ភ្នំពេញ ៖ នៅដំណាក់កាលចុងក្រោយនេះ កម្ពុជាបានដើរលើផ្លូវមួយដែលក្រុមអ្នកវិភាគសម្តែងការព្រួយបារម្ភថា ការបែកបាកសាមគ្គីក្នុងក្របខណ្ឌនយោបាយកម្ពុជា មានលក្ខណៈដូចទៅនិងអតីតកាល ។ ក្រុមអ្នកវិភាគលើកឡើងបែបនេះ បន្ទាប់ពីតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និងករណីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន លោក ស៊ាង ចែត ប្រធានក្រុមប្រឹក្សាឃុំស្រុកកំកំពង់សៀម ខេត្ដកំពង់ចាមមកពីគណបក្សសមរង្ស៊ី ក្នុងករណីកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ កាលពីថ្ងៃទី ២៤ មេសា ។
ក្រុមអ្នកវិភាគលើកឡើងប្រហាក់ប្រហែលគ្នាថា ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងដាំក្បាលចុះ ក្នុងដំណាក់កាលចុងក្រោយនេះ ។ តែមន្ត្រីរដ្ឋាភិបាលបដិសេធការលើកឡើងនេះព្រោះថាខុសពីការពិត នៃសង្គមកម្ពុជា ។ លោក ធូ វិរៈ ជូនសេចក្ដីរាយការណ៍៖
កម្ពុជា បានឆ្លងកាត់ការបែកបាក់ សង្គម មានជាច្រើនជំនាន់មកហើយ គឺរាប់ទាំងសម័យសង្គមរាស្ត្រនិយមរបបសេនាប្រមុខ លន់ នល់ នៃសាធារណរដ្ឋខ្មែរ សម័យនៃកម្ពុជាប្រជាធិបតេយ្យ សម័យរដ្ឋកម្ពុជា ។ ការបែក ការឯកភាពជាតិនេះ បណ្ដាលឱ្យមានចលនាតស៊ូទាំងអហិង្សា និងហិង្សា ហើយ ដើមចម ច្រើនតែ អ្នកខ្លាំងគាបសង្កត់អ្នកទន់ខ្សោយ គឺគាបសង្កត់ទាំងស្មារតី និងសកម្មភាព ។
ចុះចំណែកសង្គមបច្ចុប្បន្ន នេះ អាចទៅរកសម័យកាលទាំងនេះបានទេ គឺចំលើយ គ្រាន់តែថាគ្មានការទស្សទាយបានឡើយ ។ ក្រុមអ្នកវិភាគ ដែលវិទ្យុស្ត្រីបានសុំសម្ភាសន៍ ពួកគាត់មានទស្សនៈ ប្រហាក់ប្រហែលគ្នាដោយមានការព្រួយបារម្ភ ពីអនាគតកម្ពុជាបើ អ្នកនយោបាយ មិនមានការយោគយល់គ្នា អនុគ្រោះគ្នា ឋានៈកម្ពុជាស្ថិតនៅជារដ្ឋប្រកាន់ប្រជាធិបតេយ្យ និង នីតិរដ្ឋមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា ស្ថានការនយោបាយចុងក្រោយនេះ បានធ្វើឲ្យតម្លៃនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងស្ថាប័នកំពូលរបស់រដ្ឋស្ទើតែស្លាប់ទៅហើយ ។
ដូចគ្នានេះដែរ លោក ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងប្រជាធិបតេយ្យ យល់ឃើញថាស្ថានការនយោបាយចុងក្រោយនេះ បានទាញ់ទម្លាក់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដាំក្បាលចុះគួឲ្យព្រួយបារម្ភ ។
ចំណែកលោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនិយោបាយ បានលើកឡើងថាដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាបានដើរផ្ទុយទៅនិងគោលការនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅលើសកលលោកដែលគេកំពុងតែអនុវត្តន៍ ។ លោក បានហៅការដឹកនាំប្រទេសកម្ពុជាហាក់បីដូចជាមានលក្ខណៈពាក់កណ្តាលសេរី និងពាក់កណ្តាលផ្តាច់ការ ។
តែបែបនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បាននិយាយថា ការលើកឡើងរបស់ក្រុមអ្នកវិភាគខុសពីការពិត ។ លោកថា ប្រទេសកម្ពុជាប្រកាន់ភ្ជាប់ប្រជាធិបតេយ្យសេរីពហុបក្ស ពិតប្រាកដ ។
លោក សុខ ឥសាន និយាយថា «អ្នកវិភាគនិយាយទៅតាមការយល់ដឹងរបស់គាត់ តាមកាតយល់ឃើញរបស់គាត់ជាអន្តោម័តរបស់គាត់ វាមិនត្រឹមត្រូវ បច្ចុប្បន្នមានការតស៊ូមតិរវាងគ្នា និងគ្នា ការប្រកួតប្រជែងរវាងគណបក្ស និងគណបក្ស អាហ្នឹងហើយជាដំណើរការ ប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ» ។
កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីអង្គភាពប្រឆាំងំអពើពុករលួយ ចាប់ខ្លួន មេឃុំម្នាក់មកពីបក្សប្រឆាំង ដោយសារកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំឆ្លើយដាក់ ថា ប្រគល់ប្រាក់ឱ្យ៥០០ដុល្លារអាមេរិក ជាប្រាក់របស់លោក កឹម សុខា ហើយ បានប្រាប់នាងថាកុំឱ្យនិយាយការពិតប្រាប់តុលាការ គណបក្សប្រឆាំងបានថ្កោលទោស ជាខ្លាំង ហើយចាត់ទុកថាមានចរឹតដូចរបបខ្មែរក្រហម ៕