ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែង អះអាងថា សហភាពអឺរ៉ុប បានផ្ដល់ជំនួយទំហំជាទឹកប្រាក់សរុប ជាង១០លានដុល្លារសហរដ្ឋអាមេរិក សំដៅធ្វើឱ្យប្រសើរនូវការបោះឆ្នោតនៅកម្ពុជា ។ ការថ្លែងរបស់ប្រធានគ.ជ.ប បានធ្វើឡើងបន្ទាប់ពីជំនួបត្រីភាគី កាលពីរសៀលថ្ងៃអង្គារ៍ ទី១៩ មេសា នេះ នៅស្នាក់ការកណ្ដាល គ.ជ.ប ។
លោក ស៊ិក ប៊ុនហុកបានបញ្ជាក់ថាក្នុងថវិការជំនួយសរុប១០លានដុល្លារនេះគឺក្នុងនោះ សំភារៈ បរិក្ខារផ្សេងៗ រួមមានកុំព្យូទ័រផងដែរ គឺមានតម្លៃជាង៦លានដុល្លារ ហើយ៤លានដុល្លារទៀតសម្រាប់យន្ដការផ្សេងៗ ដូចជាការចុះឈ្មោះបោះឆ្នោតជាដើម ។ ជាមួយគ្នានេះប្រធានគ.ជ.ប បានបញ្ជាក់ថា នៅមានប្រទេសជាច្រើនទៀតសន្យាផ្ដល់ជំនួយ មកកម្ពុជា ក្នុងនោះមានប្រទេសជប៉ុន អាមេរិក និងអង្គការសហប្រជាជាតិ ។
សូមជម្រាបថា កិច្ចប្រជុំដែលប្រព្រឹត្តិទៅរសៀលថ្ងៃនេះ គឺ មានបីភាគី ភាគីកម្ពុជា ភាគីសហគមន៍អឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិប្រទេសជប៉ុន ហៅកាត់ថា JICA ។នេះជាលើកដំបូង ហើយដែលសហគមន៍អន្ដរជាតិ ចាប់ផ្ដើមផ្ដល់ជំនួយនិងសហប្រតិបត្តិការទូលំទូលាយ ក្នុង ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីកម្ពុជា បានប្រកាសកែទម្រង់ស្ថាប័នបោះឆ្នោត ដែលធ្លាប់ ទទួលរងការរិះគន់ ថា ស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច មិនឯករាជ្យ និងអព្យា ក្រឹត្យនោះ ៕