en     km
en     km

មរណភាព​​កវី​​ គ​ង្គ​​ ប៊ុ​ន​ឈឿ​ន​ ​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​មាន​ការ​​សោក​ស្តាយ​​យ៉ាង​​ខ្លាំង​

Share

ភ្នំពេញ ៖ មរណភាព​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ បាន​ធ្វើ​ឲ្យ​តន្ត្រីករ​និង​សិល្បៈករ​ទាំងឡាយ​ មិន​ត្រឹម​សិល្បៈករ​ដែល​រួម​ជំនាន់​ជាមួយ​លោក​មានការ​សោកស្តាយ​ តែ​ថែម​ទាំង​សិល្បៈករ​ និង​ត​ន្រី​ករ​ជំនាន់​នេះ​ មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ផង​ដែរ​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ក៏​មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ដែរ​ ។​ ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​សោកស្តាយ​យ៉ាងនេះ​គឺ​ដោយសារ​តែ​ លោក​  គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ គឺជា​កវី​តែង​និពន្ធ​ជើង​ចាស់​មួយ​រូប​ដែល​មាន​ស្នាដៃ​តែង​និពន្ធ​ដ៏​ល្អ​អស្ចារ្យ​ ហើយ​ស្នាដៃ​ទាំងនោះ​បាន​ដក់​ជាប់​នៅ​ក្នុង​ក្រអៅបេះដូង​កូន​ខ្មែរ​គ្រប់​រូប​ ។​ ​ដើម្បី​ជ្រាប​ច្បាស់​ជា​បន្ត​ទៅ​ទៀត​នេះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ឡើង​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ដូច​តទៅ​៖​

 

Kong-Boncheurn-text
លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន។​ រូបភាពពី FACEBOOK

​នេះ​ជា​សម្លេង​ចម្រៀង​ដែល​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ និពន្ធ​មុនគេ​បង្អស់​​មាន​ចំណងជើង​ថា​ “​ទឹកភ្នែក​ឪពុក​” ។

​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ បាន​ទទួលមរណភាព​នៅ​ម៉ោង​ ៧​ព្រឹក​នៅ​ប្រទេស​ ន័​រវេ​ស​ ត្រូវ​និង​ម៉ោង​១​រសៀល​ម៉ោង​នៅ​ប្រ​ទេស​កម្ពុជា​ និង​ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៦ ​។​  មរណភាព​នេះ​បាន​ធ្វើ​ឲ្យ​មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ពី​សំណាក់​អ្នកសិល្បៈ​ខ្មែរ​ ក៏​ដូច​ជា​កូន​ខ្មែរ​ទាំងអស់​ផង​ដែរ​ ។​ លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ គឺជា​កវី​ជើង​ចាស់​មួយ​រូប​ ស្ថិត​ក្នុង​ចំណោម​កវី​ និង​តន្ត្រីករ​ជើង​ចាស់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ជា​ខ្លាំង​នៅ​ក្នុង​សម័យ​មុន​។​

​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក​ សុះ​ ម៉ាច​ បាន​សម្តែង​នូវ​ក្តី​សោកស្តាយ​ចំពោះ​មរណភាព​ របស់​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ថា​ លោក​សោកស្តាយ​ដែល​ក្នុង​នាម​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ ជា​សិល្បករ​ដ៏​ឆ្នើម​មួយ​រូប​របស់​ប្រទេស​ខ្មែរ​តែ​បែរជា​ស្លាប់​ចោល​ឆ្អឹង​នៅ​ប្រទេស​គេ​ទៅ​វិញ​។​ សោកស្តាយ​ គាត់​ជា​វីរ​កវី​មួយ​រូប​ដែល​មាន​ស្នាដៃ​ជា​ច្រើន​ សម្រាប់​ប្រទេស​ជាតិ​ សម្រាប់​អក្សរ​សាស្រ្ត​ ក៏​ដូច​ជា​សិល្បៈ​វប្បធម៌​ខ្មែរ​ តែ​បែ​ជា​ចោល​ឆ្អឹង​នៅ​ឯ​ប្រទេស​គេ​ ដោយ​ពុំ​បាន​មក​ស្លាប់​នៅ​ទឹកដី​កំណើត​របស់​គាត់​។
​លោក​បន្ថែម​ថា​ លោក​មិន​បាន​មើលឃើញ​នូវ​ភាព​អវិជ្ជមាន​របស់​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ឡើយ​ តែ​លោក​បាន​មើលឃើញ​នូវ​ភាព​វិជ្ជមាន​ជា​ច្រើន​របស់​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ ដែល​លោក​បាន​ជួយ​ដល់​ សង្គមមនុស្ស​ ជា​ពិសេស​ជួយ​ដល់​វិស័យ​សិល្បៈ​ផ្នែក​តែង​និពន្ធ​នេះ​តែ​ម្តង​។​

​លោក​ សុះ​ ម៉ាច​ បាន​បន្ត​ថា​ កូន​ខ្មែរ​ជុំនាន់​ក្រោយ​មួយ​ចំនួន​ហាក់​មិន​បាន​ឲ្យ​តំលៃ​ដល់​ស្នាដៃ​សិល្បៈករ​ជើង​ចាស់​ប៉ុន្មាន​ទេ​ ជា​ពិសេស​ផលិតកម្ម​មួយ​ចំនួន​ ដែល​យក​បទ​ចំរៀង​ពី​សម័យ​មុន​មក​កាឡៃ​ ឲ្យ​ខូច​និង​ខុស​ពី​ទំរង់​ចាស់​ ។​ ប៉ុន្តែ​លោក​ថា​ ចាស់ៗ​ដែល​មាន​វ័យ​ចាប់ពី​ពាក់កណ្តាល​អាយុ​ឡើង​ទៅ​ ពួក​គាត់​ទាំងនោះ​បាន​ឲ្យ​តំលៃ​ដល់​កវី​ និង​តន្ត្រីករ​ចាស់ៗ​យ៉ាង​ខ្លាំង​ រួម​ទាំង​ឲ្យ​តំលៃ​ទៅ​លើ​ស្នាដៃ​របស់​កវី​ទាំងនោះ​យ៉ាង​ក្រៃ​លែង​ផង​ដែរ​ ។​ មិនមែន​ថា​ក្មេងៗ​សម័យនេះ​គេ​មិន​ឲ្យ​តំលៃ​ទៅ​លើ​ស្នាដៃ​ពួក​គាត់​ទាំងស្រុង​ទេ​ គ្រាន់​ថា​មួយ​ចំនួន​ ជា​ពិសេស​បណ្តា​ផលិតកម្ម​មួយ​ចំនួន​ ដែល​សម្លឹង​ឃើញ​តែ​ផលប្រយោជន៍​របស់​ខ្លួនឯង​ យក​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​ ពិតៗ​របស់​ពួក​គាត់​ យក​ទៅ​ឆ្នៃ​ យក​ទៅ​កាឡៃ​ មាន​ន័យ​ថា​ពួក​គាត់​ហាក់ដូចជា​ពុំ​បាន​ឲ្យ​តំលៃ​ទៅ​ស្នាដៃ​របស់​ពួក​គាត់​ ប៉ុន្តែ​សិល្បៈ​ករចាស់ៗ​មួយ​ចំនួន​ដែល​រសរាន​មានជីវិត​ ជា​ពិសេស​សិល្បៈ​ករចាស់ៗ​ដែល​មាន​វ័យ​ពាក់កណ្តាល​ទៅ​ គឺ​គាត់​តែងតែ​ឲ្យ​តំលៃ​នូវ​ស្នាដៃ​របស់​ពួក​គាត់​ជា​និច្ច​។​

​កវី​សង្គមចាស់​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ បាន​ភៀសខ្លួន​ចេញពី​ស្រុក​កំណើត​ នៅ​ឆ្នាំ​ ២០០០​គឺ​ពេល​ លោក​ បាន​និពន្ធ​រឿង​ប្រលោមលោក​មួយ​ និយាយ​ពី​ជោគវាសនា​ របស់​ កញ្ញា ​តាត​ ម៉ា​រី​ណា​ តារាចម្រៀង​ កា​រ៉ា​ អូ​ខេ​ ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ ។​ លោក​បាន​ទៅ​ជ្រកកោន​ នៅ​ក្រុង​បាងកក​ ហើយ​ ឥឡូវ​លោក​បាន​ សិទ្ធិ​ជ្រកកោន​ ពី​អង្គការសហប្រជាជាតិ​ទ​ទួ​ក​បន្ទុក​ជនភៀសខ្លួន​ ។​ លោក​និង​ គ្រួសារ​លោក​ រស់នៅ​ ប្រទេស​ន័​រវេ​ស​ ។​

​ជា​តន្ត្រីករ​ និង​ជា​អ្នកនិពន្ធ​ជំនាន់​មុន​ លោក​ ឯ​ល​ ប៊ុ​ន​ណា​ ក៏​បាន​សំដែង​នូវ​ក្តី​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ ផង​ដែរ​ ។​ លោក​បាន​រំលឹក​ពី​អនុស្សា​វី​យ៍​លោក​ ជាមួយ​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ កាលពី​លោក​បាន​រួម​គ្នា​បង្កើត​សមាគម​អ្នកនិពន្ធ​បទ​ភ្លេង​ ។​ លោក​អ៊ុំ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ស្គាល់​ស្នាដៃ​គាត់​កន្លង​មក​ មានការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​គាត់​ ។​ ក្នុង​មួយ​ជីវិត​គាត់​គឺ​គាត់​ប្រកប​មុខរបរ​តាក់តែង​និពន្ធ​បទ​ចម្រៀង​រហូត​ មួយ​ជីវិត​គាត់​គឺ​យើង​ស្គាល់​ យើង​ដឹង​ទាំងអស់​គ្នា ​។ ​លោក​បាន​បន្ថែម​ថា​ ដើម្បី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​គោរព​ និង​ឲ្យ​តំលៃ​ នោះ​ត្រូវ​តែ​ធ្វើអំពើ​ល្អ​ឲ្យ​ដល់​សង្គម​ជាតិ​ និង​សង្គមមនុស្ស​ ។​ មនុស្ស​យើង​ម្នាក់ៗ​គឺ​យើង​អត់​អាច​រស់នៅ​អមតៈ​បាន​ទេ​ ចឹ​ង​អ្វី​ដែល​យើង​ចង់​រក្សា​ទុក​ឲ្យ​បាន​មានឈ្មោះ​បោះ​សម្លេង​រហូត​គឺ​ អំពើ​ល្អ​ដែល​យើង​រស់នៅ​ យើង​បាន​ធ្វើអំពើ​ល្អ​ ក៏​ដូច​ជា​មាន​ស្នាដៃ​ល្អ​សម្រាប់​សង្គម​ជាតិ​ សម្រាប់​ប្រជាជាតិ​ សម្រាប់​ទឹកដី​យើង​នេះ​គឺជា​ចំណុច​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​យើង​ម្នាក់ៗ។

​ជា​អ្នក​ចងក្រង​បទ​ចំរៀង​ពី​ជំនាន់​មុន​ និង​ជា​អ្នកនិពន្ធ​រឿង​ប្រលោមលោក​ លោក​ សេង​ ដា​រា​ បាន​និយាយ​ថា​ លោក​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​ធ្លាប់​បាន​ផ្តល់​ប័ណ្ណ​ស​សើរ​ឲ្យ​ដល់​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ខ្លះ​ដែរ​តែ​មិន​មាន​អ្វី​ជា​ធំ​ដំ​ឡើយ​ តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​ គឺ​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ បាន​រត់ចោលស្រុក​ដោយសារ​តែ​បញ្ហា​មួយ​ចំនួន​តែ​មិន​មាន​អ្នក​ណា ​ឬ​រដ្ឋាភិបាល​ជួយ​រក​យុតិធម៌​ឱ្យ​លោក​ឡើយ​ ។​ គ្មាន​អ្វី​ក្រៅពី​ការ​សោក​ស្តាយស្រណោះ​នូវ​ធនធានមនុស្ស​ ដូច​ជា​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​នេះ​ទេ​ គាត់​បាត់បង់​ជីវិត​ទៅ​ទាំង​បិទ​ភ្នែក​មិន​ជិត​ ព្រោះថា​គាត់​កើត​នៅ​លើ​ទឹកដី​ខ្មែរ​ តែ​គ្មាន​វាស្នា​ស្លាប់​លើ​ទឹកដី​ខ្មែរ​ ដែល​គាត់​ស្រឡាញ់​ពេញ​មួយ​ជីវិត​ ។​ រដ្ឋ​យើង​សម័យនេះ​ឃើញ​ថា​បាន​ផ្តល់​​ប័ណ្ណ​ស​សើរ​ លិខិត​សរសើរ​ម្តងម្កាល​ដែរ​ តែ​ចំពោះ​ជីវភាព​ក​ដូច​ជា​ស្នាដៃ​របស់​គាត់​ អត់​មាន​ន​ណា​ធំ​ដំ​ចាប់អារម្មណ៍​ទាល់តែ​សោះ​ សូ​ម្បី​តែ​គាត់​បាត់​ខ្លួន​ គេ​ធ្វើបាប​ប៊ុ​ណឹ្ន​ង​ហើយ​ក៏​គ្មាន​អ្នក​ណា​រក​យុត្តិធម៌​ឲ្យ​គាត់​ ធ្វើ​ឲ្យ​គាត់​រត់ចោលស្រុក​ ទៅ​ស្លាប់​នៅ​ស្រុក​គេ​។​

​កវី​ស្ទឹង​សង្កែ​ ក៏​មាន​បណ្ដាំ​ផ្ញើរ​ ចុង​ក្រោយ​ មុន​ពេល​លោក​លាចាក​នេះ​ទៅ​ ។​ លោក​បាន​ ផ្ដាំផ្ញើ​រថា​ ៖​

«សូម​ផ្តាំផ្ញើរ​ដល់​បងប្អូន​ជនជាតិ​ខ្មែរ​យើង​ យុវជន​យុវនារី​ ក៏​សូម​រំលឹក​ដោយ​ត្រង់​ថា​ យើង​ត្រូវ​តែ​ស្រលាញ់​អត្តសញ្ញាណ​ជាតិ​របស់​យើង​ ទោះបី​ទៅ​ដល់​ទីណា​ក៏​ដោយ​ នៅ​តែ​គិត​ថា​ជា​ជាតិខ្មែរ​ ព្រលឹង​ជាតិ​យើង​នៅ​ទី​នេះ​ហើយ​ ។​ អ្នក​ដែល​រស់នៅ​គ្រប់​ទិស​ទី​តំបន់​ ត្រូវ​តែ​រួបរួម​គ្នា​ ស្រលាញ់​គ្នា​ សាមគ្គី​គ្នា​ ត្រូវ​កំ​ភ្លេច​ ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា​ ត្រូវ​តែរ​រួបរួម​គ្នា​ សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ បាន​ប្រទេស​ជាតិ​យើង​ បាន​ប្រជាជាតិ​យើងរ​ស់បាន​ តែ​កាលណា​មានការ​បែកបាក់​គ្នា​ទៅ​ឆ្វេង​ទៅ​ស្តាំ​ហើយ​ ទោះបី​យ៉ាងណា​ក៏​ទៅ​មិន​រួច​ដែរ​ នេះ​ជា​ប្រវត្តិ​មេរៀន​ប្រទេស​តាំងពី​ដើម​មក​ហើយ​ ហើយ​សម្រាប់​យុវជន​ យុវនារី​យើង​ដែល​ស្រលាញ់​ជាតិ​មាតុភូមិ​ ស្រលាញ់​អក្សរសាស្ត្រ​ ស្រលាញ់​អក្សរសិល្ប៍​ត្រូ​ធ្វើ​យ៉ាងណា​កំ​ឲ្យ​ភ្លេចខ្លួន​ ត្រូវ​ចង​ចាំ​ជា​និច្ច​កំ​ឲ្យ​ភ្លេច​អត្តសញ្ញាណ​ជាតិ​។»

​លោក​ គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ដាក់​រហាស​នាម​ឲ្យ​លោក​ថា​ ជា​កវី​ម្ចាស់​ស្ទឹង​សង្កែ​ ។​ លោក​កើត​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​១៩៣៩​ នៅ​ភូមិ​ចំការ​សំរោង​ ឃុំ​ចំការ​សំរោង​ ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​ លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​ ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៥៥​មក​ រហូត​បាន​ប្រឡង​ជាប់​លេខ​មួយ​ជា​លើក​ដំបូង​នៅ​ក្នុង​ឧកាស​ ម​ហោ​ស្រប​អក្សរសិល្ប៍​មួយ​ នៅ​ក្នុង​ខេត្តបាត់ដំបង​នៅ​ក្នុង​ឆ្នាំ​១៩៥៧​ ក្នុង​ស្នាដៃ​ឈ្មោះ ​”ស្នេហា​លុះ​អវសាន​”​ ។​ ​លោក​ជា​អ្នក​សរសេរ​ការ​សែត​ អ្នកនិពន្ធ​ប្រលោមលោក​ពាក្យរាយ​ និពន្ធ​ប្រលោមលោក​ពាក្យកាព្យ​ កំណា​ព​ ចម្រៀង​ សេណា​រី​យោ​ភាពយន្ត​ ជា​អ្នកដឹកនាំ​សម្តែង​ ជា​ពិសេស​លោក​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ដ៏​ល្បីឈ្មោះ​មួយ​រូប​ផង​ដែរ​ ។​ បន្ថែម​ពីលើ​នោះ​ទៅ​ទៀត​លោក​ក៏​ជា​អ្នក​គូ​គំនូរ​អប់រំ​ទៀត​ផង​។​

​នៅ​ក្នុង​ឆ្នាំ​២០០០​ លោក​ជា​អ្នក​និ​ព្ធ​ជនជាតិ​ខ្មែរ​ទី​២​ បន្ទាប់​ពី​លោក​ពេ​ជ្យ​ ទុំ​ក្រវិល​ ដែល​បាន​ទទួល​ជ័យ​លា​ភី​ ស្នាដៃ​តែង​និពន្ធ​ក្របខ័ណ្ឌ​អាស៊ាន​។​

​លោក​គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​ចាត់ទុកជា​ អ្នកនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា​ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​តែង​និពន្ធ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ មាន​ប្រលោមលោក​ និង​ចម្រៀង​សម័យ​ដើម​ ដែល​មាន​អធិរាជ​សម្លេង​មាស​ ស៊ី​ន​ ស៊ី​សា​មុត​ អឹង​ ណា​រី​ រស់​ សេរី​សុទ្ធា​ ប៉ែន​ រ៉​ន​ និង​អ្នកចំរៀង​ល្បីៗ​ជា​ច្រើន​រូប​ទៀត​បាន​បកស្រាយ​ ហើយ​ស្នាដៃ​ទាំងនោះ​ នៅ​តែ​ស្ថិត​ក្នុង​មនោសញ្ចេតនា​ អ្នក​អាន​ និង​អ្នក​ស្តាប់​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​៕

Share

Image
Image
Image