ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាបន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពរួចមកឃើញថា ស្ថានភាពអាកាសធាតុប្រែប្រួលបន្តិចបន្តួច ទាំងកម្រិតសីតុណ្ហភាព និងរបាយទឹកភ្លៀងដែលនឹងចាប់ផ្ដើមពីចុងខែមេសាដល់ ដើមខែឧសភា។
ក្រសួងប្រកាសដូចតទៅនេះ ៖
១.ស្ថានភាពសីតុណ្ហភាពអតិបរិមា នឹងមានការថយចុះបន្តិចចាប់ពី ថ្ងៃទី២៨ មេសា ដល់ថ្ងៃទី០៣ឧសភា
+តំបន់វាលទំនាប មានពី ៣៧ អង្សារសេ - ៣៩ អង្សារសេ។
+តំបន់ខ្ពង់រាប មានពី ៣៦ អង្សារសេ - ៤០ អង្សារសេ។
+តំបន់មាត់សមុទ្រ មានពី ៣៥ អង្សារសេ - ៣៦ អង្សារសេ។
២.ស្ថានភាពទឹកភ្លៀង
ចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី០៣ ឧសភា អាចនឹងមានភ្លៀងធ្លាក់តិចនៅរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល តាកែវ កោះកុង ព្រះសីហនុ កែប និងខេត្តកំពត ។ ដោយឡែកខេត្តព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ព្រៃវែង និងខេត្តស្វាយរៀងអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានទទូចឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្ដមួយចំនួនមានការប្រុងប្រយ័ត្ន ពីព្រោះតែមានភ្លៀងលាយឡំផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ អាចនឹងកើតមាន នៅអំឡុងពេលចាប់ពីថ្ងៃទី ២៨មេសា ដល់ថ្ងៃទី០១ឧសភា ឆ្នាំ២០១៦ មាននៅខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាមត្បូងឃុំ ព្រៃវែង និងស្វាយរៀង៕