en     km
en     km

បក្ស​កាន់​អំណាច​ប្ដឹង​លោក ​អ៊ូ ​វីរៈ ​ពី​បទ​បរិហារកេរ្ដិ៍តាម​ក្រមព្រហ្មទណ្ឌ​ករណី​ស្រី​មុំ​

Share

ភ្នំពេញ៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រេច​ប្ដឹង​អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ គឺ​ លោក​ អ៊ូ​ វី​រៈ​  ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​លើ​បក្ស​កាន់​អំណាច​ទាក់ទិន​ករណី​លោក​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង ​កញ្ញា​ ខុ​ម​ ចាន់តារា​ទី​ ហៅ​ស្រី​មុំ​ ដោយ​ប្ដឹង​ទារ​សំណង​៤​រយ​លាន​រៀល​ ។​

Ou-Virak-WMC
លោក​ អ៊ូ​ វី​រៈ​ ​ប្រធានអង្គការ​វេទិកា​អនាគត​កម្ពុជា​និង​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ​និង​សង្គម​កម្ពុជា

​យោង​តាម​ពាក្យបណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ តំណាង​ដោយ​លោក​សុខ​ ឥ​សាន​ ជា​សមាជិក​គណៈ​កម្មា​ធិការ​កណ្ដាល​ បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ ទី ​២៥​ ខែមេសា​នេះ​ ដោយ​លើក​ឡើង​ថា​ លោក​ អ៊ូ​ វី​រៈ​ បាន​​បរិហារកេរ្ដិ៍​ ជា​សាធារណៈ​ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ស្នើ​សុំ​ឱ្យ​តុលាការ​ ចាត់ការ​ផ្ដន្ទាទោស​ និង​​ទាមទារ​សំណង​ ជា​ទឹកប្រាក់​ បួន​រយ​លាន​រៀល​ ។​

តាម​ពាក្យបណ្ដឹង​នេះ​  គឺ​ លោក​សុខ​ ឥ​សាន​ បាន​ប្ដឹង​លោក​អ៊ូ​ វី​រៈ​ ដោយ​យោង​លើ​ប្រសាសន៍​ របស់​លោក​ អ៊ូ​ វី​រៈ​ កាលពី​ថ្ងៃ​ទី ​២៤​ ខែមេសា​ ឆ្នាំ​ ២០១៦​ តាម​រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ ថា​បាន​ធ្វើការ​អះអាង​ជា​សាធារ​ណៈ​​ថា​ យុ​ត្តិសាស្ដ្រ​របស់​​គណបក្ស​កាន់​អំណាច​​នៅ​ពេល​​នេះ​ គឺ​​ព្យាយាម​កៀប​សង្កត់​​លោក​ កឹ​ម​ សុខា​ និង​ហិ​រញ្ញ​វត្ថុ​របស់​លោក​ ហើយ​ ថា​ លោក​ អ៊ូ​ វី​រៈ​ រិះគន់​គណបក្ស​ប្រជា​ជ​កម្ពុជា​ រវល់​តែ​គិតគួរបំបាក់​គូ​ប្រកួត​ ប្រជែង​នយោបាយ​ តាម​ របៀប​នេះ​ និង​កាន់តែ​ធ្វើ​អោយ​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​មន្ដ្រី​ក្នុង​គណបក្ស​នេះ​ ក៏​មិន​ពេញចិត្ត​ជាមួយ​យន្ដការ​នេះ​ដែរ​ ។​

ពាក្យបណ្ដឹង​របស់​លោក​ សុខ​ ឥ​សាន​ បន្ដ​ទៀត​ថា​ លោក​ អ៊ូ​ វី​រៈ​ បំភ្លៃ​រឿងរ៉ាវ​ស្នេហា​ បុគ្គល​ ឯកជន​លោក​ កឹ​ម​ សុខា​ និង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ថា​ជា​ យុត្តិសាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​ចេតនា​បំផ្លើស​ ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ កិត្តិ​ស័ព្ទ​ និង​ជា​ការ​បរិហារកេរ្ដិ៍​ដល់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ។

​បើ​ទោះ​យ៉ាងនេះ​ក្ដី​ វិទ្យុ​ស្ដ្រី​ FM 102​ បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​អ៊ូ​ វី​រៈ​  ដែល​ ប៉ុន្ដែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​ ។​

លោក​ អ៊ូ​ វី​រៈ​ គឺជា​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ ។​ បច្ចុប្បន្ន​ លោក​ អ៊ូ​ វី​រៈ​ ជា​ប្រធានអង្គការ​វេទិកា​អនាគត​កម្ពុជា​និង​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ​និង​សង្គម​កម្ពុជា​ ក្នុង​ចំណោម​អ្នកវិភាគ​មួយ​ចំនួន​ទៀត​ ដែល​គេ​ហៅ​ថា​ ក្រុម​អ្នក​វិភាគ​​ឯករាជ្យ ​។​

​ការ​ដាក់​ពាក្យបណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ភ្លាមៗ​នេះ​  ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ព្រមាន​​ប្ដឹង​​បុគ្គល​ណា​ដែរ​ បរិហារកេរ្ដិ៍​ វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​កាលៈទេសៈ​នេះ​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​មើលឃើញ​ថា​ រឿងរ៉ាវ​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ ​ស្រី​មុំ​ ជា​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ៕

Share

ព័ត៌មានទាក់ទង

Image