en     km
en     km

តំណាង​រាស្រ្ត​បក្ស​ប្រឆំាង​ គ្រោង​ប្តឹង​អាជ្ញា​ធរ​វៀត​ណាម​រឿង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ជុំ​វិញ​បញ្ហា​ព្រំ​ដែន​

Share

កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹក​នាំ​ក្រុម​យុវជន​ ប្រជា​ពលរដ្ឋ​ និង​ ព្រះ​សង្ឃ​ប្រមាណ​២០០​នាក់​ទៅ​​មើល​​ការ​​សង់​​ផ្លូវ​​របស់​​វៀតណាម​​លើ​​ដី​​ខ្មែរ​។​ ហេតុ​ការណ៍​​ប៉ះ​​ទង្គិច​​គ្នា​​មួយ​បាន​​កើត​​ឡើង​​រវាង​​ពលរដ្ឋ​​វៀត​ណាម​និង​​ប្រជា​ពលរដ្ឋ​​ខ្មែរ​ ដែល​បណ្ដាល​ឲ្យ​​របួស​ធ្ងន់​​និង​ស្រាល​​ជិត​​២០​នាក់​ នៅ​បង្គោល​​ព្រំ​ដែន​​លេខ​​២០៣​ ត្រង់​ចំណុច​ភូមិគោក​ឆ្លក​ ឃុំ​ត្នោត​ ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយរៀង​។ ​លោក​ រៀល​ ខេមរិន្ទ្រ​តំណាង​រាស្រ្ត​សង្គ្រោះ​ជាតិ​ ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​នោះ​ កំពុង​ពិភាក្សា​ជា​មួយ​បក្ស​និង​​គ្រោង​ដាក់​លិខិត​ទៅ​កាន់​រដ្ឋ​សភា​ដើម្បី​ជួយ​អន្តរាគមន៍​​និង​​ប្តឹង​អាជ្ញាធរ​វៀតណាម​ពី​បញ្ហា​នេះ​ផង​ដែរ​។

Riel Khemrin
លោករៀល ខេមរិន្រ្ទរងរបួសធ្ងន់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងពលរដ្ឋវៀតណាមនិងប្រជាពលរដ្ឋខ្មែរជិតតំបន់ព្រំដែន កម្ពុជា-វៀតណាម

«យើង​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​រ​បស់​ជាតិ​សម្រាប់​ការពារ​ទឹក​ដី​ ប៉ុន្តែ​បែរ​បណ្តោយ​ឱ្យ​យួន​ដែល​ជា​ជន​ជាតិ​ដទៃ​មក​រំ​លោភ​បំពាន​ទឹក​ដី​របស់​យើង​… នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ទៅ​ការ​ពារ​ព្រំ​ដែន​ បណ្តោយ​ឱ្យ​ជន​ជាតិ​គេ​វាយ​ជន​ជាតិ​ឯង​ ខ្លួន​បែរ​ជា​ឱប​ដៃ​ឈរ​មើល​ នេះ​ជា​ភាព​កំ​សាក​របស់​ទាហ៊ាន​ខ្មែរ​»។ នេះជាការលើកឡើងរបស់តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​រៀល​ ខេមរិន្រ្ទ។ ​តំណាង​រាស្រ្តរូបនេះ ត្រូវ​របួស​កញ្ចឹង​ក​​ ភ្នែក​​​និង​​​ថ្ពាល់​ខាង​ស្តាំ​ជា​ច្រើន​ទៀ​ត​។​​​ លោក​បាន​​​ឲ្យ​ដឹង​ទៀត​ថា​​លោក​​កំពុង​ពិភាក្សា​ជាមួយ​គណបក្ស​​និង​ត្រៀម​ដាក់​លិខិត​ទៅ​កាន់​សភា​​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​​និង​ដាក់​ពាក្យ​បណ្តឹង​ករណី​ដែល​​ទា​ហាន​​វៀត​ណាម​​ប្រើ​អំពើ​ហឹង្សា​មក​លើ​រូប​លោក​ លើ​ក្រុម​យុវជន​ ប្រជា​ពលរដ្ឋ​​និង​ព្រះ​សង្ឃ​។

ជុំវិញ​បញ្ហា​​នេះ​លោក​សម​ រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​ថ្កោស​ទោស​​​អាជ្ញា​ធរ​វៀតណាម​​ ដែល​បាន​ប្រើ​អំពើ​ហឹង្សា​​វាយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​និង​អ្នក​តំណាង​រាស្ត្រ​ផង​ដែរ​។ លោក​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​​កម្ពុជា​​ចាត់​វិធាន​​ការ​​បន្ទាន់​​លើ​​អាជ្ញា​​ធរ​​វៀត​ណាម​ ដើម្បី​ការពារ​​ជន​ជាតិ​ខ្មែរ​​ដែល​លោក​ថា​ ពួក​គេ​គ្រាន់​តែ​​ទៅ​ការ​ពារ​​ និង​ពិនិត្យ​មើល​​ទឹក​ដី​របស់​ខ្លួន​ប៉ុណ្ណោះ​​។ «យើង​គិត​គួរ​ប្តឹង​ទៅ​ថ្នាក់​ជាតិ​ ថ្នាក់​អន្តរ​ជាតិ​ សុំ​កុំ​ឱ្យ​មាន​អំពើ​ហឹង្សា​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ពុំ​មាន​កំហុស​ គ្រាន់​តែ​ទៅ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ជួយ​លើក​ទឹក​ចិត្ត​ដល់​ជន​រង​គ្រោះ​តាម​ព្រំ​ដែន​…យើង​ចង់​ឱ្យ​អាជ្ញា​ធរ​ ប្រជា​រាស្ត្រ​ខ្មែរ​ទាំង​អស់​រួម​កម្លាំង​គ្នា​ដើម្បី​ទប់​ទល់​ ​កុំ​ឱ្យ​បរទេស​បន្ត​មើល​ងាយ​ខ្មែរ​តទៅ​ទៀត​»។​

Untitled-2
អាជ្ញាធរ​វៀតណាម បាន​រារាំង​តំណាង​រាស្ត្រ និង​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នៅខេត្តស្វាយរៀង

ស្រដៀង​គ្នា​នេះ​ផង​ដែរ​ អ្នក​នាំ​ពាក្យ​​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ លោក​ ផៃ​ ស៊ី​ផាន​ និង​ លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់​សារព័ត៌​ក្នុង​ស្រុក​ថា​ ទី​ស្ដី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​​និង​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ការ​ថ្កោល​ទោស​​និង​ប្រឆាំង​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​​នៅជិត​តំបន់​ព្រំ​ដែន​ កម្ពុជា​-​វៀតណាម​ នៅ​ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយរៀង​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ២០១៥​ផង​ដែរ​។

ចំនែក​ឯ​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ លោក​ ឈាង​ វុន​ បាន​មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​បាន​ទទួល​លិខិត​ណា​មួយ​ជា​ផ្លូវ​ការ​ណ៍នៅ​​ឡើយ​ទេ​។ លោក​បន្ថែម​ថា​ មុន​នឹង​លោក​​ចាត់​វិធាន​ការ​ក៏​លោក​​ត្រូវ​ពិនិត្យ​បញ្ហា​នោះ​ជា​មុន​សិន​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​​ក្នុង​​ការ​​ប៉ះ​​ទង្គិច​​គ្នា​​នៅ​​ព្រំ​​ដែនមាន​​របួស​ធ្ងន់​​៤​នាក់​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ ១​អង្គ​​និង​របួស​ស្រាល​ជាង​ ១០​នាក់​។ អ្នក​រ​ង​របួស​មួយ​ចំនួន​ត្រូវ​បាន​ដឹក​មក​​មន្ទីរ​ពេទ្យ​រុស្ស៊ី ​រាជ​ធានី​ភ្នំពេញ​ហើយ​​កាល​ពី​យប់​ម៉ោង​ ៩:៣០​ ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា៕

Share

Image
Image
Image