ក្រុមអ្នកវិភាគដែល វិទ្សុស្ត្រី FM102 សុំសម្ភាសន៍ពួកគាត់ បានថ្លែងថា ពួកគាត់នៅតែបន្តសម្តែងមតិអំពីបញ្ហានយោបាយ និងសង្គមនៅកម្ពុជាទោះជាសហជីវិន របស់លោកម្នាក់ គឺលោក អ៊ូ វិរៈ ប្រឈមមុខការប្ដឹង ដោយគណបក្សកាន់អំណាច ទៅតុលាការក៍ដោយ ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលគាំទ្រចំពោះអ្នកវិភាគសម្តែងមតិ តែកុំឲ្យបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ។ ពួកគាត់ថាយោងតាមរដ្ឋធម្មនុញ្ញ គឺគេមិនអាច ចោទប្រកាន់ប្រឆាំងលើការបញ្ចេញមតិនោះទេ ។ លោក ធូ វិរៈ លម្អិតព័ត៌មាននេះ ៖

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថាលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគសង្គមម្នាក់ ត្រូវបានពិចារណាប្ដឹងឡើងតុលាការ ដោយសារអ្នកវិភាគរូបនេះ មួលបង្កាច់កេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជាថា ជាអ្នករៀបចំឈុតឆាកក្នុងករណីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ភ្ជាប់ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រឿងសាសងស្នេហាដែលគេបង្ហោះសំឡេង តាមបណ្ដាញសង្គមហើយមានរឿងដល់តុលាការ ។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏បាន សរសេរថាមេធាវីគណបក្សប្រជាជនកម្ពុជា កំពុងរៀបចំសំនុំឯកសារ ប្ដឹងបុគ្គលដែលសម្ដេចថា កំពុងបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ។
ទាំងការព្រមានរបស់លោក សុខ ឥសាន និងសម្ដេចនាយករដ្ឋមន្ត្រី ធ្វើឱ្យមជ្ឈដ្ឋានមួយចំនួន បារម្ភពីការដកខ្លួនថយរបស់អ្នកវិភាគសង្គមនិងនយោបាយនៅកម្ពុជា ព្រោះជាសញ្ញានៃ គ្រោះថ្នាក់ ចំពោះអ្នកវិភាគ ។ តែបែបនេះក្ដី ក្រុមអ្នកវិភាគមួយចំនួននៅកម្ពុជា បានលើកឡើងដូចៗគ្នាថា ពួកគេមិនមានក្តីបារម្ភអំពីការ ព្រមានប្រើប្រាស់ប្រព័ន្ធតុលាការលើពួកគាត់នោះទេ ។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិយាយថា រាជរដ្ឋាភិបាលកំពុងរៀបចំមេធាវី ប្តឹង លោក អ៊ូ វីរៈ អ្នកវិភាគល្បីឈ្មោះមួយរូប គឺជាការគំរាមគំហែងដល់សេរីភាពសម្តែងមតិរបស់ប្រជាពលរដ្ឋ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ។ ទោះយ៉ាងនេះក្តីលោក សូ ចន្ថា នៅតែបន្តសម្តែងមតិអំពីបញ្ហានយោបាយ និងបញ្ហាសង្គមនៅក្នុងប្រទេសកម្ពុជាដោយគ្មានក្តីបារម្ភឡើយ ។
អ្នកវិភាគមួយទៀតគឺលោក ចាន់ វិបុល បណ្ដិតវិទ្យាសាស្ត្រនយោបាយ ក៏គ្មានការព្រួយបារម្ភដែរ ព្រោះអ្វីដែលលោកនិយាយគឺលោកវិភាគផ្អែកទៅតាមគោលការណ៍ច្បាប់ និងភាពត្រឹមត្រូវក្នុងសង្គមប៉ុណ្ណោះ ។ លោកថាវប្បធម៌គំរាមហែង អ្នកនយោបាយមិនគួរយកមកប្រើប្រាស់ឡើយ ។
លោក ចាន់ វិបុល មានប្រសាសន៍ថា«ការវិភាគយើងផ្នែកទៅលើគោលច្បាប់ ហើយអ្វីដែលគិតថាជារឿងភាពត្រឹមត្រូវ ។ ការវិភាគមិនក្នុងគោលប្រយោជន៍សម្រាប់បុគ្គលខ្លួនយើង ឬក្រុមបក្សពួកយើងទេ ។ យើងមិនក្រុម មិនបក្សពួកទេ អ្វីដែលយើងចង់ធ្វើការចែករំលែកនិងគឺ គុណប្រយោជន៍សង្គមខ្មែរ» ។
ដូចគ្នានេះដែរ លោក មាស នី អ្នកវិភាគដែរនោះក៏គ្មានការព្រួយបារម្ភដែរ ។ គ្មានការព្រួយបារម្ភ ព្រោះលោកថា ការវិភាគរបស់លោក គឺមិនបានវាយប្រហារឬបង្អាប់រាជរដ្ឋាភិបាលទាំងស្រុងទេ ។
លោក មាស នី និយាយថា «ខ្ញុំនៅតែរក្សាឧត្តមគតិអ្វីដែលយើងអាចជួយសង្គមបាន យើងជួយទៅបើសិនថ្ងៃណាមួយខ្ញុំជួយលែងបានអាហ្នឹងទុកជាសំណាងអាក្រក់ថា ខ្ញុំកើតមកជាកូនខ្មែរ ខ្ញុំជួយសង្គមខ្មែរបានតែប៉ុណ្ណឹង» ។
ឆ្លើយតបនិងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍ការសម្តែងមតិរបស់ក្រុមអ្នកវិភាគក្នុងន័យស្ថាបនា ប៉ុន្តែការសម្តែងមតិមានលក្ខណៈមួលបង្កាច់កេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលវិញនោះគឺ មិនអាចទទួលយកបានឡើយ ។
លោក សុខ ឥសាន បានថ្លែងថា «គាត់និយាយត្រឹមកម្រិតសម្តែងមតិអាហ្នឹងអត់មានបញ្ហាទេ ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរ លោកគាំទ្រការបញ្ចេញមតិ សិទ្ធិបញ្ចេញមតិ មិនគាំទ្រចំពោះការមួលបង្កាច់គេ ។ ការបញ្ចេញមតិ និងការមួលបង្កាច់វាខុសគ្នា» ។
ករណីលោក អ៊ូ វិរៈ បើក្លាយជារឿងពិតនោះ គឺជាលើកដំបូង ដែលអ្នកវិភាគនៅកម្ពុជាត្រូវបាន ប្ដឹងឡើងតុលាការ រឿងបញ្ចេញគំនិត មតិ ទស្សនៈ ឬអនុសាសន៍ ជុំវិញ្ញ បញ្ហាសង្គម និងនយោបាយនៅកម្ពុជា ៕