en     km
en     km

ប្រធាន​គណបក្សប្រឆាំង​សាទរ​​ ចំពោះ​លោក​​ អ៊ូច​ ឡេ​ង​ ​ដែល​​ទទួល​​ពាន​រង្វាន់​វីរៈ​ជន​បរិស្ថាន​

Share

​ភ្នំពេញ​ ៖​ លោក​ សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ សម្តែង​សេចក្ដី​រីករាយ​ និង​ចូលរួម​អបអរសាទរ​ចំពោះ​លោក​ អ៊ូច​ ឡេ​ង​ ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ទើប​ទទួល​បាន​ពានរង្វាន់​ដ៏​ធំ​នៃ​វីរៈជន​ការពារ​បរិស្ថាន​ មានឈ្មោះ​ថា​ The​ Goldman​ Environmental​ Prize​ ក្នុង​តម្លៃ​ទឹកប្រាក់​ជិត​២​សែន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​មូលនិធិ​មួយ​របស់​អា​មេ​រិ​ក​ ដែល​មានឈ្មោះ​ល្បី​លើ​ពិភពលោក​ ។​ នេះ​បើ​តាម​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​ សៅរ៍​ ទី​ ២៣​មេ​សា​ នេះ​។​

sam-ransy-text
លោក​ សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ រូបភាពពី ៖​ Facebook របស់ លោក​ សម​ រង្សី

លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទៀត​ថា​ លោក​ អ៊ូច​ ឡេ​ង​ គឺជា​សកម្មជន​ដ៏​អង់អាច​ក្លាហាន​ និង​ ឈ្លាសវៃ​មួយ​រូប​ ដែល​ខិតខំ​ព្យាយាម​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ ។​ ប្រធាន​គណបក្សប្រឆាំង​បន្ដ​ថា​ លោក​ អ៊ូច​ ឡេ​ង​ គឺ​ពិតជា​សាក​សមជា​អ្នក​បន្ដវេន​ពី​លោក​ ឈុត​ វុ​ទ្ធី​ ក្នុង​នាម​ជា​សកម្មជន​ការពារ​បរិស្ថាន​មួយ​រូប​ បន្ទាប់​ពី​លោក​ ឈុត​ វុ​ទ្ធី​ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​បាញ់​សម្លាប់​កាលពី​ឆ្នាំ​ ២០១២​ ។​

​សូម​ជម្រាប​ថា​ លោក​ អ៊ូច​ ឡេ​ង​ គឺជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ ។​ លោក​មាន​អាយុ​ ៤២​ឆ្នាំ​ ដើម​កំណើត​មក​ពី​ខេត្ដតាកែវ​ ។​ លោក​ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់​ពានរង្វាន់​វីរ​ការពារ​បរិស្ថាន​ពិភពលោក​ឆ្នាំ​ ២០១៦​ (The​ Goldman​ Environmental​ Prize)​ ដែល​ប្រគល់​ដោយ​មូលនិធិ​ពានរង្វាន់​មាស​ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ (San​ Francisco)​ រដ្ឋ​កាលី​ហ្វ​ញ៉ា​ (California)​ សហរដ្ឋអាមេរិក​ ។​

​ពានរង្វាន់​ វីរៈជន​បរិស្ថាន​ផ្ដល់​កិត្តិយស​ និង​ទទួលស្គាល់​បុគ្គល​ទាំងឡាយ​ដែល​ខិតខំ​តស៊ូ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ ក្នុង​ការងារ​បរិស្ថាន​ដោយ​ជម្នះ​នូវ​ការ​លំបាក​ផ្សេងៗ​ និង​ជំរុញ​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​វិធានការ​ ពិសេស​ណាមួយ​ដើម្បី​ការពារ​ធនធានធម្មជាតិ​របស់​ពិភពលោក​ ។​ ពានរង្វាន់​វីរជន​បរិស្ថាន​ត្រូវ​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​1989​ ដោយ​អ្នកដឹកនាំ​សហគមន៍​ និង​អ្នក​ស្នេហា​មនុស្ស​ជាតិនិយម​លោក​ Richard​ N.​ Goldman​ និង​ភរិយា​របស់​គាត់​លោកស្រី​ Rhoda​ H.​ Goldman​ ។​ អ្នក​ឈ្នះ​ពានរង្វាន់​វីរជន​បរិស្ថាន​ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៅក្រម​អន្តរជាតិ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ស្នើ​ឡើង​ ដោយ​សម្ងាត់​ដោយ​បណ្ដាញ​អង្គការ​ពិភពលោក​ និង​បុគ្គល​ផ្នែក​ការងារ​បរិស្ថាន​ ។​

​គួរ​រំឭក​ថា​ លោក​ អ៊ូច​ ឡេ​ង​ ធ្លាប់​បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា​ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត​៧​ម៉ឺន​ហិ​កតារ​ តាម​រយៈ​ការ​បំបែក​ជា​ក្រុមហ៊ុន​តូចៗ​ចំនួន​១៥​ ពី​រដ្ឋាភិបាល​ ហើយ​កំពុង​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ឬ​ប្រទេស​ចិន​ ។

របាយការណ៍​ដដែល​អះអាង​ថា​ ក្រុមហ៊ុន​  ទ្រី​ ភាព​ បាន​ធ្វើ​អាជីវកម្ម​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​គ្រប់​តំបន់​ព្រៃឈើ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដោយសារ​ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ រដ្ឋាភិបាល​ និង​មាន​សម្ព័ន្ធមេត្រីភាព​ ជាមួយ​កម្លាំងប្រដាប់អាវុធ​ មន្ត្រី​បរិស្ថាន​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ មន្ត្រី​អភិរក្ស​ ក្រសួង​ឧស្សាហកម្ម​ ក្រសួង​ កសិកម្ម​ និង​ក្រុមហ៊ុន​ ភា​ពី​ម៉ិច​ តាម​រយៈ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​ក្រុមហ៊ុន​ មន្ត្រី​រដ្ឋាភិបាល​ និង​កងកម្លាំងប្រដាប់អាវុធ​ ចុះ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ ៕

Share

Image
Image
Image