ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយកោះហៅមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក៥រូបឱ្យចូលខ្លួនមកបំភ្លឺករណីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ទាកទិនពីការណែនាំកញ្ញាស្រីមុំ ផ្ដល់ចម្លើយដល់អាជ្ញាធរសមត្ថកិច្ច ។
លិខិតកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយធ្វើឡើង នៅថ្ងៃចន្ទទី២៥មេសានេះដោយមានខ្លឹមសារដូចគ្នាប៉ុន្តែដាច់ដោយពីគ្នាដែលផ្ញើទៅឱ្យមន្ត្រីទាំង៥ រូបនេះ ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក៥រូបឱ្យចូលខ្លួនមកបំភ្លឺករណីកញ្ញខុម ចាន់តារាទី ហៅស្រីមុំ មានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត លោក ណៃ វង្សដា អនុប្រធានផ្នែកស៊ើបអង្កេត លោក យី សុខសាន្តអនុប្រធានផ្នែកស៊ើបអង្កេត លោកស្រី លឹម មុន្នី អនុប្រធានផ្នែកសិទ្ធិស្ត្រីនិងកុមារ និងលោកស្រី ទ្រី ឈួន មេធាវីការពារក្ដី កញ្ញាស្រីមុំ ។ តាមព័ត៌មានចុងក្រោយគឺ លោកស្រី ធីតាឃឹះ នាយិការអង្គការសីលកា លោក នី ចរិយា អគ្គលេខារង គជប និង លោក ស៊ឺន សាលី មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានកោះហៅឡើងតុលាការផងដែរ ។ តាមលិខិតនេះ តម្រូវឱ្យពួកគាត់ចូលខ្លួនមកបំភ្លឺ នៅរវាងថ្ងៃទី២៧-២៨មេសា ។
សូមជ្រាបថា កាល ថ្ងៃទី២៤ ខែមេសានេះថា នៅវេលាម៉ោង ១០:៣០ អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង បានទៅចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្ស៊ី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម យកមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០$ ដែលឈ្មោះខុម ចាន់តារាទី ហៅស្រីមុំ បានឆ្លើយដាក់ ។
ចំពោះការកោះហៅមន្ត្រីសមគមអាដហុកទាំង៥រូបនេះ ធ្វើឡើង បន្ទាប់ពី ក្រសួងយុតុ្តធម៌ បានចេញសេចក្ដីថ្លែងការណ៍ឱ្យអាជ្ញាធររដ្ឋចាត់ការបុគ្គលណា ដែលបង្គាប់ឱ្យកញ្ញាស្រីមុំ ភូតកុហកតុលាការនៅពេលចូលបំភ្លឺសមត្ថកិច្ច រឿងខ្សែអាត់សំឡេង សាសងស្នេហា គេថាជាសំឡេងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយ កញ្ញា ស្រីមុំ ។ បន្ទាប់ពី ក្រសួងយុត្តិធម៌ ចេញសេចក្ដីថ្លែងការណ៍ឱ្យចាត់ការ លើមេដឹកនាំសង្គមស៊ីវិល សមាគមអាដហុក បានបញ្ចេញវិឌីអូឃ្លឹម ដោយបង្ហាញថា កញ្ញស្រីមុំ បានមកពឹងពាក់ សមាគមឱ្យ ជួយការពារកញ្ញា ព្រោះកញ្ញាកំពុងរងការភ័យខ្លាចប៉ុន្តែក្នុងនោះ កញ្ញាបាន បដិសេធជាញឺកញាប់ថា កញ្ញាពិតជាមិនបានពាក់ព័ន្ធជាមួយលោកកឹមសុខាហើយ មិនបាននិយាយរឿងស្នេហា ជាមួយមេដឹកនាំបក្សប្រឆាំងនេះដែរ ។
ករណីនេះកញ្ញាស្រីមុំ បានដាក់ពាក្យប្ដឹងលោកកឹមសុខា ទៅតុលាការ ដោយទារប្រាក់ជម្ងឺចិត្ត ៣០ម៉ឺនដុល្លារអាមេរិក ៕