ក្រុមអ្នកមានបញ្ហាដីធ្លីនិងកម្មកររោងចក្រនឹងក្លាយជាជនរងគ្រោះជាងគេប្រសិនបើច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាលត្រូវបានរដ្ឋសភាអនុម័តដោយសារតែច្បាប់នេះនឹងរឹតត្បិតសេរីភាពក្រុមអ្នកការពារផលប្រយោជន៍ដល់ជនរងគ្រោះដីធ្លីនិងកម្មកររោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រុមអង្គការសង្គមស៊ីវិលនិងក្រុមពលរដ្ឋមានទំនាស់ដីធ្លីនៅព្រឹកថ្ងៃទី៣០ខែមិថុនានេះខណៈដែលពួកគេចេញតវ៉ាសារជាថ្មីម្តងទៀត។
«ក្រុមសហគមន៍បឹងកកនិងក្រុមសហគមន៍រងគ្រោះដីធ្លីដទៃទៀតនឹងក្លាយជាជនរងគ្រោះកាន់តែខ្លាំង បើរដ្ឋសភាអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល»។ នេះជាការបញ្ជាក់ពីតំណាងសហគមន៍បឹងកកនិងជាជនរងគ្រោះដីធ្លីអ្នកស្រីទេព វណ្ណី នៅក្នុងយុទ្ធិនាការប្រឆំាងការអនុម័តច្បាប់NGOsនាថ្ងៃទី ៣០ មិថុនានេះ។
ចំណែកឯលោក អាត ធនប្រធានសហភាពសហជីពកម្ពុជាបានឲ្យដឹងនៅមុខរដ្ឋសភាជាតិពីព្រឹកមិញថាប្រសិនបើច្បាប់ស្តីពីសហជីព សមាគមនិងអង្គការក្រៅរដ្ឋាភិបាលត្រូវបានរដ្ឋសភាអនុម័តមែននោះកម្មកររោងចក្រនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជានឹងទទួលរងការរឹតត្បឹតសេរីភាព និងសិទ្ធិទាមទារអត្ថប្រយោជន៍ផ្សេងៗពីព្រោះក្រុមសហជីពដែលការពារកម្មករត្រូវបានច្បាប់នេះរឹតត្បឹត។
ផ្ទុយទៅវិញ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផានបានឆ្លើយតបថា៖«ច្បាប់នេះមានបំណងជួយសម្រួលការងាររបស់យុវជន សមាគមនិងអង្គការសង្គមស៊ីវិល ព្រមទំាងការពារអង្គការដែលមានបំណងធ្វើភារវកម្ម។ ច្បាប់នេះមិនបានបិទសិទ្ធិសេរីភាពក្រុមណាមួយនោះទេតែច្បាប់នេះនឹងងាយស្រួលឲ្យអាជ្ញាធរធ្វើកិច្ចសហការណ៍ជាមួយពួកគេទៅវិញទេ»។
ក្នុងអំឡុងពេលដែលរដ្ឋសភាកំពុងតែពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូតទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ឆ្នាំ២០១៣ម្សិលមិញនោះ លោក សម រង្ស៊ីបានឆ្លៀតដើរទៅជជែកជាមួយលោកហ៊ុន សែនស្ងាត់ៗអំពីការព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាលជុំវិញសេចក្តីព្រាងច្បាប់សមាគម និងអង្គការសង្គមស៊ីវិលដែលរដ្ឋសភាគ្រោងនឹងអនុម័តនាពេលឆាប់ៗខាងមុខនេះ។ លោកសម រង្ស៊ីបាននាំសម្តីលោកហ៊ុន សែនប្រាប់ទៅអ្នកកាសែតក្រោយកិច្ចប្រជុំសភាថាលោក ហ៊ុន សែនស្នើឲ្យអង្គការសង្គមស៊ីវិលកុំព្រួយបារម្ភចំពោះច្បាប់នោះខ្លាំងពេក។
គួររំឭកផងដែរថាសេចក្តីព្រាងច្បាប់ចុងក្រោយស្តីពី អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមមាន៩ជំពូកនិង៣៩មាត្រាហើយត្រូវបានរដ្ឋាភិបាលអនុម័តនៅថ្ងៃទី៥ ខែមិថុនាកន្លងមកថ្មីៗនេះ។ ច្បាប់នេះដែរត្រូវបានទៅដល់ដៃរដ្ឋសភាជាតិកាលពីថ្ងៃទី១៦ ខែមិថុនាក្រោយពីបានលុបចោលចំនួន២មាត្រា និងកែសម្រួល២មាត្រា(មាត្រានេះចែងពីការដាក់កំហិតលើការចំណាយថវិការដ្ឋបាលរបស់អង្គការ សមាគម និងនីតិវិធីនៃការចុះបញ្ជីរបស់អង្គការអន្តរជាតិ) ដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥៕