ភ្នំពេញ ៖ « រាល់យុទ្ធមិត្ត និងមិត្តរួមការតស៊ូរំដោះជាតិ កសាងជាតិ សម្តេចនាយករដ្ឋមន្ត្រី មិនបំភ្លេចគុណបំណាច់របស់គេនោះឡើយ លើកលែងតែជនទាំងនោះបំភ្លេចបោះបង់សម្តេច » ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២២ខែ មេសា ឆ្នាំ ២០១៦នេះ ។
លោក ផៃ ស៊ីផាន សរសេរទៀតថា « សម្តេច ហ៊ុន សែន បានថ្លែងនូវការសោកស្តាយ និងអភ័យទោសជាមួយ និងវិប្បដិសារី ចំពោះជនរូបណា ដែលសម្តេច បានថ្លោះធ្លោយ ដោយពុំបានជិតស្និត និងរួមដោះស្រាយជាមួយ ។ ជាពិសេសសហការីការងារ កិច្ចការបរទេសរបស់សម្តេច ដែលបានរួមការតស៊ូ នៅទសវត្ស ៨០ ដែលសម្តេចទើបតែរកឃើញ គឺ លោក សៀង គឹមហ៊ុន» ៕