ភ្នំពេញ ៖ អង្គការសង្គមស៊ីវិលបានលើកឡើងថា មន្ដ្រីរដ្ឋាភិបាលមួយចំនួនសព្វថ្ងៃគឺកម្រចេញមកបង្ហាញការទទួលខុសត្រូវរបស់ខ្លួនណាស់នៅពេលដែលមានបញ្ហាក្នុងសង្គមម្ដងៗ ។ ពួកគេយល់ថា ការមិនចេញមុខមកទទួលខុសត្រូវនេះបណ្ដាលមកពីការខ្វះសីលធម៌ ។ ការថ្លែងរបស់សង្គមស៊ីវិលនេះ ធ្វើឡើងនៅក្នុងវេទិការយុវជនក្រោមប្រធានបទ«វប្បធម៍ទំនួលខុសត្រូវក្នុងសង្គមខ្មែរ» នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា ជប៉ុន ព្រឹកថ្ងៃទី ២៤ មេសានេះ។ ទោះជាយ៉ាងណា មន្ដ្រីរាជរដ្ឋាភិបាលបានច្រានចោលការលើកឡើងនេះ ដោយចាត់ទុកថា ត្រឹមតែជាការនិយាយឲ្យរួចតែពីមាត់។
លោក ជាង សុខា នាយកប្រតិបត្ដិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅថ្ងៃអាទិត្យ ទី ២៤ មេសានេះបានលើកឡើងថា រឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងសង្គមខ្មែរ គឺមានព្រឹត្ដិការណ៍អាក្រក់ៗមួយចំនួនធំ មានជាអាទិ៍ដូចជាការជាន់គ្នាស្លាប់នៅមជ្ឈមណ្ឌលកោះពេជ្រ ការបាញ់សម្លាប់សកម្មជនបរិស្ថានលោក ឈុត វុទ្ធី និង បាញសម្លាប់លោក ជា វិជ្ជា ប្រធានសជីពសេរីកម្មកជាដើម ដែលហេតុការទាំងនេះគឺពុំមានអ្នកបង្ហាញខ្លួនចេញមកទទួលខុសត្រូវនោះឡើយ។ លោក ជាង សុខា បន្ថែមថា មន្ដ្រីរដ្ឋាភិបាលមួយចំនួននៅពេលដែលខ្លួនប្រព្រឹត្ដកំហុសឆ្គង ដែលបង្កផលប៉ះពាល់ដលផលប្រយោជន៍រាស្ដ្រ ឬក៏ប្រយោជន៍រដ្ឋ ពួកគេកម្រចេញមកទទួលខុសត្រូវលើទង្វើរបស់ខ្លួនណាស់ ។
បន្ថែមលើបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវពីការភិវឌ្ឍន៍សង្គមបានមានប្រសាសន៍ថា មូលហេតុដែលធ្វើឲ្យមន្ដ្រីនៅប្រទេសកម្ពុជា និងនៅប្រទេសដទៃមួយចំនួនមានទំនួលខុសត្រូវខុសគ្នា គឺដោយសាវប្បធម៍ពុករលួយ វប្បធម៍មិនមានការទទួលខុសត្រូវ នៅប្រទេសកម្ពុជា ត្រូវបានបណ្ដុះឲ្យក្លាយទៅជាទម្លាប់ ហើយពិសេសជាងនេះទៀតនោះគឺវប្បធម៍និទណ្ឌភាពនៅពេលដែលប្រព្រឹត្ដខុស មិនមានទោសពៃ ជាពិសេសត្រូវបានតម្លើងឋានៈជាដើម។
លោក កែម ឡី បន្ថែមថា ប្រសិនជាពលរដ្ឋចង់ជម្រុញឲ្យមន្ដ្រីរដ្ឋាភិបាល មានការទទួលខុសត្រូវខ្ពស់លើកិច្ចការរបស់ខ្លួន គឺពលរដ្ឋទាំងអស់ត្រូវតែចូលរួមតាមដានរាល់ព្រឹត្ដិការណ៍សង្គមផ្សេងៗ ជាពិសេសយុវជន ត្រូវតែធ្វើសកម្មភាពក្នុងសង្គមឲ្យបានផុសផុល និងទំនួលខុសត្រូវឲ្យបានខ្ពស់។
លោកស្រី ធីតា ឃឹះ នាយិការប្រតិបត្ដិអង្គការស៊ីលីការ បានមានប្រសាសន៍ថា ការគ្មានទំនួលខុសត្រូវពីមន្ដ្រីមានអំណាចមួយចំនួនគឺដោយសារតែសីលធម៍ក្នុងខ្លួនបុគ្គលម្នាក់ៗមានការធ្លាក់ចុះ ហើយម្យ៉ាងវិញទៀតគណនេយ្យភាពសង្គម និង លទ្ធិប្រជាធិបតេយ្យនៅមានកម្រិតនៅឡើងដែលធ្វើឲ្យមនុស្សម្នាក់ៗមិនបានគិតគួរពីទំនួលខុសត្រូវរបស់ខ្លួន។ លោកស្រីបន្ថែមថា ប្រជាពលរដ្ឋគឺត្រូវចូលរួមទាំងអស់គ្នាដើម្បីធ្វើយ៉ាងណាឲ្យអ្នកមានអំណាចបង្ហាញឆន្ទៈពីទំនួលខុសត្រូវរបស់ខ្លួនឲ្យបានកាន់តែខ្ពស់បំផុតតាមអ្វីដែលអាចធ្វើទៅបាន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីលោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងនេះ ដោយលោកបញ្ជាក់ថា រាជរដ្ឋាភិបាល គឺមានទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើការបំរើសរាស្ដ្រ។ ជាក់ស្ដែងដូចជារព្យាយាមដោះស្រាយបញ្ហាផ្សេងៗជួនពលរដ្ឋ និងបំពេញតាមសំណើរពលរដ្ឋស្ទើរគ្រប់ចំណុចពីសណាក់នាយករដ្ឋមន្ដ្រីនាពេលកន្លងមក។ លោកបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលរិះគន់រដ្ឋាភិបាលភាគច្រើន គឺជាក្រុមដែលប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយគ្រាន់តែបិតឈ្មោះថាអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ។ លើសពីនេះលោក ផៃ ស៊ីផា បានចំអកទៅកាន់ក្រុមអង្គការសង្គមទាំងនោះថា បានត្រឹមតែនិយាយ ដើម្បីឲ្យមហាជនមានការកោតសរសើរនូវទង្វើរបស់ខ្លួនប៉ុណ្ណោះ។
សូមជម្រាបថា វេទិការយុវជនក្រោមប្រធានបទ«វប្បធម៍ទំនួលខុសត្រូវក្នុងសង្គមខ្មែរ» នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា ជប៉ុន (CJCC) នេះ មានអ្នកចូលរួមប្រហែលជាង៣០០នាក់ ដែលវេទិការនេះរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) សហការជាមួយយុវជនស្ម័គ្រចិត្ដ ក្រោមការឧបត្ថមថវិកាពី សេវាសន្ដិភាពស៊ីវិល (CPS) តាមកិច្ចសហប្រតិបត្ដិការអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (GIZ)៕