en     km
en     km

រដ្ឋមន្ត្រី​​ក្រសួង​បរិស្ថាន​​​សន្យា​​យក​​​សំណើ​​​​សហគមន៍​​ការពារ​​ព្រៃ​​ឡង់​​ដាក់​​ជូន​​នាយ​ក​​រដ្ឋ​មន្ត្រី​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​សំណើ​ពី​ប្រជា​សហគមន៍​ព្រៃ​ឡង់​ សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចូល​សមាសភាព​ពួក​គេ​ក្នុង​ការ​ចូលរួម​ការពារ​តំបន់​ព្រៃ​ទ្ប​ង់​ជាមួយនឹង​ភាគី​រដ្ឋាភិបាល​ លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែល​ទើប​ត្រលប់​មក​ពី​មើល​ស្ថានភាព​ព្រៃ​ឡង់​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​បំណង​របស់​ប្រជា​សហគមន៍​ដែល​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ការពារ​ព្រៃ​ឡង់​ ។​ លោក​ថា​ ការ​ស្នើ​សុំ​នេះ​ ក្រសួង​នឹង​លើកយក​ទៅ​ជជែក​នៅ​សិក្ខាសាលា​នា​ពេល​ខាង​មុខ​នេះ​ ។

 

Enviroment-US-Prey-Lang
​លោក​ William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន

​ខណៈ​រដ្ឋាភិបាល​កំពុង​ព​ន្លឿ​ន​ការ​ដាក់​តំបន់​ព្រៃ​ឡង់​ ជា​តំបន់​ព្រៃ​អភិរក្ស​ស្រប​តាម​ផ្លូវច្បាប់​ រដ្ឋមន្ត្រី​ក្រសួងបរិ​ស្ថា​ន​ លោក​ សាយ​ សំ​អាល់​ បាន​ថ្លែង​សន្យា​ទទួលយក​ការ​ ស្នើ​សុំ​របស់​ប្រជា​សហគមន៍​ព្រៃ​ឡង់​ដែល​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ដាក់​បញ្ចូល​សមាសភាព​របស់​ពួក​គេ​ដើម្បី​រួមចំណែក​ការពារ​តំបន់​ព្រៃ​ដ៏​ធំ​មួយ​នេះ ​។​

​លោក​ សាយ​ សំ​អាល់ ​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​លោក​និង​លោក​  William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា​ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ដែល​ ទើប​ត្រឡប់​មក​ពី​មើល​ព្រៃ​ឡង់​វិញ​ដោយ​ជិះ​ឧទ្ធម្ភាគចក្រ​ នៅ​ថ្ងៃ​ទី​ ១៨​ ខែមេសា​ ឆ្នាំ​ ២០១៦​ ។​

«​ រដ្ឋ​អធិបតេយ្យ​មួយ​ វា​មាន​រដ្ឋបាល​ស៊ី​វិល​ហ្នឹង​ ហើយ​មាន​ជា​រដ្ឋ​ ដែល​យើង​ហៅ​ថា​រដ្ឋអំណាច​។​ ឥឡូវ​ហ្នឹង​ក្នុង​សិក្ខាសាលា​ យើង​នឹង​ពិភាក្សា​ជាមួយ​គាត់​ថា​ តើ​គាត់​អាច​ចូល​រួម​របៀប​មិច​ តាម​ការ​រាយការណ៍​ការ​ឃ្លាំមើល​ ព្រោះ​តំបន់​នេះ​ធំ​ណាស់​»​ ។​

​លោក​ សាយ​ សំ​អាល់​ បានឱ្យ​ដឹង​បន្ត​ថា​ ខណៈ​ដែល​លោក​និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​សហ​អា​មេ​រិ​ក​ ជិះ​ឧទ្ធម្ភាគ​ចក្រ​មើល​ព្រៃ​ឡង់​ លោក​បាន​មើលឃើញ​បញ្ហា​មួយ​ចំនួន​របស់ព្រៃ​ឡង់​ គឺ​តំបន់​នេះ​កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ពី​ប្រជាពលរដ្ឋ​ ការ​កាប់​ព្រៃឈើ​ និង​បញ្ហា​ទំនាក់ទំនង​រវាង​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​។​

​លោក​បាន​បញ្ជាក់​ថា​ ដើម្បី​ការពារ​តំបន់​ព្រៃ​ឡង់​មិន​ឱ្យ​មានការ​កាប់​បំផ្លាញ​តទៅ​ទៀត​ រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​​ផ្តល់​ព្រៃ​សម្បទាន​ក្នុង​អាណត្តិ​នេះ​ ហើយ​ក្រសួង​នឹង​ព​ន្លឿ​ន​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​អភិរក្ស​តាម​ផ្លូវច្បាប់​ ។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​  William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​បាន​ឃើញនឹងភ្នែក​ពី​ស្ថានភាព​របស់ព្រៃ​ឡង់​ ហើយ​លោក​បាន​ថ្លែង​គាំទ្រ​ ពី​វិធានការ​រប​ស់​រដ្ឋាភិបាល​ដែល​បាន​រក្សា​ទុក​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ការពារ​ឱ្យ​នៅ​គង់​វង់​ទៅ​មុខ​ទៀត ​។​ ជាមួយ​គ្នា​នេះ​ដែរ​ លោ​ក​ William​ A.​ Heidt​  បាន​សរសើរ​ចំពោះ​ប្រជា​សហគមន៍​ដែល​បាន​ជួយ​ការពារ​ព្រៃ​ឡង់​បាន​បន្ត​គង់វង្ស​ ។​

​បណ្តាញ​សហគមន៍​ព្រៃ​ទ្ប​ង់​បានឱ្យ​ដឹង​ថា​ បើ​ទោះបីជា​រដ្ឋាភិបាល​មាន​វិធាន​តឹងរ៉ឹង​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ព្រៃ​ទ្ប​ង់​នៅ​តែ​រង​ការ​កាប់​បំផ្លាញ​ពី​ជន​ទុច្ចរិត​មួយ​ចំនួន​ដែល​មាន​អំណាច​ ។​

​ព្រៃ​ឡង់​មាន​ផ្ទៃក្រឡា​ ៣,៦០០​ គីឡូ​មែ​ត្រ​កា​រ៉េ​ មាន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ជាង​ ២​០០,០០០​នាក់​ មាន​ព្រំ​ប្រទ​ល់​​ជាប់​ខេត្តព្រះវិហារ​ ខេត្តស្ទឹងត្រែង​ ខេត្តក្រចេះ​ និង​ខេត្តកំពង់ធំ​ ។​ ព្រៃ​ឡង់​ រង​ការ​បំផ្លាញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ៕​

Share

ព័ត៌មានទាក់ទង

Image