ប្រទេសភូមាចាប់ផ្ដើមផ្លាស់ប្ដូរមុខមាត់ពិតៗឆ្ពោះទៅរកការផ្សះផ្សាជាតិនិងការគោរពគោលការណ៍ប្រជាធិបតេយ្យគឺតាមរយៈការដោះលែងអ្នកទោសនយោបាយទាំងអស់ អំឡុងប្រទេសនេះប្រារព្ធពិធីបុណ្យចូលឆ្នាំ ។ អ្នកសង្កេតការណ៍មើលឃើញថាការដោះលែងអ្នកទោសនយោបាយជាង៨០នាក់ដែលគេថាអ្នកជាប់ឃុំឃាំងមនសិការចុងក្រោយគេគឺជាសញ្ញានៃការផ្លាស់ប្ដូរមួយយ៉ាងពិតប្រាកដក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យរបស់ជ័យលាភីនូប៊ែលសន្ដិភាព អ៊ុងសានស៊ូជី ។
ប្រទេសអតីតរបបយោធានិយមមួយនេះបានចាប់អ្នកទោសនយោបាយនិងអ្នកទោសមនសិការជាតិឃុំខ្លួនរហូតដល់ទៅជិត៣០០០នាក់តែភាគច្រើនបានដោះលែងវិញនៅពេលប្រទេសនេះធ្វើការកែទម្រង់ការដឹកនាំរដ្ឋ ។ សំរាប់អ្នកទោសនយោបាយដែលនៅសេសសល់ត្រូវបានលោកស្រី អ៊ុងសានស៊ូជីនិងប្រធានាធិបតីថ្មីទីនចូវបានប្រកាសដោះលែងទាំងអស់ ។
អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្ដរជាតិ Amnesty International បានសាទរប្រទេសភូមាដោយចាត់ទុកថាការដោះលែងអ្នកទោសដែលនៅសេសសល់ចុងក្រោយនេះគឺជាសញ្ញាមួយបញ្ជាក់ថាភូមាលែងមានអ្នកទោសនយោបាយទៀតហើយ ។
លោកស្រី អ៊ុងសានស៊ូជីបានសន្យានៅមុនលោកស្រីបានកាន់តំណែងជារដ្ឋមន្ដ្រីការបរទេសថារដ្ឋាភិបាលរបស់លោកស្រីមិនមានអ្នកទោសនយោបាយមនសិការនោះទេ ។ ប៉ុន្ដែលោកស្រីទទួចថាប្រទេសភូមាត្រូវតែមានការផ្សះផ្សាជាតិបង្រួបង្រួមជាតិដែលជាអទិភាពខ្ពស់បំផុតរបស់លោកស្រី ។
យ៉ាងនេះក្ដីអ្នកសង្កេតការណ៍ពិនិត្យឃើញថាលោកស្រីមានការប្រឈមមុខមួយទៀតគឺការបង្រួបង្រួមជាតិជាមួយនិងពួកឧទ្ទាមប្រដាប់អាវុធដែលបានធ្វើសង្គ្រាមដើម្បី ឯករាជ្យរបស់ពួកគេនោះជាច្រើនទសវត្សមកហើយ ៕
ប្រភព: Mizzima news