ភ្នំពេញ ៖ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំបានឡើងបំភ្លឺ នៅតុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃ អង្គារនេះដោយ អមដំណើរដោយមេធាវីនិង អ្នកការពារសិទ្ធិមនុស្សតាមការហៅរបស់តុលាការ ។ ការកោះហៅរបស់តុលាការនេះ គឺបន្ទាប់ពីរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនរកឃើញថា កញ្ញាជាប់ពាក់ព័ន្ធការផ្ដល់សក្ខីកម្មក្លែងនិងអំពើពេស្យាចារដែលគេចោទថាកញ្ញា មានស្នេហាជាមួយ លោក កឹម សុខា មេដឹកនាំ គណបក្សប្រឆាំង។
តាមអ្នករាយការណ៍ព័ត៌មាន របស់វិទ្យុស្ត្រី FM១០២ កញ្ញា ស្រីមុំ ឡើងបំភ្លឺករណីទាំងនេះ ដោយ មានមេធាវី គឺលោកស្រី គ្រី ឈួននិង អ្នកការពារសិទ្ធិមនុស្ស លោក ណៃវង់ដា នៃសមាគមអាដហុក ។ សូមបញ្ជាក់ថា កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេចោទថា មានស្នេហាលួចលាក់ជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺនៅតុលាការរួចម្តងមកហើយ បន្ទាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅ កញ្ញា ឲ្យចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៦ ។
កន្លងមកសង្គមស៊ីវិលដែលធ្វើការលើកស្ទួយស្ត្រីចំនួន ២០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី ០៩ មេសា ថាករណីផ្សាយសំឡេងកញ្ញា ស្រីមុំ នេះគឺជាការជ្រៀតជ្រែកនិងផ្សព្វផ្សាយអំពីជីវិតឯកជនរបស់កញ្ញា ខុម ចាន់តារាទី ដែលកំពុងរំលោភលើសិទ្ធិមនុស្ស ខណៈដែលកម្ពុជាជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ។ ម្យ៉ាងវិញទៀត ដីកាកោះហៅរបស់តុលាការនេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ៕