ភ្នំពេញ៖ សហគមន៍ព្រៃឈើនៅថ្ងៃទី ២៥ ខែមេសានេះ បានទទូចឱ្យក្រសួងពាក់ព័ន្ធដាក់តំបន់ព្រៃឈើទាំង ០៥ តំបន់ជាព្រៃការពារ ហើយជំរុញឱ្យក្រសួងពិចារណាច្នៃតំបន់ព្រៃមួយចំនួនជាតំបន់អេកូទេសចរណ៍ ។ ការស្នើនេះធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំដាក់តំបន់ព្រៃទាំង ០៥ ជាតំបន់ព្រៃការពារ ។ ជាការឆ្លើយតបមន្ត្រីរដ្ឋាភិបាលថានឹងពិចារណាចំណុចនេះ ក្រោយសម្រេចដាក់តំបន់ព្រៃទាំងប្រាំជាតំបន់ព្រៃការពារ ។
លោក ជា សុខហឿន សមាជិកសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លើកឡើងថា នៅក្នុងព្រៃឡង់មានកន្លែងធម្មជាតិស្រស់ស្អាតជាច្រើនដូចជា ទឹកធ្លាក់អូរឡង់ខាងលើ និង ព្រៃធម្មជាតិអូរឡង់ ព្រមទាំងសត្វព្រៃច្រើនប្រភេទរស់នៅជាដើម ដែលនេះជាសក្តានុពលមួយអាចទាក់ទាញភ្លៀវទេសចរណ៍មកកម្សាន្តបាន ។
លោក ជា សុខហឿន បន្តថា សហគមន៍ព្រៃឡង់មានបំណងចង់ឱ្យរដ្ឋាភិបាលអភិរក្ស និង អភិវឌ្ឍតំបន់ព្រៃទាំងនោះជាតំបន់អេកូទេសចរណ៍ធម្មជាតិយូរណាស់មកហើយ ព្រោះប្រជាសហគមនឹងរកប្រាក់ចំណូលបានពីវិស័យមួយនេះ តាមរយៈរកអនុផលព្រៃឈើ នាំភ្ញៀវទេសដើរកំសាន្ត និងច្នៃវត្ថុអនុស្សាវរីសម្រាប់លក់ជូនភ្ញៀវទេសចរ ។
ជាសមាជិកសហគមន៍ព្រៃឈើខេត្តព្រះវិហារ អ្នកស្រី ភោគ ហុង និយាយថា សព្វថ្ងៃជីវភាពប្រជាសហគមគឺពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ ។ លោកស្រីថា ការច្នៃតំបន់ព្រៃជាតំបន់អេកូទេសចរណ៍បែបនេះ គឺប្រជាសហគមន៍នឹងបញ្ឍប់ការកាប់បំផ្លាញព្រៃឈើ និង បែរខិតខំថែរក្សាព្រៃឈើឡើងវិញ ដើម្បីរក្សាសត្វព្រៃ និងអនុផលព្រៃឈើ ក្នុងគោលបំនងទាក់ទងភ្ញៀវទេសចរណ៍មកកំសាន្ត។
ទាក់ទងក្នុងរឿងនេះ លោក ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និយាយថា នៅពេលដែលក្រសួងបរិស្ថាននិងក្រសួងកសិកម្មកំណត់ដាក់តំបន់ព្រៃឈើទាំងប្រាំ ជាតំបន់ព្រៃកាពាររួមរួលហើយ នោះក្រសួងនឹងសិក្សាពីសក្តានុពលនៃទីតាំងនិមួយៗ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះជាតំបន់អេកូទេសចរណ៍ ។
ចំណែកលោក តឹក វណ្ណរ៉ា នាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) ថ្លែងក្នុងពីធិនេះដែរថា ដើម្បីលើកទឹកចិត្តដល់ប្រជាសហគមន៍ចូលរួមអភិរក្សការពារព្រៃឈើ គឺរដ្ឋាភិបាលនិងដៃគូរអភិវឌ្ឍគួរផ្តល់ជំនាញបច្ចេកទេសច្នៃផលិតផលធម្មជាតិដល់សហគមន៍ ដើម្បីឱ្យពួកគេច្នៃអនុផលទាំងនោះលក់មកកាន់ទីផ្សារ ។
មួយវិញទៀត លោក តឹក វណ្ណរ៉ា យល់ថា ការដាក់បញ្ចូលតំបន់ដែលមានសក្តានុពលទេសចរណ៍ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ក៏ជាជំរើសមួយល្អប្រសើរផងដែរ សម្រាប់លើកស្ទួយជីវភាពប្រជាសហគម ហើយប្រជាសហគមនឹងអភិរក្សព្រៃឈើដោយខ្លួនឯង។
សូមបញ្ជាក់ថា តំបន់ព្រៃការពារទាំងប្រាំ ដែលក្រសួងកំពុងបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនេះ រួមមាន ព្រៃឡង់, ព្រៃក្រវាញខាងត្បូង, ព្រៃព្រះរកា, ព្រៃសៀមប៉ាងខាងលិច, និងព្រៃវ៉ឺនសៃ ។ តាមការឱ្យដឹងពីលោក ចាយ សាមិត្ត បញ្ជាក់ថា ព្រៃទាំងប្រាំដែលគ្រោងដាក់ជាព្រៃការពារមានប្រមាណ ១ លានហិកតា ៕