en     km
en     km

ហេតុ​អ្វី​​ការ​កក​ស្ទះ​ចរាចរណ៍​​ក្នុង​រាជធានី​​ភ្នំពេញ​​មាន​​រូប​ភាព​​កាន់​តែ​អាក្រក់​​ឡើង​​ពី​មួយ​ថ្ងៃ​​​ទៅ​មួយ​ថ្ងៃ​?

Share

ភ្នំពេញ​ ៖ ជា​ការ​កត់សម្គាល់​ ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​មានការ​កក់ស្ទះ​ដដែល​ និង​រឹតតែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ​ ការ​កក់​ស្ទះចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ប្រើ​ពេល​យូរ​ និង​មាន​រូបភាព​កាន់​ស្មុគស្មាញ​ថែម​ទៅ​ទៀត​ ។​ តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាល​ឱ្យ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កក់ស្ទះ​ជា​ញឹកញាប់​បែប​នេះ​?​ ចុះ​ដំណោះ
ស្រាយ​ចំពោះ​មុខ​ និង​ទៅ​ថ្ងៃ​អនាគត​យូរអង្វែង​ជា​អ្វី​? សូម​នាង​កញ្ញា​ លោក​ លោកស្រី​អញ្ជើញ​ស្តាប់​បទ​ អត្ថាធិប្បាយ​របស់​លោក​ កែវ​ សុខា​ ដូច​តទៅ​ ៖

 

traffic-Jam-text
ការ​កក​ស្ទះ​ចរាចរណ៍​​ក្នុង​រាជធានី​​ភ្នំពេញ ។ រូបភាពពី បណ្តាញសង្គម។

​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​បេះដូង​នៃ​បណ្តុំសេដ្ឋកិច្ច​ វប្បធម៌​ ទេសចរណ៍​ និង​នយោបាយ​ ។​ ភាព​សំបូរ​បែប​នេះ​ហើយ​ បាន​បណ្តាល​ឱ្យ​រាជធានី​មួយ​នេះ​ក្លាយ​ជាទី​ទាក់ចិត្ត​នៃ​មនុស្ស​ផង​គ្នា​មក​ដើរ​លេង​កំសាន្ត​ និង​ចង់​រស់នៅ​ ជា​ពិសេស​ភ្នំពេញ​បាន​ក្លាយ​ជាទី​ប្រាថ្នា​នៃ​ជីវិត​គូស្រករ​ថ្មីថ្មោង​ មក​ចង់​សាង​ជីវភាព​ថ្មី​ផង​ដែរ​ ។​​

​ភាព​សំបូរ​បែប​ ភាព​ស៊ី​វិល​ល័យ​ទាន់សម័យ​និង​រីក​ចំរើន​នេះ​ ក៏​បាន​រុញច្រាន​រាជធានី​ភ្នំពេញ​បន្តិច​ម្តងៗ​ទៅ​កាន់​ជ្រោះ​ជ្រៅ​មួយ​ នោះ​គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ។​ បើ​យើង​ពិនិត្យ​មើល​ឱ្យ​ស៊ីជម្រៅ​នោះ​យើង​នឹង​ឃើញ​ដើមចម​នៃ​ការ​ស្ទះចរាចរណ៍​នេះ​ ។​ តើ​ដើមចម​ ឬ​មូលហេតុ​នោះ​មាន​អ្វីខ្លះ​?​​

​ទី​១​គឺ​កត្តា​ភូមិសាស្ត្រ​ ។​ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ហាក់ដូចជា​ចង្អៀត​ពេក​ហើយ​បើ​ប្រៀបធៀប​ជាមួយ​ដងស៊ីតេ​ប្រជាជន​ ។​ មាន​ន័យ​ថា​ ផ្ទៃដី​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ គឺ​មាន​ទំហំ​តូច​ មិន​សមាមាត្រ​ទៅ​នឹង​កំណើនប្រជាជន​នោះ​ទេ​ ។​
​បញ្ហា​មួយទៀត​ ភ្នំពេញ​បាន​ក្លាយជា​បណ្តុំ​ជួបជុំ​នៃ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចដែល​បាន​រៀបរាប់​ខាងលើ​។​ ​​

ស្ថាប័ន​សាធារណៈ​ធំៗ​ សាកលវិទ្យាល័យ​ល្បីៗ​ ទីផ្សារ​ចែកចាយ​ផលិតផល​ដុំ​និង​រាយ​ផ្សេងៗ​  កន្លែង​ផ្តល់​សេវា​សុខាភិបាល​ទាំង​រដ្ឋ​ និង​ឯកជន​ល្បីឈ្មោះ​ បណ្តា​រោងចក្រ​សហ​គ្រាល​ទាំង​ខ្នាត​ធំ​ ខ្នាត​មធ្យម​ និង​ធន​តូច​  ព្រ​លាន​យន្តហោះ​ ព្រមទាំង​រមណី​ដ្ឋា​ន​ គ្រឹះស្ថាន​កំសាន្ត​សប្បាយ​នានា​ សុទ្ធតែ​បាន​ប្រមូលផ្តុំ​គ្នា​កកកុញ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​។​ ​វិសាលភាព​ និង​សក្តានុពល​ដ៏​អស្ចារ្យ​ដូចនេះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​តម្រូវការ​ចាំបាច់​មក​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែង​វា​ ។​ ភាព​អស្ចារ្យ​នេះ​ហើយ​ បាន​ជាទី​ទាក់ចិត្ត​ដល់​សិស្ស​ដែល​មិន​ទាន់​ប្រឡង​ជាប់​ថ្នាក់​វិទ្យាល័យ​ និង​ដៃគូរ​ស្នេហ៍​ថ្មីថ្មោង​ចង់​ប្រថុយ​ និង​ចង់​សាកល្បង​មក​សាង​ជីវិត​ថ្មី​លើ​ទឹកដី​ភ្លើងពណ៌​មួយ​នេះ​ គ្រែង​បាន​សមប្រកប​នឹង​គេ​ ។​​

​ក្នុង​បញ្ហា​ភូមិសាស្ត្រ​មួយទៀត​ដែល​នោះ​ គឺ​បញ្ហា​ផ្លូវ​។​ គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​សព្វថ្ងៃ​ក៏​កំពុង​តែ​ដុតដៃ
ដុតជើង​ខិតខំ​ប្រឹងប្រែង​កសាង​ និង​អភិវឌ្ឍ​ពង្រីក​ផ្លូវ​ជា​ពិសេស​គឺ​ស្ថាបនា​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​បាន​មួយ​ចំនួន​គួរ​ឱ្យ​កត់សម្គាល់​។​ មក​ដល់​ត្រង់នេះ​គេ​ទទួលស្គាល់​ថា​ រដ្ឋាភិបាល​ពិតជា​បាន​យកចិត្តទុកដាក់​ និង​មាន​ឆ​ន្ទះ​ដោះស្រាយ​បញ្ហា​ស្ទះចរាចរណ៍​នោះ​មែន​ ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ​សោកស្តាយ​ បញ្ហា​ស្ទះចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ដដែល​ព្រោះ​សមត្ថភាព​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កំណើនប្រជាជន​ និង​កំណើន​យានយន្ត​នៅឡើយ​នោះ​ទេ​ ។​​​

បញ្ហា​ដាច់​ដោយឡែក​មួយទៀត​ដែរ​ គឺ​បញ្ហា​ទីតាំង​ចត​រថយន្ត​ ។​ ជា​ការ​សង្កេត​នៅ​តាម​ទីតាំង​អាជីវកម្ម​នានា​រួម​មាន​ភោ​ជនី​ដ្ឋា​ន​ ហាង​លក់​ចំណីអាហារ​ ស្ថាប័នរដ្ឋ​មួយ​ចំនួន​ សា​លក​វិទ្យាល័យ​ ផ្សារ​ និង​នៅ​តាម​គ្រឹះស្ថាន​កំសាន្ត​សប្បាយ​ជា​ច្រើន​ មិន​មាន​ទីធ្លា​សម្រាប់​ចត​រថយន្ត​របស់​អតិ​ថ​ជន​គ្រប់គ្រាន់​នោះ​ទេ​ ។​ ម្ចាស់​អាជីវកម្ម​ទាំងនោះ​ក៏​បាន​ឆ្លៀត​លួច​យក​ទ្រង់​ផ្លូវ​មួយ​ចំណែក​ដើម្បី​ធ្វើ​ជា​ចំណតរថយន្ត​សម្រាប់​អតិ​ថ​ជន​របស់​ពួក​គេ​។​​

​សួរ​ថា​ហេតុ​អ្វី​បានជា​ម្ចាស់​អាជីវកម្ម​ទាំងនោះ​អាច​ធ្វើ​យ៉ាងដូច​នេះ​បាន​ ។​ មានការ​ស្ស័​យ​ថា​ ម្ចាស់​អាជីវកម្ម​ទាំងនោះ​អាច​សូក​លុយ​ចូល​ក្នុង​ហោប៉ៅ​របស់​អាជ្ញាធរ​ដែនដី​ ដែល​ជា​ថ្នូរ​ឱ្យ​អាជ្ញាធរ​បិទ​ភ្នែក​ បិទ​ច្រមុះ​ ធ្វើ​មិនដឹង​ធ្វើ​មិន​លឺ​ឬ​ដូច​ម្ត៉េ​ច​ ។​​

​ទី​២​ គឺ​កត្តា​យានយន្ត​ ។​ ចំនួន​ឡាន​ និង​ម៉ូតូ​ដែល​បាន​ចរាចរណ៍​លើ​ទ្រូងផ្លូវ​បច្ចុប្បន្ន​ត្រូវ​បាន​នឹង​ថា​ មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធប់​ ។​ គេ​មើលឃើញ​ថា​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​អាច​មាន​ឡាន​មួយ​គ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​ម៉ូតូ​២​គ្រឿង​ឬ​១​គ្រឿង​ដែល​មាន​សមាជិក​ចាប់ពី​៤​នាក់​ឡើង​ទៅ​ ។​ ​បញ្ហា​ចំនួន​ប្រើប្រាស់​យានយន្ត​នេះ​ ក៏​ជា​ចំណែក​មួយ​នាំ​ឱ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ផង​ដែល​ ។​ តែ​ទោះ​យ៉ាងនេះ​ក្តី​ គេ​មិន​អាច​ហាមឃាត​ប្រជាជន​មិន​ឱ្យ​ទិញ​រថយន្ត​ច្រើន​នោះ​ទេ​ ព្រោះ​នេះ​ជា​សិទ្ធិ​ និង​ស្រប​តាម​ប្រទេស​កាន់​របប​ទីផ្សារសេរី​។​​

​ទី​៣​ កត្តា​អាកប្បកិរិយា​នៃ​អ្នក​ប្រើប្រាស់​ទ្រួ​ង​ផ្លូវ​ ។​ ជា​ការ​កត់សម្គាល់​ មាន​ប្រជាជន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ដែល​មាន​ឆ​ន្ទះ​គោរព​ច្បាប់​ចរាចរណ៍​ ចំណែក​ប្រជាជន​មួយ​ចំនួន​ធំ​វិញ​មិន​បាន​ខ្វល់​ពី​ច្បាប់​អ្វី​នោះ​ទេ​ គឺ​ពួក​គេ​បាន​ធ្វើ​ទៅ​តាម​ទម្លាប់​តែ​ប៉ុណ្ណោះ​ ។​ ការ​បើក​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ ការ​បើកបរ​ប្រជែង​គ្នា​ ប្រជ្រៀត​គ្នា​ឱ្យ​តែ​អា​ញ​បាន​ទៅ​មុខ​គឺថា​ជា​សិ​ទិ្ធ​របស់​ពួក​គេ​ ។​ ​ចំណែក​ការ​សង់​រោងការ​ រោង​បុណ្យ​ និង​រោង​ពិធី​មួយ​ចំនួន​ក៏​បាន​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​ ។​ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​យក​ទ្រូងផ្លូវ​សាធារណៈ​ មក​សង់រោង​រៀបចំ​ពិធីបុណ្យ​ ពិធី​មង្គល់ការ​ ឬ​ក៏​ពិធីជប់លៀង​ផ្សេងៗ​ទៅ​វិញ​ ។​ ​ប្រការ​ធ្វើ​ឱ្យ​អ្នក​ម្ចាស់​យានយន្ត​ដែល​ធ្លាប់តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​នោះ​ជា​រៀងរាល់ថ្ងៃ​ ត្រូវ​បញ្ជៀ​សទិស​ដៅ​ធ្វើ​ដំណើរ​ ឬ​ត្រូវ​ប្រជ្រៀត​គ្នា​ ។​ នេះ​ក៏​ជា​ចំណែក​មួយ​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​ ។

​រីឯ​ការ​បិទ​ចរាចរណ៍​ត្រង់​កំណាត់​ផ្លូវ​ណាមួយ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​គណៈអធិបតី​ ឬ​អ្នកមុខអ្នកការ​ឆ្លងកាត់​នោះ​ ក៏​ជា​បច្ច័យ​មិនល្អ​ផង​ដែរ​ចំពោះ​ចរាចរណ៍​របស់​ពលរដ្ឋ​ទូទៅ​ ។​ នៅ​ពេល​មានការ​   សម្ពោធ​ទីតាំង​អ្វីមួយ​ ដែល​មានការ​ចូលរួម​កាត់​ខ្សែបូ​ពី​សំណាក់​ពី​គណៈអធិបតី​ ថ្នាក់ដឹកនាំ​ប្រទេស​គឺ​គេ​តែងតែ​ឃើញ​ថា​ សមត្ថកិច្ច​បាន​ហាមឃាត​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ត្រង់​កំណាត់​ផ្លូវ​នោះ​ ។​ នៅ​ពេល​ចប់​ពិធី​សព្វគ្រប់​ និង​នៅ​ពេល​ដែល​អាជ្ញាធរ​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ ពេល​នោះ​ហើយ​ដែល​គេ​ឃើញ​ថា​ ចរាចរណ៍​ចាប់ផ្តើម​ស្ទះ​ពេល​ខ្លះ​អាច​ស្ទះ​មួយ​កំណាត់​ថ្ងៃ​ក៏​មាន​។​​

បើ​និយាយ​ពី​ការ​ខាតបង់​នានា​ដែល​បង្ក​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​វិញ​ម្តង​។​​

​ទី​១​ ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ ។​ នៅ​ពេល​ដែល​មានការ​កកស្ទះ​ចរាចរណ៍​ម្តងៗ​ កម្ពុជា​បាន​ខាត​ថវិកា​ជា​ច្រើន​ទៅ​លើ​ប្រេងសាំង​ ។​ ត្បិត​មិន​ទាន់​មានការ​សិក្សា​ណាមួយ​ពី​តំលៃ​ខាត​នេះ​ក៏​ដោយ​ ក៏​គេ​អាច​ដឹង​បាន​ថា​ នៅ​ពេល​ជាប់​ស្ទះ​ម្តងៗ​យានយន្ត​ទាំងអស់​ត្រូវធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​គើ​មៗ​ ដែល​នេះ​ជា​ប្រការ​មួយ​ធ្វើការ​ចំណាយ​លើ​ប្រេងសាំង​មានការ​កើនឡើង​ទ្វេ​ដង​ ។​​

​មួយវិញទៀត​ អ្នក​វិនិយោគ​ធំៗ​ ច្បាស់​ជា​មិន​មក​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះ​គេ​នឹង​ត្រូវ​ខាតបង់​ដោយសារ​តែ​ត្រូវ​ចំណាយ​ពេលវេលា​ដើម្បី​រំដោះខ្លួន​គេ​ក្នុង​ជំងឺ​ស្ទះចរាចរណ៍​នេះ​ ។​ ពិត​ណាស់​ពេលវេលា​សម្រាប់​អ្នក​វិនិយោគ​ពិតជា​សំខាន់​ណាស់​ ព្រោះ​អ្នកជំនួញ​ និង​អ្នក​រកស៊ី​តែងតែមាន​កាន់​គោលការណ៍​មួយ​ថា​ ពេលវេលា​ជា​មាសប្រាក់​ ។​ ​ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ អ្នក​ទេសចរណ៍​ពិតជា​ពិបាក​សម្រេចចិត្ត​មក​កំសាន្ត​ក្នុង​ប្រទេស​កម្ពុជា​ម្តងទៀត​ប្រសិនបើ​គេ​ជួប​មេរៀន​មិនល្អ​ ពោល​គឺ​វិបត្តិ​ផ្លូវចិត្ត​ពី​ការ​ស្ទះចរាចរណ៍​នេះ​ ។​ វា​ក៏​អាច​នាំ​ឱ្យ​ខាតបង់​អ្នក​ទេសចរណ៍​ថ្មីៗ​ទៀត​ផង​ដែរ​ ប្រសិនបើ​អ្នក​ទេសចរណ៍​ដែល​មាន​គម្រោង​មក​កម្ពុជា​ បានដឹង​ថា​បញ្ហា​ចរច​រា​ណ៍​ក្នុង​ប្រទេស​កម្ពុជា​មាន​បញ្ហា​នោះ​។​​

​ការ​ខាតបង់​មួយទៀត​ គឺ​មិន​មាន​អ្វី​មក​អាច​គណនា​ជា​ទឹកប្រាក់​បាន​នោះ​ទេ​ នោះ​គឺ​ការ​ការ​កើត​ជំងឺ​វិបត្តិ​ផ្លូវចិត្ត​ ។​ ពលរដ្ឋ​នឹង​កើត​មាន​វិបត្តិ​ផ្លូវ​ចិត្តជា​រៀង​រាល់ពេល​ដែល​គេ​ជួប​ប្រទះ​ការ​កកស្ទះ​ចរាចរណ៍​ ។​ មនុស្ស​អាច​ឈ្លោះប្រកែក​គ្នា​ព្រោះ​ដោយសារ​ការ​ប្រជែង​គ្នា​ដណ្តើម​គ្នា​ទៅ​មុខ​។​ ពលរដ្ឋ​កើតការ​គុំ​គួ​ន​គ្នា​ ស្អប់​ខ្លួនឯង​ ស្អប់​សង្គម​ ស្អប់​ប្រទេស​ជាតិ​ នៅ​ពេល​ដែល​បញ្ហា​សង្គម​មួយ​នេះ​កាន់តែ​រីក​ធំ​ទៅៗ​ ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​ទាន់​ពេលវេលា​ ។​ មនុស្ស​កាន់តែ​មើលឃើញ​សង្គម​កាន់តែ​អាក្រក់​ទៅ​អាក្រក់​ទៅ​ លែង​ខ្វល់​ពី​ការ​ចង់​ស្តារ​ប្រទេស​ជាតិ​ រស់នៅ​សូម​តែ​រួច​ផុត​ត្រឹមតែ​អាត្មា​ខ្លួនឯង​ និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​ ។​​

​ដំណោះស្រាយ​ចំពោះ​បញ្ហា​ស្ទះចរាចរណ៍​នេះ​ គឺ​ត្រូវ​តែ​មាន​វិធានការ​ ។​ ពិត​ណាស់​បញ្ហា​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ក្លាយជា​ដំបៅ​មហារីក​ទៅ​ហើយ​ ដែល​ទាមទារ​ត្រូវការ​ឱសថ​ល្អ​ និង​ពេលវេលា​មួយ​សម​ល្មម​ ។​​

​មក​ដល់​ត្រឹមនេះ​ត្រូវ​មាន​វិធានការ​មួយ​ចំនួន​ដើម្បី​ចូលរួម​ជា​ទស្សនទាន​ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​ស្ទះចរាចរណ៍​៖

​វិធាន​ការណ៍​ទី​១​ គឺ​ការ​បញ្ជៀ​ស ។​ រដ្ឋាភិបាល​ តាម​រយៈ​អាជ្ញាធរ​ដែនដី​ ត្រូវ​តែ​ហ៊ាន​សម្រេចចិត្ត​ភ្លាមៗ​ដោយ​បញ្ជៀ​ស​នូវ​រាល់​ទីតាំង​អាជីវកម្ម​ធំៗ​ ដែល​ចង់​មក​វិនិយោគ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ រដ្ឋាភិបាល​ត្រូវ​បញ្ជៀ​ស​ទីតាំង​ទាំងនោះ​ទៅ​តាម​បណ្តា​ខេត្ត​ ឬ​ក៏​នៅ​តាម​ជាយ​រាជធានី​ភ្នំពេញ​វិញ​ ។​ រដ្ឋាភិបាល​ត្រូវ​តែ​ចាប់​បញ្ជៀ​ស​ និង​រំដោះ​ស្ថាប័ន​សាធារណ​ធំៗ​ រួម​មាន​មន្ទីរពេទ្យ​ សា​លក​វិទ្យាល័យ​ ព្រ​លាន​យន្តហោះ​ ឱ្យ​ស្ថិត​នៅ​តាម​ជាយក្រុង​វិញ​ ។​​

​វិធាន​ការណ៍​ទី​២​ គឺ​ការ​ពង្រីក​ទ្រូងផ្លូវ​ សង់ស្ពាន​អាកាស​  សង់​ផ្លូវអាកាស​សម្រាប់​អ្នក​ថ្មើរជើង​  ផ្លូវ​ក្រោម​ដី​  និង​ផ្លូវ​ល្បឿន​លឿន​ជាដើម​ ។​ វិធាន​ការណ៍​ទី​២​ យើង​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​ និង​អាជ្ញាធរ​  បាន​ខិតខំ​ធ្វើ​ជា​បណ្តើរៗ​ហើយ​ តួយ៉ាង​ដូច​ជា​ ស្ពាន​អាកាស​ប្រាំពីរ​មក​រា​ ប្រាំ​មក​រា​ ស្ពាន​អាកាស​ក្បាលថ្នល់​ និង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជាដើម​ ។​ តែ​យ៉ាងណា​រដ្ឋាភិបាល​ត្រូវ​បន្ត​ និង​ព​ន្លឿ​ន​វិធានការ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​បន្តិច​ ។​​

​វិធាន​ការណ៍​ទី​៣​ រដ្ឋាភិបាល​ត្រូវធ្វើ​ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ដើរ​ ព្រោះ​ផ្លូវ​នេះ​អាច​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​ស្ថាប័នរដ្ឋ​ និង​ឯកជន​ ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​ស្ថាប័ន​ អង្គភាព​ និង​ក្រុមហ៊ុន​ អាច​ធ្វើ​ដំណើរ​មក​ធ្វើការ​ដោយ​ម​ធ្យា​បាយ​ថ្មើរជើង​ ជៀសវាង​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ ។​ តែ​យ៉ាងណា​អាជ្ញាធរ​ ត្រូវ​ស្ថាបនា​ផ្លូវ​ថ្មើរជើង​នោះ​ឱ្យ​មាន​សោភ័ណ​ភាពល្អ​ ពោល​គឺ​ត្រូវ​មាន​ដាំ​ដើមឈើ​ធំៗ​ផ្តល់​ម្លប់​ត្រជាក់​ និង​មាន​សួនច្បារ​តាម​ដងផ្លូវ​ផង​ ដើម្បី​ទាក់ចិត្ត​ឱ្យ​អ្នក​ធ្វើ​ដំណើរ​បាត់​ការ​ហត់​នឿ​ន​បាន​ខ្លះ​ ។​ ​ចំណុច​នេះ​ រដ្ឋាភិបាល​ត្រូវ​ជំរុញ​ដល់​មន្ត្រីរាជការ​ ចំណែក​ក្រុមហ៊ុន​ឯង​ជន​វិញ​ត្រូវ​លើកទឹកចិត្ត​ដល់​បុគ្គលិក​របស់​ខ្លួន​ ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ខ្លះ​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ការ​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ក្នុង​បរិយាកាស​ ជា​ពិសេស​គឺជា​លំ​ហាត់ប្រាណ​មួយ​ប្រភេទ​ផង​ដែរ​។​​

​វិធាន​ការណ៍​ទី​៤​ គឺ​ត្រូវការ​បង្កើន​ចំនួន​រថយន្ត​សាធារណ​ឱ្យ​បាន​ច្រើន​ ព្រោះ​រថយន្ត​សាធារណ​សព្វថ្ងៃ​នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​និង​ចំនួន​អ្នក​ដែល​ចង់​ប្រើប្រាស់​បាន​នៅឡើយ​ទេ​ ដែល​នេះ​ជា​មូលហេតុ​នាំ​ឱ្យ​ប្រជាជន​នៅ​តែ​ប្រើ​យានយន្ត​ផ្ទាល់ខ្លួន​ដដែល​ ។​ ចំណែក​សេវា​ដឹក​ជញ្ជូន​ត្រូវ​តែ​រហ័ស​ និង​មាន​តំលៃ​ថោក​សមរម្យ​ ។​​

​វិធាន​ការណ៍​ទី​៥​ គឺ​ការ​កំណត់​ម៉ោង​ពេលធ្វើការ​ និង​ម៉ោង​ចាក​ចេញពី​ធ្វើការ​ ។​ សព្វថ្ងៃ​ទាំង​ស្ថាប័នរដ្ឋ​ ក្រុមហ៊ុន​ឯកជន​ បាន​កំណត់​ម៉ោង​ពេល​ចូល​ធ្វើការ​និង​ចាក​ចេញពី​ធ្វើការ​ងារ​វិញ​ ស្ទើរតែ​ប្រហាក់ប្រហែល​គ្នា​ទៅ​ហើយ​ គឺ​ចន្លោះ​ពេល​ចូល​ធ្វើការ​ពី​ម៉ោង​ ៧​និង​ម៉ោង​៨​ព្រឹក​ ។​ ចំណែក​ម៉ោង​ចាកចេញ​វិញ​គឺ​ចន្លោះ​ពី​ម៉ោង​៤​ និង​ម៉ោង​៥​ល្ងាច​ ។​ ម៉ោង​ពេលធ្វើការ​និង​ចេញពី​ធ្វើការ​ដូច​គ្នា​បែប​នេះ​ ពិត​ណាស់​គឺ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​បញ្ចេញ​យានយន្ត​របស់​ខ្លួន​មក​លើ​ទ្រង់​ផ្លូវ​ ក្នុង​ម៉ោង​ពេល​តែ​មួយ​ ។​ ដូច្នេះ​ស្ថាប័នឯកជន​ដែល​មា​នទី​តាំងនៅ​ជិត​ស្ថាប័នរដ្ឋ​ ត្រូវ​ពិចារណា​ម៉ោង​ពេល​ចូល​ និង​ចេញពី​ធ្វើការ​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ជៀសវាង​ការ​សម្រុក​មក​ និង​ទៅ​ជាន់​គ្នា​ដែល​បណ្តាល​ឱ្យ​កកស្ទះ​ចរាចរណ៍​ ។​​

​វិធាន​ការណ៍​ទី​៦​ អាជ្ញាធរ​គួរតែ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ ដូច​ជា​ហាង​លក់ទំនិញ​ ភោ​ជនី​ដ្ឋា​ន​ និង​ហាង​លក់​ចំណីអាហារ​ជាដើម​ មុន​នឹង​ត្រូវ​បើក​ការ​រកស៊ី​ត្រូវ​សង់​ចំណត​របស់​ខ្លួន​ឱ​សមាមាត្រ​ទៅ​នឹង​ចំនួន​អតិ​ថ​ជន​របស់​ខ្លួន​ ។​ ជាក់ស្តែង​មាន​ហាង​ និង​ភោ​ជនី​ដ្ឋា​ន​មួយ​ចំនួន​បាន​សង់​ចំណត​ក្រោម​ដី​ ដែល​នេះ​វិធានការ​មួយ​ល្អ​ដើម្បី​រំដោះ​ទ្រង់​ផ្លូវ​ពី​ម្ចាស់​អាជីវកម្ម​ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ ។​​

​វិធាន​ការណ៍​ទី​៧​ គឺ​ការ​កំណត់​ការ​បើកបរ​រថយន្ត​ស្លាក​លេខ​សេស​ និង​រថយន្ត​ស្លាក​លេខ​គូ​ ។​ មាន​ន័យ​ថា​ រថយន្ត​ដែល​មាន​ពាក់​ស្លាក​លេខ​គូ​អាច​បើកបរ​ចូល​ក្រុងភ្នំពេញ​តែ​ក្នុង​ថ្ងៃ​គូ​តែ​ប៉ុណ្ណោះ​ ចំណែក​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​សេស​ គឺ​មិន​អាច​បើកបរ​ចូល​ក្រុងភ្នំពេញ​បាន​នោះ​ទេ​ ។​ វិធាន​ការណ៍​នេះ​ ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​បាន​យក​ទៅ​អនុវត្ត​ហើយ​ ព្រោះថា​ ប្រទេស​ទាំងនោះ​ចង់​កាត់​បន្ថយ​កាត​បញ្ចេញ​ផ្សែង​ពុល​ក្នុង​បរិយាកាស​ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ​ផង​ដែរ​ ។​ ចំពោះ​ចំណាតការ​នេះ​ អាច​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​យានយន្ត​ដែល​ចរាចរ​ក្នុង​ក្រុងភ្នំពេញ​ ព្រោះ​នៅ​ពេល​មាន​ចំណាតការ​បែប​នេះ​ នោះ​ប្រជាជន​នឹង​ផ្លាស់​ប្តូ​រម​ធ្យា​បាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​ មក​ទទួលយក​សេវា​ដឹក​ជញ្ជូន​សាធារណ​ ឬ​ក៏​អាច​ដោយសារ​រថយន្ត​ជាមួយ​មិត្ត​ភក្តី​ បងប្អូន​វិញ​ ដែល​ប្រការ​នេះ​ក៏​អាច​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ផង​ដែរ​។​​

​សរុបសេចក្តី​មក​ មាន​តែ​ការ​ចូលរួម​ដោយ​ឆ​ន្ទះ​របស់​រដ្ឋាភិបាល​ និង​ពលរដ្ឋ​គ្រប់​គ្នា​ទេ​ ទើប​អាច​ដោះ​ស្រា​បញ្ហា​ ការ​ស្ទះចរាចរណ៍​មួយ​នេះ​បាន​នៅ​រាជធានី​ភ្នំពេញ​ ៕​

Share

ព័ត៌មានទាក់ទង

Image