អត្រាអាជីវកម្មផ្លូវភេទលើកុមារនៅក្នុងខេត្ត សៀមរាប ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ មានការថយចុះ ២.២% បើគិតចាប់ដើមឆ្នាំ២០០០ ដល់ឆ្នាំ២០១៥នេះ។ នេះបើតាមរបាយការណ៍ អង្គការបេសកកម្មអន្ដរជាតិ អាយ ចេ អឹម (IJM) និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្ហាញនៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៥ ក្នុងឯសណ្ឋាគារ អ៊ីនធឺកុងទីណង់តាល់។
លោកស្រី គ្រីស្ដា ស្សាប នាយិកាប្រចាំប្រទេសនៃអង្គការបេសកកម្មអន្ដរជាតិ (IJM) ថ្លែងថា ប្រទេសកម្ពុជាដែលពីមុនមកធ្លាប់មានអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារមិនអាចទប់ស្កាត់បាននោះ បានថយចុះគួរឲ្យកត់សម្គាល់បច្ចុប្បន្ននេះ។
លោកស្រី គ្រីស្ដា ស្សាប បន្ដឲ្យដឹងទៀតថា «ក្នុងដើមឆ្នាំ២០០០ តាមការប៉ាន់ប្រមាណនៃអនីតិជន ដែលត្រូវគេធ្វើឧស្សាហកម្មផ្លូវភេទក្នុងប្រទេសកម្ពុជាស្ថិតនៅចន្លោះពី១៥% ដល់៣០%។ ដោយឡែកបច្ចុប្បន្ន បញ្ហានេះ រដ្ឋាភិបាលមានការប្ដេជ្ញាចិត្ត ធ្វើឲ្យអត្រាប្រេវ៉ាឡង់អនីតិជន ទាក់ទងនឹងអាជីវកម្មផ្លូវភេទ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ធ្លាក់ចុះដល់២.២% ក្នុងនោះ អនីតិជនអាយុ១៥ឆ្នាំ និងតិចជាងនេះ មានចំនួន០.១%»។
សូមបញ្ជាក់ថា លទ្ធផលអត្រាអនីតិជនសរុបក្នុងការធ្វើអាជីវកម្មផ្លូវភេទនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ មាន២.២% ។បើប្រៀបធៀបជាមូយលទ្ធផលនៃការសិក្សា ស្រាវជ្រាវស្ដីពីអត្រារបស់អង្គការIJM ក្នុងឆ្នាំ២០១២ លទ្ធផលបង្ហាញថា អត្រាប្រេវ៉ាឡង់អនីតិជនក្នុងគ្រឹះស្ថានធ្វើអាជីវកម្មផ្លូវភេទក្នុងតំបន់គោលដៅទាំងនេះ បានថយចុះយ៉ាងខ្លាំង។ ចាប់ពីឆ្នាំ២០១២ ដល់២០១៥អត្រាអនីតិជនសរុបនៃការធ្វើអាជីវកម្មផ្លូវភេទ នៅក្នុងតំបន់គោលដៅទាំងបី បានថយចុះ៧៣%៕