យ៉ាងហ្គន ៖ លោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំប្រទេសភូមាតាមព្រឹត្តន័យបានសន្យាថាលោកស្រីនឹងជំរុញឲ្យមានការរុះរើរដ្ឋធម្មនុញ្ញដែលរៀបរៀងដោយពួកយោធាហើយដើម្បីបង្កើតឲ្យបាននូវរបបប្រជាធិបតេយ្យពិតប្រាកដមួយនៅអាស៊ីអាគ្នេយ៍ ។ ការសន្យារបស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើឡើងនៅ តាមកញ្ចក់ទូរទស្សន៍របស់រដ្ឋទៅកាន់ជនរួមជាតិប្រទេសភូមាកាលពីថ្ងៃម្សិលមិញ ។
លោកស្រីបានថ្លែងថាគោលនយោបាយរបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យគឺធានាឲ្យបាននូវការបង្រួបបង្រួមជាតិសន្ដិភាពនីតិរដ្ឋដែលលោកស្រីថាចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ លោកស្រីបានបញ្ជាក់ទៀតថារដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះមានស្ដង់ដាពីរប៉ុន្ដែលោកស្រីថារដ្ឋធម្មនុញ្ញថ្មីគឺជាច្បាប់កំពូលមួយមានស្ដង់ដាតែមួយបំរើជនរួមជាតិភូមាដោយមិនរើសអើងឡើយ ។
រដ្ឋធម្មនុញ្ញភូមាឆ្នាំ២០០៨ រៀបរៀងដោយពួកយោធាបានចែងរឹតត្បិតសេរីភាពរបស់ប្រជាជនយ៉ាងខ្លាំងហើយហាមឃាត់អ្នកនយោបាយដែលមានសាច់ញាត្តិ ឬប្ដីប្រពន្ធជាមួយនិងជនបរទេសដែលចំណុចនេះហើយនាំឲ្យលោកស្រី អ៊ុងសាន ស៊ូជី មានស្វាមីជាជនជាតិអង់គ្លេសនោះមិនអាចកាន់តំណែងប្រធានាធិបតីបានឡើយ ៕
ប្រភពៈIrrawaddy