ភ្នំពេញ ៖ លោក ច្សច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃទី២០ ខែមេសានេះថាសហភាពអឺរ៉ុបមានក្តីសង្ឃឹមថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ នឹងមានវត្តមានរបស់មេបក្សប្រឆាំងចូលរួម ។ ការរំពឹងនេះខណៈដែលលោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅបរទេស ដោយមានបណ្តឹងបួនជាប់ខ្លួន ហើយលោក កឹម សុខា ក៏កំពុងជាប់ពាក់ព័ន្ធនឹងក្តីក្តាំងរឿងអាស្រូវស្នេហាផងដែរ ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះបញ្ជាក់ថា បរិយាកាសបោះឆ្នោតមួយដែលល្អប្រសើរគឺត្រូវតែមានការចូលរួមប្រកូតប្រជែងពីគ្រប់គណបក្សនយោបាយ ពិសេសគឺគណបក្សប្រឆាំងដោយមិនមានភាពភ័យខ្លាច ឬគាប់សង្កត់ឡើយ ។ លោក ច្សច អេដហ្គា (George EDGAR) រំពឹងទៀតថាអ្នកនយោបាយកម្ពុជានឹងកសាងវប្បធម៌សន្ទនាឡើងវិញ ដើម្បីរកលទ្ធភាពពិភាក្សារួមមួយក្នុងការដោះស្រាយគោលផ្សេងៗ ។
លោកសម រង្ស៊ី ធ្លាប់បានគេចខ្លួនដូចនេះគឺ ៤លើកមកហើយប៉ុន្តែឱ្យតែជិតបោះឆ្នោតលោកបាន ត្រឡប់មកវិញ ដោយមានការលើកលែងទោសពី ព្រះមហាក្សត្រ និងការសម្របសម្រួលនយោបាយជាមួយ សម្ដេច ហ៊ុន សែន ។ តែជាបែបនេះក្ដីសម្ដេច ហ៊ុន សែន សន្យាមិនលើកលែងទោសលោក សម រង្ស៊ីជាដាច់ខាតហើយសន្យាកាត់ដៃស្ដាំលោកទៀតផងបើកលោកស្នើព្រះមហាក្សត្រលើកលែងទោសមេបក្សប្រឆាំង រូបនេះ ។
ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួន ២ គឺ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និងការបោះឆ្នោត សភា ឆ្នាំ២០១៨ ៕