្ថែម​..​ »​។​​

​បើ​យោង​តាម​គោលដៅ​ទី​០៤​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចេរភាព​លើ​វិស័យ​អប់រំ​ដែល​ចេញ​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​២០១៥​កន្លង​មកនេះ​បាន​កំណត់​នៅ​គោលដៅ​មួយ​ចំនួន​ទៅ​ដល់​គ្រប់​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ត្រូវ​អនុវត្ត​មាន​ដូច​ជា​៖​ នៅ​ត្រឹម​ឆ្នាំ​២០៣០​ ធានា​ថា​ស្ត្រី​ និង​បុរស​ទាំងអស់​បាន​ទទួល​ស្មើគ្នា​នូវ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ បច្ចេកទេស​ វិ​ជ្ជ​ជា​ជីវៈ​ដែល​មានគុណ​ភាព​ នៅ​ត្រឹម​ឆ្នាំ​២០៣០​ លុប​បំបាត់​វិសមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​អប់រំ​ និង​ធានា​ថា​ការ​ទទួល​បាន​ភាព​ស្មើគ្នា​នៅ​គ្រប់​កម្រិត​អប់រំ​ និង​បណ្តុះបណ្តាល​សម្រាប់​ក្រុម​ងាយ​រង​គ្រោះ​ រួម​ទាំង​មនុស្ស​ពិការ​ជនជាតិ​ដើម​ភាគតិច​ និង​កុមារ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ជាដើម​ ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង