en     km
en     km

តុលាការ​​ នឹង​​ស៊ើប​អង្កេត​​លើ​​បុគ្គល​​ពាក់ព័ន្ធ​​រឿង​​មេ​បក្ស​​ប្រឆាំង ​​បង្គាប់​​ស្រី​មុំ​​កុំ​​ឲ្យ​​និយាយ​​ការ​ពិត​

Share

​ភ្នំពេញ​ ៖ កាលពី​ម្សិលមិញ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជុំវិញ​រឿង​ខ្សែអាត់​សំឡេង​ និង​ទំនាក់ទំនង​រវាង​ កញ្ញា​ ជាមួយ​ មេ​បក្ស​ប្រឆាំង​ ។​ តុលាការ​នៅ​ថ្ងៃនេះ​ បាន​ចេញ​សេចក្ដី​ ថ្លែងការណ៍​ ដោយ​អះអាង​ ថា​ កញ្ញា​ស្រី​មុំ​បាន​ឆ្លើយ​សារភាព​ថា​ កញ្ញា​ពិតជា​បាន​ សន្ទនា​ស្នេហា​ជាមួយ​លោក​កឹ​ម​សុខា​ពិតមែន​ ។​ ការ​សារភាព​របស់​កញ្ញា​ស្រី​មុំ​ បាន​នាំ​ឱ្យ​ តុលាការ​ នឹង​ចាត់ការ​ លើ​ បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

sreymom-text
កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​

​អ្នក​ច្បាប់​ថា​ព្រះរាជអាជ្ញា​រង​សាលាដំបូង​បាន​រំលោភ​វិជ្ជាជីវៈ​របស់​ខ្លួន​ ចំណែក​តំណាង​មន្ត្រី​បក្ស​ប្រឆាំង​ថា​ ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​គំនាប​នយោបាយ​ ។​ លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​

តុលាការក្រុង​ភ្នំពេញ​ប្រកាស​ថា​នឹង​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​នៅ​ពីក្រោយ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​មិន​ឱ្យ​ កញ្ញា​ឆ្លើយ​ការ​ពិត​ករណី​ខ្សែអាត់​សំឡេង​ ស្នេហា​ជាមួយ​ លោក​ កឹ​ម​ សុខា​ ខណៈ​តុលាការ​អះអាង​ថា​លោក​កឹ​ម​សុខា​បង្គាប់​កញ្ញា​ស្រី​មុំ​ មិន​ឱ្យ​និយាយ​ការ​ពិត ​។ ​​ការ​ថ្លែង​អះអាង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​តុលាការ​ដែល​បាន​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​២០​មេ​សា​នេះ ​។

​​សេចក្តីថ្លែងការណ៍​របស់​តុលាការ​បញ្ជាក់​ថា​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ទទួលស្គាល់​ថា​ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គន​បក្ស​សង្គ្រោះ​ជាតិ​ និង​ទទួលស្គាល់​សម្លេង​ខ្សែអាត់​មួយ​ចំនួន​ជា​សម្លេង​នាង​។​សេចក្តី
ថ្លែងការណ៍​នោះ​បន្ត​ថា​ ទំនាក់ទំនង​រវាង​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​ កញ្ញា​ ស្រី​ មុំ​ ថា​មានការ​រៀបចំ​ពី​បុគ្គល​មួយ​ចំនួន​ ហើយ​តុលាការ​នឹង​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អ្នក​ទាំងនោះ ​។​

​សេចក្តីថ្លែងការណ៍ ​«​ទំនាក់ទំនង​រវាង​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ និង​ ឈ្មោះ​ កឹ​ម​ សុខា​ មានការ​រៀបចំ​ពី​បុគ្គល​មួយ​ចំនួន​  ដែល​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​បន្ត​ការ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​»​ ។​

​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ បាន​អំពាវនាវ​ទៅ​តុលាការ​ឲ្យ​ ជួយ​រក​ យុត្តិធម៌​ ជុំវិញ​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ រក​ឃើញ​ថា​កញ្ញា​ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង​ និង​អំពើ​ពេស្យាចារ​ ។​

​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ និយាយ​ថា​ «​និយាយ​រួម​ទៅ​ខ្ញុំ​អត់​មាន​អ្វី​និយាយ​ច្រើន​ទេ​ ខ្ញុំ​និយាយ​អ្វី​តែ​ការ​ពិត​ និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ ពេល​ទៅ​មុខ​ទៀត​ខ្ញុំ​អត់​ដឹង​ថា​អ្វី​ទេ​»​។​

​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ត្រូវ​បាន​ លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អប​សាលា​ ដំបូង​ រាជធានី​ភ្នំពេញ​ បាន​បង្កា​ប់​ឲ្យ​ចូលខ្លួន​ទៅ​តុលាការ​ នៅ​ថ្ងៃ​ទី​ ២៩​ មេ​សា​ នៅ​ម៉ោង​ ០៨​ :៣០​ ព្រឹក​ ។​ ការ​ កោះហៅ​ កញ្ញា​ ស្រី​ មុំ​នេះ​ ជុំវិញ​បណ្តឹង​របស់​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ប្តឹង​រឿង​បរិហារកេរ្តិ៍​ ។​ នេះ​បើ​យោង​តាម​ដីកាកោះ​ចេញ​នៅ​ថ្ងៃ​ទី​ ១៨​មេ​សា​ ឆ្នាំ​ ២១០៦​ ។​
​យោង​តាម​ដីកា​កោះហៅ​ដដែល​ក៏​បាន​បង្គាប់​ឲ្យ​ដើមបណ្តឹង​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ចូលខ្លួន​នៅ​សាលាដំបូង​ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ប្តឹង​ពី​បរិហារកេរ្តិ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ មេ​សា​ ឆ្នាំ​ ២០១៦​ នា​ម៉ោង​ ០៨​ :៣០​ ព្រឹក​ផង​ដែរ​។​

​ទោះជា​យ៉ាងណា​ លោក​ កឹ​ម​ សុខា​ មិន​ដែល​បាន​ឆ្លើយ​តប​ ឬ​ប្រតិកម្ម​ ចំពោះ​ការ​វាយប្រហារ​មក​លើ​ រូប​ លោក​ម្ដងណា​ទេ​ ដោយ​សន្យា​មិន​ប្រតិកម្ម​ជា​ដាច់ខាត​ ។​ លោក​ម៉ៅ​មុន្នី​វណ្ណ​ អ្នកតំណាង​រាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ជាមួយនឹង​ វិទ្យុ​ស្ត្រី​ថា​ លោក​មិន​ចាប់អារម្មណ៍​ច្រើន​ទេ​ ចំពោះ​ ចំណាត់ការ​របស់​តុលាការ​ ។​

​លោក​ ម៉ៅ​ មុន្នី​វណ្ណ​ មាន​ប្រសាសន៍​ថា​ «​កា​ងារ​នេះ​គឺជា​កា​ងារ​មួយ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ​ ព្រោះ​រឿងរ៉ាវ​កើត​ឡើងជា​ញឹកញាប់​ឲ្យ​ដល់​ពេល​ជិត​បោះ​ឆ្នោត​ឡើង​ ខ្ញុំ​ដូច​ជា​មិន​ចាប់អារម្មណ៍​តាមដាន​រឿង​នេះ​ទេ​»​ ។​

​ករណី​នេះ​មានការ​ចោទសួរ​ជា​ច្រើន​ គឺ​ទាំងអស់​ ពលរដ្ឋ​និង​ អ្នក​សង្កេតការណ៍​ ។​

​លោក​ អុំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ មាន​ប្រសាសន៍​ថា​គ្រាន់តែ​ តុលាការ​ ចេញ​សេចក្ដីថ្លែងការណ៍​គឺ​ខុស​នឹង​នីតិវិធី​ វិជ្ជាជីវៈ​របស់​ខ្លួន​ទៅ​ហើយ​ ។​ លោក​បន្ត​ថា​ ករណី​នេះ​ គឺ​វាយបំបាក់​គូ​ប្រ​កូត​ ព្រោះ​ការ​បោះ​ឆ្នោត​ ជិត​ចូល​មក​ដល់​ ។​

​លោក​ អុំ​ សំអាត​និយាយ​ថា​ «​បើ​យើង​គិត​រឿង​វិជ្ជាជីវៈ​របស់​តុលាការ​ថា​វា​ខុស​ទៅ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មួយ​យ៉ាងធ្ងន់ធ្ងរ​នៅ​ពេល​ដែល​តុលាការ​ធ្វើការ​ទំលាយ​រឿង​សំងាត់​ ឬ​ការ​សាកសួរ​របស់​ជន​ណា​ម្នាក់​ ហើយ​យើង​មិន​អាច​ទទួល​បាន​ទេ​ក្នុង​រឿង​នេះ​។​ បញ្ហា​ចុះ​ផ្សាយ​យើង​ឃើញ​ថា​ជា​គោលបំណង់​យ៉ាង​ច្បាស់​ក្នុង​ការ​ផ្សា​ភ្ជាប់​ករណី​នេះ​ទៅ​អ្នកនយោបាយ​ផ្សេង​ទៀត​ ឬ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ជាប់​ពាក់ព័ន្ធ​រឿងស្រី​មុំ​ ។​ បញ្ហា​នេះ​គឺជា​ប្រកាស​ជា​សា​ធារ​ណៈ​មួយ​ ហើយ​ជា​ការ​បំបាក់ស្មារតី​ ក៏​ដូច​ជា​ការ​គំរាម​គំ​ហែង​តាម​ ពិត​នេះ​ជា​រឿង​ឯកជន​»​ ។​

​វិទ្យុ​ស្ត្រី​ មិន​អាច​ទាក់ទង​ រក​ប្រភព​ឆ្លើយ​តប​ពី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ទេ​ដើម្បី​ប្រតិកម្ម​ ដោយ​ពុំ​អាច​មាន​ប្រភព​ទាក់ទង​ ។​

​ជុំវិញ​ករណី​ ស្រី​ មុំ​ អង្គការ​ធ្វើការ​ងារ​លើ​សិទ្ធិ​ស្ត្រី​ បាន​សម្ដែង​ការ​សោកស្ដាយ​ ដែល​ស្ត្រី​ម្នាក់​ បាន​ក្លាយជា​ ឧបករណ៍​របស់​អ្នកនយោបាយ​ និង​អំពាវនាវ​ឲ្យ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​មក​បំភ្លឺ​ករណី​ដែល​គេ​ចោទ​ថា​ មាន​ស្នេហា​លួចលាក់​ ។​

​កន្លង​មក​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​ស្ទួយ​ស្ត្រី​ចំនួន​ ២០​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ កាលពី​ថ្ងៃ​ទី​ ០៩​ មេ​សា​ ថា​ករណី​ផ្សាយ​សំឡេង​កញ្ញា​ ស្រី​មុំ​ នេះ​គឺជា​ការ​ជ្រៀតជ្រែក​ និង​ផ្សព្វផ្សាយ​អំពី​ជីវិត​ឯកជន​របស់​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ដែល​កំពុង​រំលោភ​លើ​សិទ្ធិ​មនុស្ស​ ខណៈ​កម្ពុជា​ជា​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​ សិទ្ធិ​នយោបាយ​ ៕

Share

Image
Image
Image