ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៦ នេះថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ។ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ចាប់ ក្រសួងនឹងបញ្ជូនបន្តទៅថ្នាក់លើ ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ ។ នេះបើតាមការបន្ថែមរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ។
លោក អ៊ុក គឹមសេង បន្តថា នៅពេលដែលសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានលេចចេញជារូបរាងហើយនោះ ស្ថាប័នសាធារណៈត្រូវមានកាតព្វកិច្ចជាច្រើនដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ លោកថា នៅក្នុងមាត្រាមួយចំនួនបានចែងពីស្ថាប័នដែលទទួលកិច្ចការព័ត៌មាន ត្រូវតែផ្សព្វផ្សាយព័ត៌មានឬបង្ហាញព័ត៌មានណាមួយដែលច្បាប់អនុញ្ញាតឱ្យបង្ហាញ ឬ តំរូវឱ្យផ្សព្វផ្សាយ ហើយពេលខ្លះមិនចាំបាច់មានការស្នើសុំនោះទេ។