en     km
en     km

មន្ដ្រី​​គ​.​ជ​.​ប​ ​ថា​​ NDI​ ​មាន​​បំណង​​ផ្ដល់​​ជំនួយ​​បច្ចេក​ទេស​​អប់រំ​​ដល់​​អ្នក​បោះឆ្នោត​

Share

​ភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI​ មាន​បំណង​ផ្ដល់​ជំនួយ​បច្ចេកទេស​អប់រំ​ និង​ដាក់​ពង្រាយ​អ្នករាយការណ៍​បោះ​ឆ្នោត​ តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ​.​ជ​.​ប​ នៅ​ រដូវ​កាល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ខាង​មុខ​ ។​ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ រវាង​ម​ន្រី្ត​គ​.​ជ​.​ប​ និង​និង​ មន្ត្រី​ NDI​ នៅ​ឯ​ទីស្នាក់ការ​គ​.​ជ​.​ប​ ព្រឹក​មិ​ញ​នេះ​ ។​ ​កញ្ញា​ ជុំ​ ជោគ​ជាតា​មាន​សេចក្ដីរាយការណ៍​៖

 

khorn-mono-text
​លោក​ ខន​ កែវ​មនោ​ អ្នកនាំពាក្យ​ស្ដីទី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ​.​ជ​.​ប

​លោក​ ខន​ កែវ​មនោ​ អ្នកនាំពាក្យ​ស្ដីទី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ​.​ជ​.​ប​ បានឱ្យ​ដឹង​ក្រោយ​ពី​បញ្ចប់​ជំនួប​ពិភាក្សា​រវាង​គ​.​ជ​.​ប​ និង​NDI​ ថា​គ​.​ជ​.​ប​ បាន​ដាក់​សំណើ​ដោយ​សុំ​ឱ្យ​ភាគី​ NDI​ ជួយ​ផ្ដល់​ជា​សំភារៈ​អប់រំ​ដល់​អ្នកបោះឆ្នោត​ និង​ជួយ​ពង្រាយ​អ្នក​សង្កេតការណ៍​ អោយ​សមាមាត្រ​គ្នា​ទៅ​នឹង​ចំនួន​ការ​រិ​យា​ល័យ​បោះ​ឆ្នោត​ដែល​នឹង​ត្រូវ​រៀបចំ​បង្កើត​នៅ​ពេល​ខាង​មុខ​ ។​

​នេះ​ជា​ជំនួប​លើក​ទី​ពីរ​ ដែល​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI​ បាន​ជួប​ពិភាក្សា​ជាមួយ​គ​.​ជ​.​ប​ ដោយ​ ក្នុង​ជំនួប​ពិភាក្សា​លើក​នេះ​ គឺ​ដើម្បី​ស្វែង​យល់​ ពី​ ការ​វិវត្តន៍​នៃ​ការ​រៀបចំ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ។​
​អ្នកនាំពាក្យ​ស្តីទី​ គ​.​ជ​.​ប​ បន្ត​ថាបើ​មាន​ជំនួយ​ក្នុង​ពេល​បោះ​ឆ្នោត​ គឺជា​ការ​ចាំបាច់​ដែល​ធ្វើ​ឱ្យ​ ដំណើរ​រៀបចំ​ការ​បោះ​ឆ្នោត​កាន់តែ​ប្រសើរ​ ។​

​លោក​ ខន​ កែវ​មនោ​ ថា​ ៖​ «​ដំណាក់កាល​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ យើង​ដឹង​ហើយ​ វា​មានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ការ​ចុះបញ្ជី​បេក្ខជន​ ការ​ឃោសនាបោះឆ្នោត​ និង​ការ​បោះ​ឆ្នោត​ ចឹ​ង​វា​មាន​បួន​ដំណាក់កាល​ហ្នឹង​ …​ មើល​គ្រប់​ដំណាក់កាល​ទាំងអស់​។​ ហើយ​គ​.​ជ​.​ប​ ក៏​សុំ​ឱ្យធ្វើ​យ៉ាងណា​ NDI​ ជួយ​អប់រំ​ប្រជាពលរដ្ឋ​អោយ​បាន​ទូលំទូលាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ សុំ​ឱ្យ​គាត់​ចូលរួម​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ និង​ជួយ​ជា​បោះពុម្ព​សំភារៈ​អប់រំ​ហ្នឹង​ឱ្យ​បាន​ច្រើន​ទៅ​ ពីព្រោះ​ទាំង​អស់នេះ​  វា​ពាក់ព័ន្ធ​ ថវិការ​ ពីព្រោះ​ថវិការ​គ​.​ជ​.​ប​ មាន​កំរិត​ ចឹ​ង​សុំ​ឱ្យ​គាត់​ចូលរួម​ទៅ​ឱ្យ​បាន​ទូលំទូលាយ​ ធ្វើ​យ៉ាងណា​អោយ​ការ​បោះ​ឆ្នោត​ហ្នឹង​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ ហើយ​មានការ​ទទួលស្គាល់​ពី​គ្រប់​ភាគីទាំងអស់​»​ ។​

​ជុំវិញ​រឿង​នេះ​  លោក​ Peter​ Manikas​ នាយក​កម្មវិធី​ NDI​ ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាសន៍​ដែល​បាន​ចូលរួម​ប្រជុំ​ដែរ​នោះ​មាន​ប្រសាសន៍​ថា​ គោលបំណង​ផ្ដល់​ជំនួយ​ដល់​ដំណើ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ នៅ​រដូវ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​២០១៧​ខាង​មុខ​ គឺ​ទៅ​តាម​អ្វី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ស្នើ​សុំ​ ។​

​លោក​ Peter​ Manikas​  ថ្លែង​តាម​រយៈ​អ្នកបកប្រែ​ថា​ ៖​ «​ថា​ លទ្ធផល​ គឺជា​ វិជ្ជមាន​ មាន​ន័យ​ថា​  ដូច​ស្ដែង​ចឹ​ង​ ថា​យើង​រីករាយ​ហ្នឹង​ធ្វើការ​សហការ​គ្នា​ ជាមួយ​និង​គណ​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ពិសេស​ គឺ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧»​ ។​

​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​NDI​ជា​ស្ថាប័ន​មួយ​របស់​អា​មេ​រិ​ក​ដែល​មាន​គោលដៅ​ជួយ​ពង្រឹង​ ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ហើយ​សំដៅ​ ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ប្រកបដោយ​ភាព​សេរី​ ត្រឹមត្រូវ​ និង​តម្លាភាព​។​

​គួរ​ឱ្យ​កត់សម្គាល់​ដែរ​ ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ សហគមន៍​អន្ដរជាតិ​ ចាប់ផ្ដើម​ផ្ដល់​ជំនួយ​និង​សហប្រតិបត្តិការ​ទូលំទូលាយ​ ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​កែទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់​ថា​ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្សកាន់អំណាច​ មិន​ឯករាជ្យ​ និង​អ​ព្យា​ ក្រឹត្យ​នោះ​ ៕

Share

ព័ត៌មានទាក់ទង

Image