en     km
en     km

​សម្ដេច ​ហ៊ុន​ សែន​ អះអាង​ជា​ថ្មី​ទៀត​ថា​ការ​ឃាត់ខ្លួន​តំណាងរាស្ត្រ​លោក ​អ៊ុំ ​សំ​អាន ​គឺ​ត្រឹមត្រូវ​តាម​ច្បាប់​

Share

​ភ្នំពេញ​៖​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​ ២២​ ខែមេសា​នេះ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ឃាត់ខ្លួន​តំណាងរាស្ត្រ​ អ៊ុំ​ សំ​អាន​ គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ចំពោះ​ករណី​ព្រហ្ម​ទណ្ឌ​ជាក់ស្តែង​។​ សម្ដេច​បន្ត​ថា​ករណី​របស់​ លោក​ អ៊ុំ​ សំ​អាន​ ស្ថិត​នៅ​ក្នុង​បន្ទុក​នៃ​ការ​ញុះញង់​ធ្វើ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​និង​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​។​

​នេះ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​ដកស្រង់​សម្ដី​សម្តេច​ក្នុង​ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ។​ ទាក់ទិន​រឿង​នេះ​ មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា​ សកម្មភាព​ លោក​ អ៊ុំ​ សំ​អាន​ គឺជា​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​។​តែ​អ្នក​ច្បាប់​ថា​រំលោភ​រដ្ឋធម្មនុញ្ញ​។​

 

Hun-SEN---OM-SAMATH-WMC
រូបលោក អ៊ុំ សំអាន ខាងស្តាំ និង រូបសម្តេចនាកយរដ្ឋមន្ត្រី ហ៊ុន សែន

ជា​ការ​អះអាង​ម្ដងទៀត​ ករណី​ចាប់ខ្លួន​ លោក​ អ៊ុំ​ សំ​អាន​  ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​អ្នក​ក្រោម​បង្គាប់​ថា​ គ្មាន​អ្វី​ខុស​ច្បាប់​​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ឡើង​តុលាការ​ ព្រោះ​ជា​បទល្មើស​ជាក់ស្ដែង​ ហើយ​មាន​កំណត់​ក្នុង​ក្រមព្រហ្មទណ្ឌ​ ។​ ការ​ថ្លែង​របស់​ សម្ដេច​ ហ៊ុន​ សែន​ ត្រូវ​បាន​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ស្រង់​មក​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​សត​បស់​លោក​នៅ​ថ្ងៃនេះ​ ។​

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​សលោក​ ផៃ​ ស៊ី​ផា​ន​ សម្តេច​ ហ៊ុន​ សែន​ ថា​ ការ​ឃាត់ខ្លួន​តំណាងរាស្ត្រ​ដែល​បាន​បើក​កកាយ​រឿង​ផែនទី​កម្ពុជា​-​វៀតណាម​នេះ​ គឺជា​ជម្រើស​តែ​មួយ​គត់​ក្នុង​កិច្ច​ថែរក្សា​សន្តិភាព​សណ្តាប់ធ្នាប់​សង្គម​ ដែល​ជា​ដែន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​និង​និ​ត្យា​នុ​កូ​ល​ភាព​ដើម្បី​ផលប្រយោជន៍​ដាច់ខាត​របស់​ជាតិ​។​

​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​សកម្ម​បញ្ហា​ព្រំដែន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ម៉ោងជាង​ ១២​ យប់​ថ្ងៃអាទិត្យ​ ទី​ ១០​ ខែមេសា​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​ មក​ដល់​ខេត្តសៀមរាប​ ។​ លោក​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​ខេត្ត​នេះ​ចោទប្រកាន់​លោក​ក្រោម​បទ​ចោទ​ញុះញង់​ នាំ​ឲ្យ​មានការ​រើសអើង​និង​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍​នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​ ១២​ ខែមេសា​ ។​

ទាក់ទិន​ក្នុង​រឿង​នេះ​ លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ឡើង​ថា​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ប្រជា​ជន​​ខ្មែរ​ដឹង​គ្រប់​គ្នា​ថា​ជា​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ​ ។​ លោក​ យឹ​ម​ សុវណ្ណ​ បន្ត​ថា​ ដើម្បី​ឱ្យ​លោក​ អ៊ុំ​ សំអាត​ និង​ សកម្មជន​គ​ណ​​​បក្សប្រឆាំង​ផ្សេងៗ​ទៀត​បាន​រួច​ផុត​ទោសទណ្ឌ​គឺ​មាន​តែ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ចង​បញ្ហា​គឺ​បក្ស​កាន់​អំ​ណា​ច​ ដែល​អាច​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងនោះ​បាន​ ។​

លោក​ យឹ​ម​ សុវណ្ណ ៖ «​ អ្នក​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ហ្នឹង​ !​ គឺ​អ្នក​ដែល​បង្កើត​បញ្ហា​ អាហ្នឹង​គឺ​គណបក្សកាន់អំណាច​ គណ​បក្ស​កាន់អំណាច​បាន​មាន​អំណាច​ស្នើ​ឱ្យ​មានការ​ដោះ​លែង​ឬ​មួយ​ក៏​អ្នកចោទ​ប្រកាន់​គាត់​ត្រូវ​ដោះស្រាយ​របៀប​ម៉េច​គឺជា​រឿង​របស់​គាត់​ ។​ ចំពោះ​យើងខ្ញុំ​មាន​តែ​បញ្ចេញមតិ​ ប​ញ្ចូ​ន​សារ​ទៅ​ប្រជាពលរដ្ឋ​ថា​ ការ​ជ្រើសរើស​មេដឹកនាំ​ក្នុង​ពេល​អនាគត​គឺជា​សិទ្ធិ​សម្រេច​នៅ​ក្នុង​ដៃ​របស់​គាត់​ គាត់​ទុក​ឱ្យ​អំពើ​អយុត្តិធម៌​កើតឡើង​បែប​ហ្នឹង​តទៅ​ទៀត​ ឬ​ គាត់​ចង់បាន​សង្គម​មួយ​មិន​យុត្តិធម៌​ »​ ។​

​កន្លង​ទៅ​មានការ​លើក​ឡើងជា​ច្រើន​ពី​មន្ត្រី​បក្ស​ប្រឆាំង​ សង្គម​ស៊ី​វិល​ អ្នកវិភាគ​ និង​ពលរដ្ឋ​ថា​ ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ គឺជា​ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​ ។​ មជ្ឈដ្ឋាន​ទាំងនេះ​ថា​ ដើម្បី​ឱ្យ​បរិយាកាស​នយោបាយ​មាន​ភាពល្អ​ប្រសើរ​វិញ​ គឺ​បក្ស​ធំៗ​ទាំង​ពីរ​ត្រូវ​បន្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​ ទើប​អាច​បើកផ្លូវ​ឱ្យ​មានការ​ដោះ​លែង​សកម្មជន​គណបក្សប្រឆាំង​ ។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ឈឹ​ម​ ផល​វរុណ​ ធ្លាប់​បញ្ជាក់​ថា​ វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​ស្លាប់​នោះ​ទេ​  តែ​វប្បធម៌​សន្ទនា​កំពុង​តែ​រង​ចាំ​ភាព​ស្មោះត្រង់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ច​ចារ​ ។​ លោក​ថា​ លោក​ សម​ រ​ង្ស៊ី​ បាន​ជាន់ឈ្លី​វប្បធម៌​សន្ទនា​ដោយ​ខ្លួនឯង​ រីឯ​លោក​ កឹ​ម​ សុខា​ វិញ​ក៏​មិន​ស្មោះត្រង់​ និង​មាន​តំលៃ​អ្វី​មក​ច​ចារ​វប្បធម៌​សន្ទនា​ទេ​ ព្រោះ​លោក​ កឹ​ម​ សុខា​ កំពុង​មានរឿង​អា​សូវ​ផ្ទាល់ខ្លួន​។​

ទាក់ទង​វប្បធម៌​សន្ទនា​នេះ​ លោក​ យឹ​ម​ សុវណ្ណ​  ប្រាប់​វិទ្យុ​ស្ត្រី​ថា​ វប្បធម៌​សន្ទនា​កើត​មាន​ឡើង​វិញ​ លុះណាតែ​សង្គម​សន្តិភាព​ មាន​ស្ថេ​រ​ភាព​ ពោល​គឺ​សង្គម​មួយ​មាន​ភាព​យុត្តិធម៌​មិន​ស្ថិត​ក្រោម​ការ​គាប់សង្កត់​ ។​ លោក​បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​បំភ្លេច​វប្បធម៌​សន្ទនា​ឡើយ​ ព្រោះ​វប្បធម៌​សន្ទនា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​កាលពី​ថ្ងៃ​ទី​ ២១​ ខែមេសា​ម្សិលមិញ​មេធាវី​ការពារ​ក្ដី​របស់​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ជួង​ ជូ​ងី​ អះអាង​ថា​ លោក​បាន​ដាក់​បណ្ដឹ​ង​​​​​ទៅ​តុលាការក្រុង​ភ្នំពេញ​រួច​ហើយ​ ដើម្បី​សុំ​ដោះ​លែង​កូនក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​។​ លោក​ ជួង​ ជូ​ងី​ យល់​ឃើញ​ថា​ ប្រ​សិន​បើ​​សំណុំរឿង​នេះ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​ លោក​ អ៊ុំ​ សំ​អាន​ នឹង​អាច​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ។​​

លោក​ ជួង​ ជូ​ងី​ បញ្ជាក់​បន្ថែម​ថា​ លោក​នៅ​តែ​ជឿជាក់​ថា​ កូនក្តី​របស់​លោក​គឺ​លោក​ អ៊ុំ​ សំ​អាន​ មិន​មានទោស​អ្វី​ដូច​ការ​ចោទ​ប្រ​កាន់​របស់​តុលាការ​នោះ​ទេ​ ព្រោះ​សកម្មភាព​របស់​លោក​ អ៊ុំ​ សំអាត​ ដែល​ឈឺឆ្អាល​រឿង​ព្រំដែន​ គឺជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​ ។​

​លោក​ ជួង​ ជូ​ងី​ ៖​ «​ក្នុង​នាម​ខ្ញុំ​ជា​មេធាវី​ ខ្ញុំ​មើលឃើញ​ថា​លោក​ អ៊ុំ​ សំ​អាន​ មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ ហើយ​រហូត​មក​ទល់​ពេល​នេះ​ គាត់​គាត់​នៅ​តែ​ជា​អ្នកតំណាង​ដ​ដែរ​ គាត់​នៅ​តែ​មាន​អភ័យ​ឯង​សិទ្ធិ​ដ​ដែរ​ ។​ ចំពោះ​នីតិវិធី​តទៅ​មុខ​ទៀត​ប្រសិនបើ​តុលាការ​ព្រម​ដោះ​លែង​អាហ្នឹង​ជា​ការ​ល្អ​ប្រសើរ​មួយ​ តែបើ​តុលាការ​មិន​ដោះ​លែង​ទេ​ យើង​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​តទៅ​ទៀត​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ជាន់ខ្ពស់​ពិចារណា​ពាក្យសុំ​របស់​យើង​ ។​ ហើយ​បន្ត​ទៅ​ទៀត​ពាក់ព័ន្ធ​ទៅ​ហ្នឹង​អង្គសេចក្តី​ខ្ញុំ​នៅ​តែ​ព្យាយាម​ ទាមទារ​ឱ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់​ចំពោះ​លោក​ អ៊ុំ​ សំ​អាន​ ដ​ដែរ​ »​ ។​

គួរ​កត់​សម្គាល់ថា​ ការ​ចាប់ខ្លួន​លោក​ អ៊ុំ​ សំ​អាន​ បន្ថែម​ទៀត​នេះ​ ធ្វើ​ឲ្យ​ចំនួន​មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​ដែល​ជាប់​ឃុំ​បាន​កើនឡើង​រហូត​ដល់​ ១៦​ នាក់​ ។​ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ ជូ​ង​ ជូ​ងី​ បញ្ជាក់​ថា​ ការ​ចាប់ខ្លួន​ទាំង​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សម​ រ​ង្ស៊ី​ និង​ចុង​ក្រោយ​គឺ​លោក​ អ៊ុំ​ សំ​អាន​ នេះ​គឺ​សមត្ថកិច្ច​និង​តុលាការ​ធ្វើ​ឡើង​ទាំង​បំពាន​ច្បាប់​ ព្រោះ​តំណាងរាស្ត្រ​ទាំង​ពីរ​នេះ​ មាន​អភ័យឯកសិទ្ធិ​សភា​នៅឡើយ​ ។​ តែ​បែប​នេះ​ក្ដី​ សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​ថា​នឹង​ចាប់ខ្លួន​ជន​ណា​នៅ​តែ​និយាយ​ថា​ រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​ចំពោះ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ៕​

Share

Image
Image
Image