ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា សម្រេចប្ដឹងអ្នកវិភាគបញ្ហាសង្គម និងនយោបាយ គឺ លោក អ៊ូ វីរៈ ទៅតុលាការពីបទបរិហារកេរ្តិ៍លើបក្សកាន់អំណាចទាក់ទិនករណីលោកធ្វើអត្ថាធិប្បាយអំពីស្ថានភាពរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដោយប្ដឹងទារសំណង៤រយលានរៀល ។

យោងតាមពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា តំណាងដោយលោកសុខ ឥសាន ជាសមាជិកគណៈកម្មាធិការកណ្ដាល បានផ្សព្វផ្សាយនៅរសៀលថ្ងៃច័ន្ទ ទី ២៥ ខែមេសានេះ ដោយលើកឡើងថា លោក អ៊ូ វីរៈ បានបរិហារកេរ្ដិ៍ ជាសាធារណៈ ចំពោះគណបក្សប្រជាជនកម្ពុជា ដោយស្នើសុំឱ្យតុលាការ ចាត់ការផ្ដន្ទាទោស និងទាមទារសំណង ជាទឹកប្រាក់ បួនរយលានរៀល ។
តាមពាក្យបណ្ដឹងនេះ គឺ លោកសុខ ឥសាន បានប្ដឹងលោកអ៊ូ វីរៈ ដោយយោងលើប្រសាសន៍ របស់លោក អ៊ូ វីរៈ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៦ តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី ថាបានធ្វើការអះអាងជាសាធារណៈថា យុត្តិសាស្ដ្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមកៀបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក ហើយ ថា លោក អ៊ូ វីរៈ រិះគន់គណបក្សប្រជាជកម្ពុជា រវល់តែគិតគួរបំបាក់គូប្រកួត ប្រជែងនយោបាយ តាម របៀបនេះ និងកាន់តែធ្វើអោយបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ដ្រីក្នុងគណបក្សនេះ ក៏មិនពេញចិត្តជាមួយយន្ដការនេះដែរ ។
ពាក្យបណ្ដឹងរបស់លោក សុខ ឥសាន បន្ដទៀតថា លោក អ៊ូ វីរៈ បំភ្លៃរឿងរ៉ាវស្នេហា បុគ្គល ឯកជនលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ ថាជា យុត្តិសាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជា គឺជាចេតនាបំផ្លើស ទម្លាក់កំហុសដោយអសុទ្ធចិត្ត នាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ និងជាការបរិហារកេរ្ដិ៍ដល់គណបក្សប្រជាជនកម្ពុជា ។
បើទោះយ៉ាងនេះក្ដី វិទ្យុស្ដ្រី FM 102 បានព្យាយាមសុំការអត្ថាធិប្បាយពីលោកអ៊ូ វីរៈ ដែល ប៉ុន្ដែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ។
លោក អ៊ូ វីរៈ គឺជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិក ។ បច្ចុប្បន្ន លោក អ៊ូ វីរៈ ជាប្រធានអង្គការវេទិកាអនាគតកម្ពុជានិងជាអ្នកវិភាគបញ្ហានយោបាយនិងសង្គមកម្ពុជា ក្នុងចំណោមអ្នកវិភាគមួយចំនួនទៀត ដែលគេហៅថា ក្រុមអ្នកវិភាគឯករាជ្យ ។
ការដាក់ពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ដ្រីព្រមានប្ដឹងបុគ្គលណាដែរ បរិហារកេរ្ដិ៍ វាយប្រហារគណបក្សប្រជាជនកម្ពុជា ក្នុងកាលៈទេសៈនេះដែលមជ្ឈដ្ឋានមួយចំនួនមើលឃើញថា រឿងរ៉ាវរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និង កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ជាការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនៅកម្ពុជា ៕