ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម ទទូចឱ្យពលរដ្ឋខ្មែររស់នៅតំបន់មួយចំនួន នៅភាគឥសានប្រទេស និងខេត្តជាប់ឆ្នេរសមុទ្រត្រូវប្រុងប្រយ័ត្នករណីបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមានមេឃរកកលភ្លៀងនៅសប្ដាហ៍នេះ។
នៅក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងបានឲ្យដឹងថា បន្ទាប់ពីការតាមដាននិងព្យាករណ៍លើស្ថានភាពរួចមក ក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងទៅដល់សាធារណៈជនឲ្យបានដឹងអំពីស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៏ឆ្នាំនេះដូចខាងក្រោម៖
១.តំបន់វាលទំនាប
- សីតុណ្ហភាពអតិបរមា មានចាប់ពី ៣៧ - ៤១ អង្សារ អាចមានភ្លៀងកក់ខែលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅ ខេត្តពោធិ៍សាត់ និងខេត្តកពង់ធំ ក្នុងអំឡុងថ្ងៃទី ១៧ ដល់ ២១ ខែមេសា។
២.តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអតិបរមា មានចាប់ពី ៣៤ - ៣៧ អង្សារ អាចមានភ្លៀងកក់ខែ នៅខេត្តកោះកុង ក្នុងអំឡុងថ្ងៃទី ១៧ ដល់ ថ្ងៃទី ២១ ខែមេសា។
៣.តំបន់ខ្ពង់រាប
- សីតុណ្ហភាពអតិបរមា មានចចាប់ពី ៣៦ - ៤១ អង្សារ អាចមានភ្លៀងកក់ខែ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅខេត្តមណ្ឌលគីរី រតនគិរី ត្បូងឃ្មុំ កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ។
នៅក្នុងសេចក្ដីជូនដំណឹងនេះដែរ ក្រសួងធនធានទឹកនិងឧតុនិយម សូមឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រសួងបានជូនដំណឹង សូមឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមានមេឃរកកលភ្លៀង៕