en     km
en     km

គណៈមេធាវី​​ ៖​ ​តុលាការ​ទម្លាយ​រឿង​សម្ងាត់​កញ្ញា​ ស្រី​មុំ​ មិន​ខុស​វិជ្ជាជីវៈ​

Share

ភ្នំពេញ ​៖​ កាលពីដើម​ស​ប្តា​ហ៍​នេះ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទម្លាយ​រឿង​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ថា​បាន​ទទួលស្គាល់​ខ្សែអាត់​សំឡេង​ និង​ទំនាក់ទំនង​ជាមួយ​មេ​​បក្ស​ប្រឆាំង​ ។​ រឿង​នេះ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា​ សេចក្តីថ្លែងការណ៍​នេះ​មិន​ខុស​​វិជ្ជា​ជិ​វៈ​តែ​អ្នក​ច្បាប់​និង​អ្នកវិភាគ​បញ្ហា​សង្គម​យល់​ថា​ ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​តុលាការ​ ហើយ​ស្ថាប័ន​មេធាវី​បង្ហា​ញ​ជំហរ​មិន​ឯករាជ្យ​ ។​

LAWER-WMC

​ប្រធាន​គណៈមេធាវី​កម្ពុជា​បាន​លើក​ឡើង​ថា​ សេចក្តីថ្លែងការណ៍​របស់​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទម្លាយ​រឿង​សម្ងាត់​ករណី​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ដែល​ស្ថិត​នៅ​ក្នុង​នីតិវិធី​ស៊ើបអង្កេត​គឺ​មិន​ខុស​ពី​វិជ្ជាជីវៈ​តុលាការ​ទ​។​ លោក​សម្អាង​ថា​ តុលាការ​អាច​សេចក្តីថ្លែងការណ៍​ ដើម្បី​កុំ​មតិ​មហាជន​មានការ​ភាន់ច្រឡំ​។​

«​ច្បាប់​អនុញ្ញាត​ឱ្យធ្វើ​សេចក្តីថ្លែងការណ៍​ ប៉ុន្តែ​ប្រសិនបើ​ខ្លឹមសារ​សេចក្តី​ថ្លែង​យ៉ាងណា​នោះ​ អាហ្នឹង​ !​ វា​អាស្រ័យ​ករណី​មួយៗ​ ប្រសិនជា​សេចក្តីថ្លែងការណ៍​ណា​វា​ហួស​កម្រិត​ដែល​ត្រូវ​បញ្ចេញ​ អាហ្នឹង​ !​ ក៏​វា​ខុស​ដែរ​»​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​លើក​ឡើង​ថា​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ទទួលស្គាល់​ថា​ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គន​បក្ស​សង្គ្រោះ​ជាតិ​ និង​ទទួលស្គាល់​សំឡេង​ខ្សែអាត់​មួយ​ចំនួន​ជា​សំឡេង​របស់​កញ្ញា​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា​ ទំនាក់ទំនង​រវាង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​កញ្ញា​ ស្រី​មុំ​ មានការ​រៀបចំ​ពី​បុគ្គល​មួយ​ចំនួន​ ហើយ​តុលាការ​នឹង​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អ្នក​ទាំងនោះ​ ។​

​សេចក្តីថ្លែងការណ៍​ «​ទំនាក់ទំនង​រវាង​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ និង​ ឈ្មោះ​ កឹ​ម​ សុខា​ មានការ​រៀបចំ​ពី​បុគ្គល​មួយ​ចំនួន​ ដែល​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​បន្ត​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​»​ ។​
​ដោយឡែក​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ សេចក្តីថ្លែងការណ៍​នេះ​ ពិតជា​ខុស​ក្រមសីលធម៌​វិជ្ជា​ជិ​វៈ​តុលាការ​។​

​លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ត្រី​កាលពី​ម្សិលមិញ​ថា​ សេចក្ដីថ្លែងការណ៍​នោះ​ គឺ​ខុស​នឹង​នីតិវិធី​វិជ្ជាជីវៈ​តុលាការ​ ។​ លោក​ សំអាត​ បាន​ចាត់​ទុក​សេចក្តី​ថ្លែង​ការ​នោះ​ បាន​គំរាម​គំ​ហែង​ដល់​ស្មារតី​និង​សិទ្ធ​ឯកជន​របស់​កញ្ញា​ ស្រី​ មុំ​ យ៉ាងធ្ងន់ធ្ងរ​។​

លោក​ អំ​ សំអាត​ និយាយ​ថា​៖​ «​បើ​យើង​គិត​រឿង​វិជ្ជាជីវៈ​របស់​តុលាការ​ថា​វា​ខុស​ទៅ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មួយ​យ៉ាងធ្ងន់ធ្ងរ​នៅ​ពេល​ដែល​តុលាការ​ធ្វើការ​ទំលាយ​រឿង​សម្ងាត់​ជន​ណា​ម្នាក់​…​ ។​ បញ្ហា​នេះ​គឺជា​ប្រកាស​ជា​សាធារណ៍​មួយ​ ហើយ​ជា​ការ​បំបាក់ស្មារតី​ ក៏​ដូច​ជា​ការ​គំរាម​គំ​ហែង​ តាម​ពិត​នេះ​ជា​រឿង​ឯកជន​»​។​

បើ​យ៉ាងនេះ​ក្ដី​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ប៊ុ​ន​ ហ៊ុន​ និយាយ​ថា​ ក្នុង​នាម​ជា​គណៈមេធាវី​ នឹង​មិន​ចេញ​សេចក្តី​ថ្លែង​ការ​ថ្កោលទោស​ និង​ ការ​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​ទេ​ ព្រោះ​មិន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ។​

«​អត់​ទេ​!​ ខ្ញុំ​អត់​មាន​កាតព្វកិច្ច​អី​ទៅ​ពាក់ព័ន្ធ​រឿង​ហ្នឹង​ នៅ​ក្នុង​ស្ថាប័ន​គណមេធាវី​កាតព្វកិច្ច​សំខាន់​គឺ​យើង​ការពារ​នឹង​តាមដាន​ការ​អនុវត្ត​វិជ្ជាជីវ​មេធាវី​ ហើយនឹង​ការ​រំលោភ​បំពាន​លើក​ការ​ប្រកប​វិជ្ជាជីវ​មេធាវី​តែ​ប៉ុណ្ណឹង​ទេ​!​ អា​រឿង​ពាក់ព័ន្ធ​ជាមួយ​របស់​តុលាការ​ ពាក់ព័ន្ធ​ជាមួយ​រឿង​ក្តី​នីមួយៗ​ មិនមែន​ជា​សមត្ថកិច្ច​របស់​គណមេធាវី​ដែល​ត្រូវ​លូកដៃ​នោះ​ទេ​»​។​
​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​បាន​ចាត់​ទុក​ការ​លើក​ឡើង​បែប​នេះ​របស់​គណៈមេធាវី​ គឺ​ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នកនយោបាយ​ និង​មិន​ឯករាជ្យ​ ។​

លោក​ មាស​ នី​ មើលឃើញ​ថា​តាម​ពិត​ទៅ​តួនាទី​របស់​តុលាការ​ និង​គណៈមេធាវី​ គឺជា​ដៃគូ​សហការ​យ៉ាង​ជិត​ស្និត​ត្រួតពិនិត្យ​តាមដាន​ដំណើរការ​នៃ​ការ​អនុវត្ត​ច្បាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ។

«​តាម​ពិត​មេធាវី​ និង​ តុលាការ​ ជា​ដៃគូ​មួយ​ដែល​គេ​ធ្វើ​ឲ្យ​មាន​តុលាការ​ ចៅក្រម​ មេធាវី​ គឺ​ ដើម្បី​រក្សា​យុត្តិធម៌​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​គូភាគី​ដែល​មាន​ទំនាស់​ អ​ញ្ចឹ​ង​មេធាវី​មាន​សិទ្ធ​ក្នុង​ការ​តាមដាន​ ក្នុង​រឿង​អ្វីមួយ​ដែល​តុលាការ​ខ្វះខាត​គឺ​មេធាវី​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​»​។​

​គណៈមេធាវី​  មាន​តួនាទី​ចូលរួម​ក្នុង​ការ​លើក​ស្ទួយ​ប្រព័ន្ធ​យុត្តិធម៌​ តាម​រយៈ​ការ​ផ្តល់​មេធាវី​ជូន​ដល់​ពលរដ្ឋ​ដែល​មិន​ចេះ​ពី​នីតិវិធី​ច្បាប់​ ដើម្បី​ការពារ​ខ្លួន​ និង​ ការពារ​សិទ្ធិ​ពលរដ្ឋ​ ។​ តួនាទី​មួយទៀត​ដែរ​ គណៈមេធាវី​ត្រូវ​ចូលរួម​ជា​យោបល់​ ឬ​ តវ៉ា​ផ្នែក​ផ្លូវច្បាប់​ដើម្បី​ធានា​ឱ្យ​ច្បាប់​ចេញ​មក​មានការ​អនុវត្ត​បាន​ផល​ល្អ​៕

Share

ព័ត៌មានទាក់ទង

Image