ភ្នំពេញ ៖ កាលពីម្សិលមិញ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងខ្សែអាត់សំឡេង និងទំនាក់ទំនងរវាង កញ្ញា ជាមួយ មេបក្សប្រឆាំង ។ តុលាការនៅថ្ងៃនេះ បានចេញសេចក្ដី ថ្លែងការណ៍ ដោយអះអាង ថា កញ្ញាស្រីមុំបានឆ្លើយសារភាពថា កញ្ញាពិតជាបាន សន្ទនាស្នេហាជាមួយលោកកឹមសុខាពិតមែន ។ ការសារភាពរបស់កញ្ញាស្រីមុំ បាននាំឱ្យ តុលាការ នឹងចាត់ការ លើ បុគ្គលពាក់ព័ន្ធមួយចំនួនទៀត។
អ្នកច្បាប់ថាព្រះរាជអាជ្ញារងសាលាដំបូងបានរំលោភវិជ្ជាជីវៈរបស់ខ្លួន ចំណែកតំណាងមន្ត្រីបក្សប្រឆាំងថា ប្រព័ន្ធតុលាការស្ថិតក្រោមគំនាបនយោបាយ ។ លោក ធូ វិរៈ លម្អិតព័ត៌មាននេះ
តុលាការក្រុងភ្នំពេញប្រកាសថានឹងបើកការស៊ើបអង្កេតទៅលើអ្នកពាក់ព័ន្ធផ្សេងទៀតដែលនៅពីក្រោយ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលមិនឱ្យ កញ្ញាឆ្លើយការពិតករណីខ្សែអាត់សំឡេង ស្នេហាជាមួយ លោក កឹម សុខា ខណៈតុលាការអះអាងថាលោកកឹមសុខាបង្គាប់កញ្ញាស្រីមុំ មិនឱ្យនិយាយការពិត ។ ការថ្លែងអះអាងរបស់សាលាដំបូងរាជធានីភ្នំពេញធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់តុលាការដែលបាន ផ្សព្វផ្សាយនៅថ្ងៃពុធទី២០មេសានេះ ។
សេចក្តីថ្លែងការណ៍របស់តុលាការបញ្ជាក់ថា កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំទទួលស្គាល់ថា ធ្លាប់មានទំនាក់ទំនងជាមួយ លោក កឹម សុខា ប្រធានស្តីទីគនបក្សសង្គ្រោះជាតិ និងទទួលស្គាល់សម្លេងខ្សែអាត់មួយចំនួនជាសម្លេងនាង។សេចក្តី
ថ្លែងការណ៍នោះបន្តថា ទំនាក់ទំនងរវាង ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយ កញ្ញា ស្រី មុំ ថាមានការរៀបចំពីបុគ្គលមួយចំនួន ហើយតុលាការនឹងធ្វើការស៊ើបអង្កេតស្រាវជ្រាវអ្នកទាំងនោះ ។
កាលពីថ្ងៃអង្គារម្សិលមិញ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ បានអំពាវនាវទៅតុលាការឲ្យ ជួយរក យុត្តិធម៌ ជុំវិញរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន រកឃើញថាកញ្ញាជាប់ពាក់ព័ន្ធការផ្ដល់សក្ខីកម្មក្លែង និងអំពើពេស្យាចារ ។
កញ្ញា ខុម ចាន់តារាទី និយាយថា «និយាយរួមទៅខ្ញុំអត់មានអ្វីនិយាយច្រើនទេ ខ្ញុំនិយាយអ្វីតែការពិត និងរកយុត្តិធម៌ឲ្យខ្ញុំ ពេលទៅមុខទៀតខ្ញុំអត់ដឹងថាអ្វីទេ»។
កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ត្រូវបាន លោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអបសាលា ដំបូង រាជធានីភ្នំពេញ បានបង្កាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី ២៩ មេសា នៅម៉ោង ០៨ :៣០ ព្រឹក ។ ការ កោះហៅ កញ្ញា ស្រី មុំនេះ ជុំវិញបណ្តឹងរបស់ កញ្ញា ធី សុវណ្ណថា បានប្តឹងរឿងបរិហារកេរ្តិ៍ ។ នេះបើយោងតាមដីកាកោះចេញនៅថ្ងៃទី ១៨មេសា ឆ្នាំ ២១០៦ ។
យោងតាមដីកាកោះហៅដដែលក៏បានបង្គាប់ឲ្យដើមបណ្តឹង កញ្ញា ធី សុវណ្ណថា ចូលខ្លួននៅសាលាដំបូង ដើម្បីសាកសួរពីដំណើររឿងប្តឹងពីបរិហារកេរ្តិ៍ នៅព្រឹកថ្ងៃទី ២៧ មេសា ឆ្នាំ ២០១៦ នាម៉ោង ០៨ :៣០ ព្រឹកផងដែរ។
ទោះជាយ៉ាងណា លោក កឹម សុខា មិនដែលបានឆ្លើយតប ឬប្រតិកម្ម ចំពោះការវាយប្រហារមកលើ រូប លោកម្ដងណាទេ ដោយសន្យាមិនប្រតិកម្មជាដាច់ខាត ។ លោកម៉ៅមុន្នីវណ្ណ អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ជាមួយនឹង វិទ្យុស្ត្រីថា លោកមិនចាប់អារម្មណ៍ច្រើនទេ ចំពោះ ចំណាត់ការរបស់តុលាការ ។
លោក ម៉ៅ មុន្នីវណ្ណ មានប្រសាសន៍ថា «កាងារនេះគឺជាកាងារមួយខ្ញុំមិនចាប់អារម្មណ៍ទេ ព្រោះរឿងរ៉ាវកើតឡើងជាញឹកញាប់ឲ្យដល់ពេលជិតបោះឆ្នោតឡើង ខ្ញុំដូចជាមិនចាប់អារម្មណ៍តាមដានរឿងនេះទេ» ។
ករណីនេះមានការចោទសួរជាច្រើន គឺទាំងអស់ ពលរដ្ឋនិង អ្នកសង្កេតការណ៍ ។
លោក អុំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថាគ្រាន់តែ តុលាការ ចេញសេចក្ដីថ្លែងការណ៍គឺខុសនឹងនីតិវិធី វិជ្ជាជីវៈរបស់ខ្លួនទៅហើយ ។ លោកបន្តថា ករណីនេះ គឺវាយបំបាក់គូប្រកូត ព្រោះការបោះឆ្នោត ជិតចូលមកដល់ ។
វិទ្យុស្ត្រី មិនអាចទាក់ទង រកប្រភពឆ្លើយតបពីតុលាការរាជធានីភ្នំពេញបានទេដើម្បីប្រតិកម្ម ដោយពុំអាចមានប្រភពទាក់ទង ។
ជុំវិញករណី ស្រី មុំ អង្គការធ្វើការងារលើសិទ្ធិស្ត្រី បានសម្ដែងការសោកស្ដាយ ដែលស្ត្រីម្នាក់ បានក្លាយជា ឧបករណ៍របស់អ្នកនយោបាយ និងអំពាវនាវឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិចេញមុខមកបំភ្លឺករណីដែលគេចោទថា មានស្នេហាលួចលាក់ ។
កន្លងមកសង្គមស៊ីវិលដែលធ្វើការលើកស្ទួយស្ត្រីចំនួន ២០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី ០៩ មេសា ថាករណីផ្សាយសំឡេងកញ្ញា ស្រីមុំ នេះគឺជាការជ្រៀតជ្រែក និងផ្សព្វផ្សាយអំពីជីវិតឯកជនរបស់កញ្ញា ខុម ចាន់តារាទី ដែលកំពុងរំលោភលើសិទ្ធិមនុស្ស ខណៈកម្ពុជាជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ៕