អតីតនាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ី Mahathir Mohamad អំពាវនាវឲ្យនាយករដ្ឋមន្ដ្រី Najib Razak លាលែងពីតំណែងដោយសារតែរឿងអាស្រូវផ្នែកហិរញ្ញវត្ថុរបស់ធនាគារ១MDB ។ មេធាវីរបស់លោក Mahathir បាននិយាយថាកូនក្ដីរបស់លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីឲ្យរឹបអូសទ្រព្យសម្បត្តិរបស់លោក ណាជីប ។
ក្រុមមេធាវីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថាលោក Mahathir កំពុងតែស្វែងរកឲ្យតុលាការបញ្ចេញទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋការរបស់លោកផ្ទាល់ ដែលបានគ្រប់គ្រងអំណាចមុនលោកចូលនិវត្តន៍ ។
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia គឺមិនមានតែអតីតនាយករដ្ឋមន្ដ្រីម្នាក់នេះទេដែលបានដាក់ពាក្យបណ្ដឹងឲ្យតុលាការរឹបអូសទ្រព្យសម្បត្តិលោក ណាជីប នោះគឺនៅមានអ្នកនយោបាយពីររូបទៀតក៏បានប្ដឹងករណីនេះដូចគ្នាដែរប្រឆាំងលោក ណាជីប ។
ពួកគេបានចោទលោក ណាជីប ទៅតុលាការពីបទពុករលួយនិងបំពានអំណាចរដ្ឋ ។
លោក ណាជីប នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីបច្ចុប្បន្ននេះត្រូវបានចោទប្រកាន់ថាបានលួចលុយរបស់រដ្ឋពីធនាគារ១MDB នូវទឹកប្រាក់៦៨១លានដុល្លារអាមេរិកប៉ុន្ដែលោកបានបដិសេធការចោទប្រកាន់នេះ ។
រឿងអាស្រូវពុករលួយរបស់លោកណាជីបត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាគណបក្សកាន់អំណាចUMNOនឹងបាត់បង់ការគាំទ្រកាន់តែខ្លាំងថែមទៀតពីប្រជាជនម៉ាឡេស៊ីហើយបានព្រមានថាគណបក្សនេះអាចនឹងបាត់អាសនៈឬក៏ចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ៕ ប្រភព:CNA