ភ្នំពេញ ៖ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ បានប្តឹងទៅតុលាការដំបូងរាជធានីភ្នំពេញផ្តន្ទាទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងផ្លូវច្បាប់ និងទាសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ ។ យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី ២២ខែមេសា បានឲ្យដឹងថា កញ្ញា ស្រីមុំ សុំប្តឹងទាមទារសំណងជំងឺចិត្តចំនួន ៣០ម៉ឺនដុល្លារ ពីឈ្មោះ កឹម សុខា និង ជនពាក់ព័ន្ធផ្សេងទៀត ដោយសារ កញ្ញា ខាតបង់ពេលវេលាបាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូររបស់នាង ។
ពាក្យបណ្តឹងដែលមានស្នាមមេដៃស្រីមុំ បានបញ្ជាក់ទៀតថា នាងបានបាត់បងកេរ្តិ៍ឈ្មោះថ្លៃថ្នូ យ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែមេបក្សប្រឆាំងរូបនេះ បានសន្យាផ្តល់ប្រាក់ ៣ពាន់ដុល្លារ ទិញផ្ទះ ទិញសម្ភារប្រើប្រាស់ផ្សេងៗទៀត តែលោក កឹម សុខា មិនទាន់ផ្តល់តាមការសន្យានៅឡើយទេ ។ ពាក្យបណ្តឹងនោះបន្ថែមថា នាងមានការព្រួយបារម្ភអំពីកាស្វែងរកគូអនាគតរបស់នាង ដែលមិនអាចមានគូស្រករបាន និងមិនអាចដើរហើរទៅទីសាធារណៈបានដូចមុនទៀត ព្រោះខ្មាស់គេ ៕