ភ្នំពេញ៖ សមាគមសិទ្ធិមនុស្សអាដហុក ប្រកាសលែងផ្ដល់មេធាវីការពារក្ដីឱ្យកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយលើកហេតុផលថាកញ្ញាលែងស្ថិតនៅក្រោមការគំរាមកំហែងទៀតហើយ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមសិទ្ធិមនុស្សអាដហុក ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ បានលើកឡើងថា កន្លងមកសមាគមនេះយល់ឃើញថា កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ពិតជាស្ថិតនៅក្រោមការគំរាមកំហែងនិងភិតភ័យផ្នែកនយោបាយ ទើបសមាគមអាដហុកផ្ដល់មេធាវីការពារក្ដីឱ្យ ។ ប៉ុន្តែនៅគ្រានេះ សមាគមយល់ឃើញថា កញ្ញា ស្រីមុំ មិនស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទៀតនោះទេ ។
ក្នុងន័យនេះ សមាគមអាដហុកចាត់ទុកករណីរបស់កញ្ញា ស្រីមុំ ជាបណ្ដឹងបរិហារកេរ្តិ៍ គឺគ្រាន់តែជារឿងវិវាទធម្មតារវាងបុគ្គលសាមញ្ញនិងបុគ្គលសាមញ្ញ មិនស្ថិតនៅក្នុងអាណត្តិរបស់សមាគម ហើយចំណុចមួយទៀត ករណីផ្ដល់សក្ខីកម្មក្លែងនិងមានអំពើពេស្យាចារ អាដហុកយល់ឃើញថា នីតិវិធីបន្ដគឺកញ្ញាស្រីមុំ អាចគ្រាន់តែជាសាក្សីតែប៉ុណ្ណោះ ។
សូមជម្រាបថា៖ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ មានមេធាវីម្នាក់ គឺ លោកស្រី គ្រី ឈួន ជាមេធាវីសមាគមអាដហុក ។
រឿងរ៉ាវរបស់កញ្ញា ស្រីមុំ នាពេលនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការរាជធានីភ្នំពេញ គឺ បន្ទាប់ពីព្រះរាជអាជ្ញារងរបស់តុលាការនេះ អះអាងថា កញ្ញា ស្រីមុំ បានសារភាពថា សំឡេងខ្សែអាត់មួយចំនួនដែលគេលួចថតបាននោះ គឺពិតជាសំឡេងរបស់នាង មិនតែប៉ុណ្ណោះលោកព្រះរាជអាជ្ញា អះអាងថា កញ្ញា ស្រីមុំ បានសារភាពថា លោក កឹម សុខា បង្គាប់ឱ្យកញ្ញាបដិសេធកន្លងមក ។
មកដល់ពេលនេះគេពុំដឹងថា លោក កឹម សុខា ស្ថិតនៅក្នុងប្រទេសឬក៏ក្រៅប្រទេស ខណៈសំនុំរឿងរបស់គាត់ទាក់ទងនឹងកញ្ញា ស្រីមុំ ធ្លាក់ដល់តុលាការ ៕