សកម្មជនការពារសង្គម និងបរិស្ថានបដិសេធចំពោះការឆ្លើយតបរបស់ក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ កម្ពុជា ( Cambrew Ltd. ) ដោយពួកគេអះអាងថាមិនបានជាប់ពាក់ព័ន្ធទៅនឹងការសាងសង់ទំនប់វារីអគ្គសនីដនសហុង ។ ការបដិសេធនេះធ្វើទ្បើងនៅក្នុង សន្និសីទសារព័ត៌មានស្តីពីការឆ្លើយតបលិខិតរបស់ក្រុមហ៊ុនស្រាបៀរអង្គរទាក់ទងនឹងទំនប់វារីអគ្គសនី ដនសាហុង ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់។
លោក ជួន សារ៉េតរាយការណ៍ពីព័ត៌មាននេះ៖
សកម្មជនដែលធ្វើការពាក់ព័ន្ធបញ្ហាសង្គមនិងបរិស្ថានបានបន្តទាមទារឱ្យក្រុមហ៊ុនស្រាបៀរអង្គរទទួលស្គាល់ថាក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គសនីដនសហុង។ ពួកគេបានអះអាងថាតាមការស្រាវជ្រាវបានឱ្យដឹងថាម្ចាស់ក្រុមហ៊ុនស្រាបៀអង្គរ លោក ហ្គោណាន គៀ គឺមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន មេហ្គាហ្វឺស( Mega First Corporation Berhad )ដែលជាក្រុមហ៊ុនទទួលការសាងសង់ទំនប់វារីអគ្គសនីដនសហុង។
ប្រធានយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហូត បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា លោកមិនអាចទទួលយកបាននោះទេចំពោះការឆ្លើយតបរបស់ក្រុមហ៊ុនស្រាបៀអង្គរថាមិនបានពាក់ព័ន្ធទៅនឹងការសាងសង់ទំនប់វារីអគ្គសនីដនសាហុង។ លោក បន្តថាម្ចាស់ក្រុមហ៊ុនស្រាបៀរអង្គរ លោក ហ្គោណាន គៀ ពិតជាមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនមេហ្គាហ្វឺសក្នុងការសាងសង់ទំនប់វារីអគ្គីសនីដនសហុងហើយលោកក៏មានភស្តុតាងគ្រប់់គ្រាន់ដែរ ។ លោកប្តេជ្ញាចិត្តថានឹងធ្វើយុទ្ធនាការបន្តទៀតដើម្បីឱ្យម្ចាស់ស្រាបៀរអង្គរបកស្រាយឱ្យបានច្បាស់លាស់ជុំវិញការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងជាពិសេសត្រូវដកខ្លួនចេញពីការចូលរួមសាងសង់ទំនប់វារីអគ្គីសនីមួយនេះ។
លោក ជុំ ហូតក៏បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងមកនេះពួកគាត់បានយកញ្ញត្តិដាក់ឱ្យក្រុមហ៊ុនស្រាបៀរអង្គរ ដែលលោកជុំ ហូតថា លោក ហ្គោណាន គៀ គឺជាម្ចាស់ក្រុមហ៊ុនស្រាបៀអង្គរមានការជាប់ពាក់ព័ន្ធទៅនឹងការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង ដោយស្នើឱ្យដកខ្លួនចេញពីការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង ឬត្រូវដើរចេញពីក្រុមហ៊ុនស្រាបៀអង្គរតែម្តង។
ឆ្លើយតបនឹងបញ្ហានេះដែរវិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនស្រាបៀរអង្គរបាននៅទ្បើយនោះទេ ដោយហៅទូរស័ព្ទចូលប៉ុន្តែពុំមានអ្នកទទួល។
បើយោងទៅតាមលិខិតរបស់ក្រុមហ៊ុនស្រាបៀរអង្គរផ្ញើជូនសកម្មជនការពារសង្គមនិង បរិស្ថានកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុន មេហ្គាហ្វឺស និងក្រុមហ៊ុនស្រាបៀរអង្គរគឺជានីតិបុគ្គលពីរដាច់ដោយទ្បែកពីគ្នា ហើយមិនមានទំនាក់ទំនងណាមួយជាមួយគ្នានោះទេ ។ លិខិតបន្តថាអាជីវកម្មរបស់ក្រុមហ៊ុនស្រាបៀរអង្គរគឺពាក់ព័ន្ធទៅនឹងការផលិត និងការចែកចាយនូវផលិតផលទាំងទ្បាយរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយគ្មានទំនាក់ទំនងអ្វីទាល់តែសោះនៅក្នុងគម្រោងនៃការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងនៅប្រទេសទ្បាវ ។ នៅក្នុងលិខិតដដែលបន្តថាចំពោះការដាក់ញត្តិឱ្យក្រុមហ៊ុនស្រាបៀរអង្គរខាងលើនោះគឺជាប្រការមិនត្រឹមត្រូវនោះទេ ដោយហេតុថាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនៃការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង ខាងលើនេះគឺក្រុមហ៊ុនមេហ្គាហ្វឺស មិនមែនជាក្រុមហ៊ុនស្រាបៀរអង្គរនោះទ្បើយ ។
បន្ថែមពីនេះទៀតនោះក្រុមហ៊ុនស្រាបៀរអង្គរស្នើឱ្យសកម្មជនការពារសង្គម និងបរិស្ថានបឈ្ឈប់ការទាមទារមកកាន់ ក្រុមហ៊ុនស្រាបៀរអង្គរតទៅទៀត ចំពោះការបឈ្ឈប់ជាបន្ទាន់នូវការញុះញង់ទៅកាន់សាធារណជន ឱ្យធ្វើពហិកាមិនទទួលទាន ស្រាបៀរអង្គរ ដោយហេតុថា ក្រុមហ៊ុនស្រាបៀរអង្គរមិនមានទំនាក់ទំនងអ្វីជាមួយនឹងក្រុមហ៊ុន មេហ្គាហ្វឺសនោះទេ ។
ជុំវិញបញ្ហានេះដែរអ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវពីសង្គម និងបរិស្ថាន លោក ហែម ឧត្តម បានផ្តល់បទសម្ភាសន៍នៅថ្ងៃនេះដែរថាម្ចាស់ក្រុមហ៊ុនស្រាបៀរអង្គរគួរតែមានការជួបជជែកគ្នាជាមួយនឹងសកម្មជនការពារសង្គម និងបរិស្ថាន ក៏ដូចជាក្រុមហ៊ុនមេហ្គាហ្វឺសដើម្បីពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញការសាងសង់ទំនប់វារីអគ្គសនីដនសហុង។
សូមជំរាបជូនថា ទំនប់វារីអគ្គីសនីដនសាហុងនេះ មានទីតាំងនៅក្បែរអន្លង់ផ្សោតក្នុងឃុំព្រះរំកិល ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសទ្បាវដែលនៅចម្ងាយប្រហែល២គីទ្បូម៉ែត្រពីតំបន់ស៊ីផាន់ដន កោះដនសាហុង ប្រទេសទ្បាវ ហើយទំនប់វារីអគ្គីសនីដនសាហុងអាចផលិតកម្លាំងថាមពលអគ្គីសនីប្រមាណពី២៥០ ដល់ ៣៦០មេហ្គាវ៉ាត់ ។
កាលពីឆ្នាំ២០០៦ ក្រុមហ៊ុនមេហ្គាហ្វឺសរបស់ប្រទេសម៉ាទ្បេស៊ីបានចុះកិច្ចសន្យាវិនិយោគទៅលើគម្រោងទំនប់វារីអគ្គីសនីទន្លេដនសាហុង ជាមួយរដ្ឋាភិបាលទ្បាវក្នុងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក ហើយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣ រដ្ឋាភិបាលទ្បាវបានជូនដំណឹងគណៈកម្មការទន្លេមេគង្គពីគោលបំណងរបស់ខ្លួនក្នុងការសាងសង់ទំនប់វារីអគ្គីសនីនេះ ។
កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥ សម្ព័ន្ធទន្លេកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្តីថ្លែង
ការណ៍រួមមួយ សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការអនុម័តយល់ព្រមរបស់សភាជាតិនៃសាធារណរដ្ឋប្រជាមានិតទ្បាវ លើកិច្ចសន្យាសម្បទាន ដើម្បីឈានទៅធ្វើការសាងសង់គម្រោងទំនប់វារីអគ្គីសនី ដនសាហុង ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានស្នើយ៉ាងទទួចដល់រដ្ឋាភិបាលទ្បាវ ឱ្យបឈ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងទ្បាយពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងមិនត្រូវអនុម័តលើកិច្ចសន្យាទិញអគ្គីសនី មុនពេលដែលបញ្ហា ឬសំណូមពរទាំងទ្បាយរបស់ភាគីពាក់ព័ន្ធមិនទាន់បានដោះស្រាយកុំបន្តឱ្យមានការចុះកិច្ចសន្យាផ្សេងទៀតលើគម្រោងនេះដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀងលទ្ធកម្មវិស្វកម្មទំនប់ និងការសាងសង់ ៕