ភ្នំពេញ៖ ល្បែងនយោបាយនៅកម្ពុជាក្នុងដំណាក់កាលនេះ ត្រូវបានមើលឃើញថាមានស្ថានភាពក្ដៅគគុក ។ ចំពោះអ្នកនយោបាយមានកម្លាំងខ្លាំង មានអំណាច ប្រើវិធានការចម្រុះទាំងត្រជាក់និងក្ដៅ តែចុងក្រោយក្ដៅខ្លាំងមែនទែន រហូតមេបក្សប្រឆាំងរត់ចោលស្រុក ហើយចុងក្រោយចាប់ខ្លួនតំណាងរាស្ត្រសកម្មខាងព្រំដែនម្នាក់ទៀត យកទៅឃុំខ្លួននៅពន្ធនាគារ ដែលអ្នកច្បាប់ខាងសង្គមស៊ីវិលថា រំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០ ។ គេអាចនិយាយថា បក្សកាន់អំណាចប្រើវិធានការក្ដៅមិនដំអក់ឡើយ គឺប្រៀបដូច កីឡាប្រដាល់ទម្ងន់ធ្ងន់ យកពានរង្វាន់ធំមួយ សម្រុកលើដៃគូខ្លួនយ៉ាងសកម្ម ។ តើបក្សប្រឆាំងគួរចុះចាញ់គូប្រកួតជារហូតឬក៏មានយុទ្ធសាស្ត្រទប់ទល់ទៅថ្ងៃខាងមុខទៀត ខណៈ គូប្រកួតវាយផ្ទប់ជញ្ចាំងហើយនោះ។
នៅរយៈពេលចុងក្រោយនេះ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដែលពលរដ្ឋនិងអ្នកនយោបាយមួយចំនួនយល់ថា មានលទ្ធភាពដឹកនាំប្រទេសជំនួសគណបក្សកាន់អំណាច ខណៈនេះមើលឃើញថា ត្រូវបានរុញផ្ទប់ជញ្ជាំងគឺដូចជាការប្រកួតកីឡាប្រដាល់វាយលើសង្វៀនដែរ ។ ប៉ុន្តែខុសគ្នាបន្តិចត្រង់ថា អាជ្ញាកណ្ដាលមានសិទ្ធិបញ្ឈប់ការប្រកួត ប្រសិនបើគូប្រកួតម្ខាងទៀតត្រូវបានវាយដួលសន្លប់ ហើយមិនអាចបន្តការប្រកួតបានទៀត ។ អាជា្ញកណ្ដាលត្រូវឱ្យភាគីទាំងពីរមកឈរជិតគ្នា ហើយប្រកាសថាអ្នកឈ្នះបានទៅកីឡាករដែលវាយគូប្រកួតឱ្យដួលសន្លប់ ។ ជាមួយគ្នានេះ អាជ្ញាកណ្ដាលត្រូវប្រកាសថាជាគូសងសឹក បើពួកគេជួបគ្នាម្ដងទៀត ។ តាមបទបញ្ជាផ្ទៃក្នុងកីឡាករនីមួយៗ ត្រូវអាជ្ញាកណ្ដាលប្រាប់ឱ្យគោរពវិន័យ ឬ លក្ខខណ្ឌនៃការប្រកួត ។ កីឡាករណារំលោភត្រូវពិន័យ ឬ បញ្ឈប់លែងឱ្យប្រកួត ។ នេះជាក្រមខណ្ឌនៃការប្រកួតកីឡាប្រដាល់ ។
ចុះចំណែកល្បែងនយោបាយគេប្រកួតដូចម្ដេច តើប្រកួតដូចកីឡាប្រដាលដែរឬទេ ? ទំនងជាមិនខុសគ្នាអ្វីច្រើនទេ គឺមានអ្នកកាត់សេចក្ដីប្រហាក់ប្រហែលគ្នានេះដែរ ហើយខុសត្រង់ថា អ្នកឱ្យឈ្នះគឺប្រជាជនដែលកាន់សន្លឹកឆ្នោតទៅបោះឆ្នោត ។
ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍បោះឆ្នោត សំខាន់ចំនួន ០២ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ និង បោះឆ្នោតសភានៅឆ្នាំ ២០១៨ ។ ការបោះឆ្នោតទាំង ០២ លើកនេះ ត្រូវបានមើលឃើញថា គឺជាអាយុជីវិតស្លាប់រស់ទាំងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គណក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខា ។
ជាអកុសលប្រធានគណបក្សប្រឆាំងធំជាងគេនេះ កំពុងគេចខ្លួននៅក្រៅប្រទេស ដោយមានដីកាចាប់ខ្លួនករណីបរិហាកេរ្តិ៍ លោកហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសដែលថាលោក ហោ ណាំហុង អតីតមេគុកបឹងត្របែងនៃរបបខ្មែរក្រហម និងជាប់ បណ្ដឹងចំនួនបួនទៀតនៅតុលាការ។
ចំណែកលោក កឹម សុខា ក៏មានរឿងក្ដីក្ដាំស្នេហាបរិហារកេរ្តិដែរ ។ នៅដំណាក់កាលចុងក្រោយ គណបក្សប្រឆាំងធំជាងគេនេះ រងខ្លួនដោយការវាយឱ្យផ្ទប់ជញ្ចាំងបន្ថែមទៀត គឺករណីអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលត្រូវបានចាប់ឃុំខ្លួនទាំងកណ្ដាលអាធ្រាត្រ ទាំងមិនមានការដកអភ័យឯកសិទ្ធសភា កាលពីថ្ងៃទី ១០ មេសា ខណៈលោកទើបត្រឡប់ពីបរទេសដែលលោកនៅអាមេរិកជាង ០៧ ខែ ដោយសារគេចចេញពីការចោទប្រកាន់សំណុំរឿងព្រំដែនជាមួយប្រទេសវៀតណាម ។
ដោយរាប់បញ្ចូលទាំងលោក អ៊ុំ សំអាន ទៀតនោះ មនុស្សសំខាន់ៗ របស់គណបក្សបីនាក់ ត្រូវបានឃុំខ្លួនគឺសមាជិកព្រឹទ្ធសភាហុង សុខហួរ និងលោក មាជ សុវណ្ណរ៉ា ប្រធាននាយករដ្ឋានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមនឹងសកម្មជនបក្សទៀតផង បានកើនឡើង ១៦ នាក់ ខណៈតំណាងរាស្ត្រ ០៧ រូបទៀត ត្រូវបានដាក់ឱ្យស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ចនិងតុលាការ ។
ទាំងនេះគឺជាការវាយគណបក្សប្រឆាំងផ្ទប់ជញ្ចាំង ។ ពាក្យថា វាយឬរុញផ្ទប់ជញ្ចាំង ជាភាសានិយាយតៗគ្នា ដែលគេប្រៀបធៀប មនុស្សមាឌធំវាយមនុស្សមាឌតូចគឺវាយផ្ទប់នឹងជញ្ជាំងផ្ទះឬជញ្ជាំងរបង ។ មានន័យថា អ្នកត្រូវបានវាយមិនអាចតដៃបានឡើយ ។
ទីបំផុតអ្នកទន់ខ្សោយមានតែលើកដៃសំពះអង្វរអ្នកខ្លាំងឱ្យទុកជីវិត ដើម្បីរស់ទៅថ្ងៃមុខជាមួយនឹងការសន្យា ស្បថស្បែរចុះចាញ់ ក្នុងការប្រយុទ្ធ ។ តែមនុស្សរបៀបនេះ មានពីរប្រភេទ គឺទីមួយសម្ដែងការចុះចាញ់ដោយចិត្តស្មោះ ឬ គេហៅថា រៀងចាលមួយជីវិត ប៉ុន្តែមនុស្សប្រភេទទីពីរ ចុះចាញ់តែនៅចំពោះមុខនឹងស្ថានការណ៍ជាក់ស្ដែង គឺក្រោយខ្នងនឹងស្វែងរកមធ្យោបាយយុទ្ធសាស្ត្រនិងយុទ្ធវិធីតតាំងជាមួយអ្នកខ្លាំងបន្តទៀត គឺរហូតខ្លួនគេមានប្រៀងជាងគូប្រកួត។
ពេលនេះនិយាយពីការប្រកួតគ្មានអាជ្ញាកណ្ដាលវិញ សម្រាប់ការប្រកួតមានអាជ្ញាកណ្ដាលគឺការប្រកួតជាលក្ខណៈមិត្តភាព មិនសងសឹកមិនគុំគួនអ្នកចាញ់ ចាប់ដៃជាមួយអ្នកឈ្នះ ហើយសន្យាប្រកួតគ្នាលើកក្រោយទៀត ដោយមិត្តភាពយោគយល់គ្នា គឺមានន័យថាអ្នកខ្លាំងមិនត្រូវរំលោភបទបញ្ជាឬលក្ខន្តិក ហើយអាជ្ញាកណ្ដាលត្រូវមានជំហរឯករាជ្យ អព្យាក្រិត្យ ឥតលម្អៀងឡើយ ។
អ្នកខ្សោយពេលចាញ់មិនត្រូវរត់រកអាវុធ អ្នកឈ្នះមិនត្រូវបើឥទ្ធិពលលើអាជ្ញាកណ្ដាលឡើយ ។ តើគណបក្សសង្គ្រោះ ជាតិត្រូវប្រកាន់ជំហរបែបណា ឬ ប្រកាន់ជំហរអ្នកចាញ់អស់យុទ្ធវិធី អស់យុទ្ធសាស្ត្រប្រយុទ្ធ ខណៈត្រូវបានវាយផ្ទប់ជញ្ជាំងហើយនោះ ?
អ្នកសង្កេតការណ៍មើលឃើញថា គណបក្សប្រឆាំងភេ្លចយុទ្ធសាស្ត្រមួយដែលខ្លួនអាចមានប្រៀបតិចតួចដែរ គឺមាត្រា ៨៩ នៃរដ្ឋធម្មនុញ្ញ ដែលកោះហៅរដ្ឋមន្ត្រី ឬ នាយករដ្ឋមន្ត្រីមកចោទសួរអំពីបញ្ហាជាតិធំៗ ៕