ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលទើបត្រឡប់ពីក្រៅប្រទេស ហើយកំពុងមានរឿងក្ដីក្ដាំង ករណីកញ្ញា ស្រីមុំ នៅតុលាការនឹងដឹកនាំអ្នកតំណាងរាស្ដ្ររបស់ លោក ទៅកាន់ពន្ធធនាគារព្រៃស នៅថ្ងៃស្អែកនេះដើម្បីសួរសុខទុក្ខសកម្មជនគណបក្ស ។
យោងតាមលិខិតមួយច្បាប់ត្រូវបានចែកផ្សាយជាសាធារណៈនៅថ្ងៃនេះ ហើយបានស្នើឡើងដោយមេធាវី សំ សុគង់ ការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុង ជាប់ឃុំនៅពន្ធធនាគារព្រៃស លោក កឹម សុខា និងអ្នកតំណាងរាស្ដ្រជាច្រើនរូបទៀតរបស់ គណបក្សសង្គ្រោះជាតិ ត្រូវទៅសួរសុខទុក្ខសកម្មជនទាំង១៥រូបនោះ នៅថ្ងៃស្អែក វេលាម៉ោង២រសៀល ។
សកម្មជនដែលកំពុងជាប់ឃុំនៅពន្ធធនាគារព្រៃសទាំង១៥រូបនេះ គឺមានលោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ, លោក អឿ ណារិត, លោក ឃិន រឿន ,លោក នាង សុឃុន, លោក សាន គឹមហេង, លោក ស៊ុំ ពុទ្ធី, លោក កែ ឃឹម , លោក ទេព ណារិន, លោក អាន បឋម, លោក សាន សីហៈ , លោក អ៊ុក ពេជ្រសំណាង, លោក យន់ គឹមហួរ, លោក រឿន ចិត្រា , លោក ហុង សុខហួរ, លោក យា ថុង ។
នេះជាលើកដំបូងហើយដែល លោក កឹម សុខា ចាប់ផ្ដើមចេញមុខជាសាធារណៈថ្មីម្ដងទៀត ចាប់តាំងពីលោកមានរឿងក្ដីកាំ្ដងករណីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានឡើងតុលាការ កាលពីថ្ងៃទី១៩ មេសា ហើយប្រាប់តុលាការថាលោក កឹម សុខា បោកប្រាស់នាងឱ្យភូតកុហកតុលាការអំពីខ្សែអាត់សម្លេងសន្ទនាស្នេហារបស់នាងដែលសាធារណជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ ៕