en     km
en     km

សហគមន៍​ព្រៃឈើ​ ទទូច​ឱ្យ​ក្រ​សួងដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​

Share

ភ្នំពេញ​៖​ សហគមន៍​ព្រៃឈើ​នៅ​ថ្ងៃ​ទី​ ២៥​ ខែមេសា​នេះ​ បាន​ទទូច​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ដាក់​តំបន់​ព្រៃឈើ​ទាំង​ ០៥​ តំបន់​ជា​ព្រៃ​ការពារ​ ហើយ​ជំរុញ​ឱ្យ​ក្រសួង​ពិចារណា​ច្នៃ​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​អេកូ​ទេស​ចរ​ណ៍​ ។​ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្តី​ពី​ការ​រៀបចំ​ដាក់​តំបន់​ព្រៃ​ទាំ​ង​ ០៥​ ជា​តំបន់​ព្រៃ​ការពារ​ ។​ ជា​ការ​ឆ្លើយ​តប​មន្ត្រី​រដ្ឋាភិបាល​ថា​នឹង​ពិចារណា​ចំណុច​នេះ​ ក្រោយ​សម្រេច​ដាក់​តំបន់​ព្រៃ​ទាំង​ប្រាំ​ជា​តំបន់​ព្រៃ​ការពារ​ ។​           ​

Prey-Lang-WMC
​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្តី​ពី​ការ​រៀបចំ​ដាក់​តំបន់​ព្រៃ​ទាំ​ង​ ០៥​ ជា​តំបន់​ព្រៃ​ការពារ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦ ​

លោក​ ជា​ សុខ​ហឿ​ន​ សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្តស្ទឹងត្រែង​ លើក​ឡើង​ថា​ នៅ​ក្នុង​ព្រៃ​ឡង់​មាន​កន្លែង​ធម្ម​ជាតិ​​ស្រស់​ស្អាត​ជា​ច្រើន​ដូច​ជា​ ទឹកធ្លាក់​អូរ​ឡង់​ខាងលើ​ និង​ ព្រៃ​ធម្មជាតិ​អូរ​ឡង់​ ព្រមទាំង​សត្វព្រៃ​ច្រើន​ប្រភេទ​រស់​នៅ​ជាដើម​ ដែល​នេះ​ជា​សក្តានុពល​មួយ​អាច​ទាក់ទាញ​ភ្លៀវ​ទេសចរណ៍​មក​កម្សាន្ត​បាន​ ។​

​លោក​ ជា​ សុខ​ហឿ​ន​ បន្ត​ថា​ សហគមន៍​ព្រៃ​ឡង់​មាន​បំណង​ចង់ឱ្យ​រដ្ឋាភិបាល​អភិរក្ស​ និង​ អភិវឌ្ឍ​តំបន់​ព្រៃ​ទាំង​នោះ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​យូរណាស់​មក​ហើយ​ ព្រោះ​ប្រជា​សហ​គម​នឹង​រក​ប្រាក់​ចំណូល​បាន​ពី​វិស័​យ​​មួយ​នេះ​ តាម​រយៈ​រក​អនុ​ផល​ព្រៃឈើ​ នាំ​ភ្ញៀវ​ទេស​ដើរ​កំសាន្ត​ និង​ច្នៃ​វត្ថុ​អនុ​ស្សាវ​រី​សម្រាប់​លក់​ជូន​ភ្ញៀវ​ទេស​ចរ​ ។​

លោក​ ជា​ សុខ​ហឿ​ន​ ៖​ «​បើសិនជា​ដាក់​តំបន់​ហ្នឹង​ជា​តំបន់​ព្រៃ​ការពារ​ ហើយ​រៀបចំ​ឱ្យ​មាន​អេកូ​ទេសចរណ៍​ គឺ​បាន​​ទាំង​ពីរ​ ព្រោះ​គាត់​យក​ផលិតផល​ដែល​គាត់​រក​ហ្នឹង​ ដូច​ជា​កន្ត្រក់​យក​មក​លក់​ឱ្យ​អ្នក​ទេសចរណ៍​ ខ្ញុំ​គិត​ថា​វា​​ជា​​ប្រយោជន៍​មួយ​សំខាន់​មួយ​សម្រាប់​ពួ​កគាត់​ឱ្យ​គាត់​មានមុខ​របប​»​។​

ជា​សមាជិក​សហគមន៍​ព្រៃឈើ​ខេត្តព្រះវិហារ​ អ្នកស្រី​ ភោគ​ ហុង​ និយាយ​ថា​ សព្វថ្ងៃ​ជីវភាព​ប្រជា​សហ​គម​គឺ​ពឹង​ផ្អែក​លើ​ការ​ប្រមូល​អនុ​ផល​ព្រៃឈើ​ ។​ លោកស្រី​ថា​ ការ​ច្នៃ​តំបន់​ព្រៃ​ជា​តំបន់​អេកូ​ទេសចរណ៍​បែប​នេះ​ គឺ​ប្រជា​សហ​គមន៍​នឹង​ប​ញ្ឍ​ប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ បែរ​ខិតខំ​ថែរក្សា​ព្រៃឈើ​ឡើង​វិញ​ ដើម្បី​រក្សា​សត្វព្រៃ​ និង​អនុ​ផ​ល​​ព្រៃឈើ​ ក្នុង​គោលបំនង​ទាក់ទង​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​។​

​អ្នកស្រី​ ភោគ​ ហុង​ ៖​ «​ប្រសិនបើ​ព្រៃរបស់​យើង​សល់​គង់វង្ស​ មានការ​ចូលរួម​ មានការ​ការពារ​ និង​ការ​សហការ​ល្អ​គាំទ្រ​ពី​រដ្ឋាភិបាល​ មានការ​លើកទឹកចិត្ត​ជាដើម​នោះ​  អ៊ី​ញ្ចឹ​ង​យើង​មានការ​សង្ឃឹមថា​ បាន​ព្រៃ​ឡង់​នោះ​គង់វង្ស​ ហើ​យ​មួយទៀត​ការ​ដកហូត​អនុ​ផល​វិញ​ ខ្ញុំ​រស់នៅ​ទីនោះ​តែង​ដកហូត​អនុ​ផល​ផ្ទាល់​ ដូច​ជា​រក​ផ្តៅ​ រក​វ​ល្លឹ​ ដង​ជ័រ​ ដើម្បី​រក​ប្រាប់​ចំនូល​របស់​គ្រួសារ​ និង​ផ្គត់ផ្គង់​ការ​សិក្សា​រៀនសូត្រ​ផង​ដែរ​»​។​

ទាក់ទង​ក្នុង​រឿង​នេះ​ លោក​ ចាយ​ សា​មិត្ត​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ធម្ម​ជាតិ​ និយាយ​ថា​ នៅ​ពេល​ដែល​ក្រសួងបរិស្ថាន​និង​ក្រសួងកសិកម្ម​កំណត់​ដាក់​តំបន់​ព្រៃឈើ​ទាំង​ប្រាំ​ ជា​តំបន់​ព្រៃ​​កា​ពារ​រួម​រួល​ហើយ​ នោះ​ក្រសួង​នឹង​សិក្សា​ពី​សក្តានុពល​នៃ​ទីតាំង​និ​មួយៗ​ ដើម្បី​អភិវឌ្ឍ​តំបន់​ទាំងនោះ​ជា​តំបន់​​អេកូ​ទេសចរណ៍​ ។

«យើង​ត្រូវ​សិក្សា​អំពី​សក្តានុពល​ ទាំង​ផ្នែក​ធម្មជាតិ​ ទាំង​ផ្នែក​ជីវសាស្ត្រ​ ទាំង​ផ្នែក​រូប​សា​ស្ត្រ​ និង​ផ្នែក​វប្បធម៌​និង​ផ្នែក​ជនជាតិ​ផល​ដែរ​ ។​ អ៊ី​ញ្ចឹ​ង​!​ វិស័យ​អេកូ​ទេសចរណ៍​យើង​នឹង​កំណត់ពេល​ក្រោយ​ត​ទៅ​​​ទៀត​ ប៉ុន្តែ​ជា​គោលដៅ​សំខាន់​យើង​អភិរក្ស​តំបន់​ទាំង​ហ្នឹង​ជា​តំបន់​ធម្មជាតិ​ សម្រាប់​ប្រទេស​ជាតិ​ សម្រាប់​តំបន់​ សម្រាប់​ពិភពលោក​»។​

ចំណែក​លោក​ តឹក​ វណ្ណ​រ៉ា​ នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ (NGO​ Forum)​ ថ្លែង​ក្នុង​​ពី​ធិ​នេះ​ដែរ​ថា​ ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ចូលរួម​អភិរក្ស​ការពារ​ព្រៃឈើ​ គឺ​រដ្ឋាភិបាល​និង​ដៃគូរ​អភិ​វឌ្ឍ​គួរ​ផ្តល់​ជំនាញ​បច្ចេកទេស​ច្នៃ​ផលិតផល​ធម្មជាតិ​ដល់​សហគមន៍​ ដើម្បី​ឱ្យ​ពួក​គេ​ច្នៃ​អនុ​ផល​ទាំងនោះ​លក់​​មក​កាន់​ទីផ្សារ​ ។​

មួយវិញទៀត​ លោក​ តឹក​ វណ្ណ​រ៉ា​ យល់​ថា​ ការ​ដាក់​បញ្ចូល​តំបន់​ដែល​មាន​សក្តានុពល​ទេសចរណ៍​ ជា​តំបន់​អេកូ​ទេ​សចរណ៍ធម្មជាតិ​ ក៏​ជា​ជំរើស​មួយ​ល្អ​ប្រសើរ​ផង​ដែរ​ សម្រាប់​លើក​ស្ទួយ​ជីវភាព​ប្រជា​សហ​គម​ ហើយ​ប្រជា​សហ​​​​គម​នឹង​អភិរក្ស​ព្រៃឈើ​ដោយ​ខ្លួនឯង​។​

«​បើ​រដ្ឋ​លើកកម្ពស់​ទាក់ទង​ផលិតផល​ដែល​ផលិត​ចេញពី​អនុ​ផល​ព្រៃឈើ​ហ្នឹង​ ហើយ​កាល​ណា​​ផលិតផល​ អនុ​ផល​ព្រៃឈើ​មាន​តម្លៃ​សម​ស្រប​ធ្វើ​ឱ្យ​ជីវភាព​របស់​គាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង​ គាត់​នឹង​មាន​ទឹក​ចិត្ត​កាន់តែ​ចូល​រួម​ក្នុង​ការ​ថែរក្សា​ធនធាន​ព្រៃឈើ​ ។​ ហើយ​ជំរើស​ល្អ​មួយទៀត​គួរតែ​ត្រួតពិនិត្យ​ឱ្យ​បាន​ជា​ក់​លា​ក់​ ហើយ​ភ្ជាប់​ភ្ញៀវ​​ទេសចរណ៍​ពី​តំបន់​ទីក្រុង​ទៅ​កាន់​តំបន់​ដែល​មាន​ធនធានធម្មជាតិ​ ដើម្បី​ប្រែក្លាយ​តំបន់​ធន​ធាន​ព្រៃឈើ​ដែល​មាន​សក្តានុពល​ជា​តំបន់​អេកូ​ស​ទេសចរណ៍​»​។​

​សូម​បញ្ជាក់​ថា​ តំបន់​ព្រៃ​ការពារ​ទាំង​ប្រាំ​ ដែល​ក្រសួង​កំពុង​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​នេះ​ រួម​មាន​ ព្រៃ​ឡង់​,​ ព្រៃ​ក្រវាញ​ខាងត្បូង​,​ ព្រៃ​ព្រះ​រកា​,​ ព្រៃ​សៀម​ប៉ា​ង​ខាងលិច​,​ និង​ព្រៃ​វ៉ឺ​ន​សៃ​ ។​ តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ចាយ​ សា​មិត្ត​ បញ្ជាក់​ថា​ ព្រៃ​ទាំង​ប្រាំ​ដែល​គ្រោង​ដាក់​ជា​ព្រៃ​ការពារ​មាន​ប្រមាណ​ ១​ លាន​ហិ​កតា​ ៕​

Share

Image
Image
Image