អ្នកនយោបាយថៃម្នាក់នៃ គណបក្សភឿថៃគឺលោក Watana Muangsook ត្រូវបានដោះលែងនៅក្រៅឃុំបន្ទាប់ពីបង់ប្រាក់ធានា និងដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលពីតុលាកា ។ ការដោះលែង លោក Watana Muangsook បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមសិទ្ធិមនុស្សអន្ដរជាតិបានទាមទារឲ្យរដ្ឋាភិបាលថៃដោះលែងអ្នកនយោបាយរូបនេះ ដោយហៅលោក Watana ថាជាអ្នកទោសមនសិការដែលបានបញ្ចេញមតិដើម្បី ទាមទារឲ្យរដ្ឋធម្មនុញ្ញមួយ ប្រកបដោយភាពសេរីនិងការគោរពសិទ្ធិមនុស្ស ។
តាមកាសែតថៃ The Nation ក្រុមប្រឹក្សាយោធាថៃបានដាក់ឱ្យលោក Watana នៅក្រៅឃុំ ដោយបង់ប្រាក់ធានាចំនួន៨០០០០បាត ប៉ុន្តែហាមចាកចេញពីប្រទេស ។
អ្នកនយោបាយគណបក្សភឿថៃរូបនេះត្រូវបានចាប់ឃុំខ្លួន យកទៅឃុំនៅមណ្ឌលឃុំឃាំងរបស់ពួកយោធាកាលពីថ្ងៃចន្ទគឺភ្លាមៗ បន្ទាប់ពីលោករិះគន់សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ថាមានចរិតរឹតត្បិតនិងពោរពេញដោយការគំរាមកំហែងលើសេរីភាពនយោបាយរបស់ពលរដ្ឋថៃ ។
ប្រទេសថៃគ្រោងនិងដាក់ឲ្យធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីនេះនៅខែកក្កដា ឆ្នាំ២០១៦ ប៉ុន្ដែរដ្ឋធម្មនុញ្ញដែលពួកយោធារៀបរៀងមិនទទួលបានការគាំទ្រជាទូទៅពីអ្នកនយោបាយនិងប្រជាជនថៃនោះទេ ៕
ប្រភព៖ The Nation