en     km
en     km

ក្រសួង​ព័ត៌មាន​​ ៖​​ វិស័យ​​សារព័ត៌​មាននៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​

Share

ភ្នំពេញ ៖ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ទ្បើ​ង​ថា​ វិស័យ​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន​ មាន​ន័យ​ថ​វិស័យ​នេះ​បាន​ដើរទៅ​រក​ផ្លូវ​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​ ។​ ចំណែក​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ ក៏​បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ផង​ដែរ​ ប៉ុន្តែ​សេរីភាព​នេះ​នៅ​មាន​បញ្ហា​ប្រឈម​នៅ​ទ្បើ​យ​ ។​ ​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​!

 

Ouk-Kimseng1
អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​ អ៊ុ​ក​ គឹ​ម​សេង

 ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បាន​លើក​ទ្បើ​ង​ថា​វិស័យ​សារព័ត៌​មាននៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​គឺ​មាន​ភាពល្អ​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់​ ។​ ទន្ទឹម​នឹង​មាន​ភាពល្អ​ប្រសើរ​នេះ​លោក​ថា​ អ្នក​សារព័ត៌មាន​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​ឱ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ខ្លួន​ភ្ជាប់​ជាមួយ​និង​ការ​ទទួលខុសត្រូវ​ផង​ដែរ​ ។​ ​ទោះជា​យ៉ាងណា​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ ទទួលស្គាល់​ថា​អ្នក​សារព័ត៌មាន​ពិតជា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ប៉ុន្តែ​ស្ថិត​នៅ​កម្រិត​តិចតួច​បំផុត​ដោយ​លោក​អះអាង​ថា​ អ្នក​សារព័ត៌មាន​ទទួល​បាន​សេរីភាព​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​ ។​​

«​សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​យើង​មាន​សិទ្ធិ​សេរីភាព​ដល់​កម្រិត​ហ្នឹងហើយ​ប៉ុន្តែ​យើង​ត្រូវ​តែ​ពង្រឹង​វា​តាម​រយៈ​អី​ យើង​ត្រូវ​តែ​ថែរក្សា​វា​គឺ​សេរីភាព​ជាមួយ​និង​ការ​ទទួលខុសត្រូវ​ ពេល​ហ្នឹង​យើង​នឹង​គេ​ហៅ​ថា​ការ​កាន់តែ​ស៊ុំានឹង​ការ​ប្រើប្រាស់​នៅ​សេរីភាព​ទាំង​សារព័ត៌មាន​ទាំង​ការ​បញ្ចេញមតិ​»​ ។​

​​ប្រធាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​កម្ពុជា​ លោក​ សេក​ បរិសុទ្ធ​ ទទួលស្គាល់​ដែរ​ថា​ រយៈពេល​មួយ​ឆ្នាំ​នេះ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ពិតជា​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ។​ ល្អ​ប្រសើរ​ព្រោះថា​ អ្នក​សារព័ត៌មាន​អាច​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​យ៉ាង​ទូលំទូលាយ​ ។​  បើ​ទោះបីជា​វិស័យ​មួយ​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន​ក៏​ដោយ​ លោក​ សេក​ បរិសុទ្ធ​ បញ្ជាក់​ថា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​ ។​ ​លោក​ សេក​ បរិសុទ្ធ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ និង​អ្នក​សារព័ត៌មាន​ត្រូវ​យល់​ពី​តួនាទី​របស់​ខ្លួន​  ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​ប៉ះពាល់​ទៅ​ដល់​តួនាទី​គ្នា​ទៅ​វិញ​ទៅ​មក ​។​​

«​រដ្ឋាភិបាល​ត្រួ​វ​តែ​យល់​ឱ្យ​បាន​ច្រើន​ជាង​ហ្នឹង​បន្ថែម​ទៀត​ខ្ញុំ​ប្រើ​ពាក្យ​រដ្ឋាភិបាល​ខ្ញុំ​សំដៅ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ បុគ្គល​ណា​ក៏​ដោយ​ត្រូវ​យល់​ឱ្យ​បាន​កាន់តែ​ច្បាស់​អំពី​តួនាទី​របស់​អ្នក​សារព័ត៌មាន​ថា​ អ្នក​សារព័ត៌មាន​សេរី​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​តួនាទី​របស់​អ្នក​សារព័ត៌មាន​សេរី​គឺជា​អ្នក​ឃ្លាំមើល​អាហ្នឹង​ត្រូវ​តែ​យល់​គ្នា​អ​ញ្ចឹ​ង​ម៉​ង​គាត់​ឃ្លាំមើល​ គាត់​ឃ្លាំមើល​នៅ​ចំនុច​ខ្វះខាត​»​ ។​​

​អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន​ បាន​បង្ហាញ​របាយការណ៍​ថា​សេរីភាព​សារព័ត៌មាន​ នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ប៉ុន្តែ​ក្នុង​របាយការណ៍​នេះ​ បាន​បញ្ជក់​ថា​សេរីភាព​សារព័ត៌មាន​កម្ពុជា​ក៏​នៅ​មាន​កម្រិត​ផង​ដែរ​ ។

​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ បាន​ចេញ​របាយការណ៍​ស្តី​ពី​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៦​ ដោយ​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ចំនួន​១៨០​នៅ​ក្នុង​ពិភពលោក​ អំពីស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ផ្អែក​លើ​សេរីភាព​ និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឯករាជ្យ​ភាព​ បំពេញ​តួនាទី​របស់​អ្នក​សារព័ត៌មាន​ ។​ ​បើ​តាម​ស​ន្ទ​ស្សន៍​នោះ​ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១២៨​សម្រាប់​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥​ គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៤​ ។​ ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ បាន​ចាត់​កម្រិត​នៃ​ស្ថានភាព​សារព័ត៌មាន​ជា​៥​កម្រិត​គឺ​ស្ថាន​ភាពល្អ​ ស្ថានភាព​ដែល​អាច​ទទួលយក​បាន​ កម្រិត​មាន​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ ស្ថានភាព​អាក្រក់​ និង​ស្ថានភាព​អាក្រក់​ខ្លាំង​ ។​

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ថៃ​ មី​យ៉ា​ន់​ម៉ា​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ ព្រុយ​នេ​ និង​វៀតណាម​ជាដើម​ ។​ រីឯ​ប្រទេស​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​មាន​ដូច​ជា​ ប្រទេស​ហ្វាំ​ង​ឡង់​ ហូ​ឡង់​ និង​ ន័​រ​វ៉េ​ ​៕

Share

Image
Image
Image