ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួន២ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨ ។ ការចុះបោះឆ្នោតលើកនេះមានលក្ខណៈជាប្រព័ន្ធហើយចុះឈ្មោះតាមរយៈកុំព្យូទ័រប៉ុន្តែ ខុសប្លែកជាងមុនគឺអ្នកចំណាកស្រុក អាចបោះឆ្នោតបាននៅទីតាំងដែលពួកគាត់តាំងនៅ ។ អ្នកជំនាញខាងបោះឆ្នោតសាទរ ។ តែបក្សប្រឆាំងនៅតែព្រួយបារម្ភ ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែង ថា អ្នកចំណាកស្រុក អាចចុះឈ្មោះបោះឆ្នោតបាននៅទីតាំងពួកគាត់តាំងនៅដែលលោកថា ជាការកែទម្រង់ថ្មីនៃប្រព័ន្ធបោះឆ្នោត ។ ថ្លែងក្រោយជំនួបត្រីភាគី វវាងកម្ពុជា សហគមន៍អឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា JICA កាលពីរសៀលថ្ងៃអង្គារ៍ទី១៩ មេសានៅឯទីស្នាក់ការកណ្ដាល គ.ជ.ប ។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងឱ្យដឹងថា នៅមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧-២០១៨ ខាងមុខនេះ គ.ជ.ប និងរៀបចំប្រព័ន្ធបោះឆ្នោតថ្មីមួយ ដែលងាយស្រួលជូនដល់ពលរដ្ឋខ្មែរ ពិសេស អ្នកចំណាកស្រុក ដែលមានទីលំនៅនៅបណ្ដាខេត្ត អាចបោះឆ្នោតនៅមណ្ឌល ដែលនៅជិតនិងទីសំណាក់របស់ខ្លួន។
លោក ស៊ិក ប៊ុនហុក ថា ៖ « បាទ ច្បាប់ដូចជាអត់មានហាមថា មិនឲ្យមកចុះឈ្មោះ ទេ អោយតែមានកាត សម្រាប់ចុះឈ្មោះ»
យោងតាមប្រសាសន៍របស់ លោក ស៊ិក ប៊ុនហ៊ុក ប្រព័ន្ធបោះឆ្នោតថ្មីមួយនេះមានភាពអនុគ្រោះសម្រាប់អ្នកចំណាកស្រុកគឺ ប្រយោជន៍ដើម្បីអោយពលរដ្ឋងាយស្រួលចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅនឹងកន្លែង ។ គួរឲ្យកត់សម្គាល់ដែរថា តាមច្បាប់ចាស់កន្លងមកអ្នកចំណាកស្រុកមិនអាចចុះឈ្មោះបោះឆ្នោត ឬបោះឆ្នោតនៅទីតាំងដែលខ្លួនតាំងនៅបានឡើយ ។ ប៉ុន្ដែយ៉ាងនេះក្ដីសម្រាប់មណ្ឌលបោះឆ្នោតនៅភ្នំពេញដែលអ្នកចំណាកស្រុករស់នៅច្រើននោះ គួរតែបន្ថែមអាសនៈ ដែរ ឬយ៉ាងណា ។
ត្រង់ចំនុចនេះ លោក ស៊ិក ប៊ុនហុក លើកឡើងថា ៖ «ចំនួនអាសនៈ កំណត់នៅក្នុងច្បាប់រួចបាត់ទៅហើយ» ។
ជុំវិញ ការរៀបចំរបស់គ.ជ.ប ទៅលើការរៀបចំរៀបចំប្រព័ន្ធបោះឆ្នោតថ្មីមួយ ដែលងាយស្រួលជូនដល់ពលរដ្ឋខ្មែរ ពិសេសអ្នកចំណាកស្រុក នេះលោក អ៊ូ ចាន់រត្ន័ មន្ដ្រីគណបក្សប្រឆាំងថា ជាការល្អដែលគ.ជ.ប សម្រេចឱ្យមានការចុះឈ្មោះបោះឆ្នោតបែបនេះ ។ ប៉ុន្ដែលោក ថារឿងដែលសំខាន់ជាងនេះហើយល្អប្រសើរជាងនេះ គ.ជ.ប គួរតែគិតរកវិធីធ្វើយ៉ាងណា អាចឱ្យពលករខ្មែរដែលនៅក្រៅប្រទេស មានលទ្ធភាពបោះឆ្នោតបានផងដែរ។លោកអ៊ូ ចាន់រត្ន័ថា ៖«វាជារឿងមួយគួរអោយអបអរសាទរ ប៉ុន្ដែរឿងមួយទៀតដែលសំខាន់ជាងនេះពលករដែលនៅក្រៅប្រទេសដូចជានៅស្រុកថៃច្រើនណាស់ មានអ្នកខ្លះហ៊ាននិយាយដល់លាន ។ ដូច្នេះ គ.ជ.ប គួរតែគិតពិចារណា ថាធ្វើយ៉ាងម៉េច រកមធ្យោបាយយ៉ាងម៉េចដើម្បីអោយប្រជាពលរដ្ឋខ្មែរជាពលករហ្នឹង មានលទ្ធភាពដើម្បីអនុវត្ដសិទ្ធិបោះឆ្នោតផង» ។
ទន្ទឹមនឹងនេះដែរលោក គល់ បញ្ញា មានប្រសាន៍ថាការរៀបចំរបស់គ.ជ. ប គឺធ្វើទៅតាមច្បាប់បោះឆ្នោតថ្មី ។ ប៉ុន្ដែទោះជាយ៉ាងណា លោក ក៏រង់ចាំមើលនូវការអនុវត្តរបស់ គ.ជ.ប ជុំវិញរឿងនេះ ផងដែរព្រោះលោកខ្លាចថាច្បាប់ និងការអនុវត្ដផ្សេង។
ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួន ២ គឺ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោត សភា ឆ្នាំ២០១៨។ កាលពីបោះឆ្នោតឆ្នាំ២០១៣ អ្នកចុះឈ្មោះបោះឆ្នោត មានជាង៩លាននាក់ ៕