បន្ទាប់ពីក្រសួងការបរទេសសម្រេចលុបចោលទិដ្ឋាការរបស់ សកម្មជនការពារព្រៃឈើនៅតំបន់ អារ៉ែង លោក Alejandro Gonzalez Davidson កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៦ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះ ។ លោក Alejandro Gonzalez Davidson ក៏បាន ចោទសួរទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅលើទំព័រហ្វេសប៊ុកខ្លួនជាសាធារណៈ ថាតើ « សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន គិតយ៉ាងណាដែរចំពោះទង្វើរបស់មន្ដ្រីថ្នាក់ក្រោមដែល មិន ចេះច្បាប់របស់ប្រទេសខ្លួនបានច្រើន ?»
លោក Alejandro Gonzalez Davidson បានចោទសួរទៅកាន់ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ពីរឿង ក្រសួងការបរទេស សម្រេចលុបចោលទិដ្ឋាការរបស់លោកដោយបានសាកសួរតាមរយៈការសរសេរ នៅលើទំព័រហ្វេសប៊ុក។
Alejandro Gonzalez Davidson ដែលបានសរសេររៀបរាប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បានឱ្យដឹងបន្ដថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ចៅក្រមតុលាការខេត្តកោះកុង បានចេញដីការបង្គាប់ឲ្យលោក ចូលខ្លួនទៅតុលាការ បន្ទាប់ពីចោទរូបគាត់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ បន្ទាប់មកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ចៅក្រមតុលាការខេត្ត ក៏បានបញ្ជាឱ្យប៉ូលីសស្រាវជ្រាវ ចាប់ និងនាំខ្លួនរូបលោកទៅដាក់គុក ។លោកអេឡិក បន្ដថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ លោក បានស្នើសុំទិដ្ឋាការដើម្បីត្រឡប់ទៅកម្ពុជាវិញ ហើយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ទើបការស្នើសុំទិដ្ឋាការរបស់លោក ត្រូវបានអនុញ្ញាតដោយក្រសួងការបរទេស បន្ទាប់មក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ក្រសួងការបរទេស បានសម្រេចលុបចោល ទិដ្ឋាការរបស់លោកវិញ។
«មានតែព្រះរាជាណាចក្រអច្ជរិយតែមួយគត់ !!!!!
– ថ្ងៃទី២៨ខែ១២ឆ្នាំ២០១៥ ចៅក្រមតុលាការកោះកុងបាន ចេញដីការបង្កាប់ឲ្យខ្ញុំចូលខ្លួនទៅតុលាការបន្ទាប់ ពីចោទ រូបខ្ញុំពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ។
– នៅថ្ងៃទី១៨ខែ០១ឆ្នាំ២០១៦ ចៅក្រមបានបញ្ជាប៉ូលីសមានសមត្ថកិច្ចអោយស្រាវជ្រាវរកចាប់ និងនាំរូបខ្ញុំទៅគុក។
– នៅថ្ងៃទី៤ខែ០៤ឆ្នាំ២០១៦ខ្ញុំបានស្នើសុំទិដ្ឋាការដើម្បីត្រលប់ទៅកម្ពុជាវិញ ។
– នៅថ្ងៃទី០៦ខែ០៤ឆ្នាំ២០១៦ការស្នើសុំទិដ្ឋាការត្រូវបានអនុញ្ញាតដោយក្រសួងកិច្ចការបរទេស ។
– នៅថ្ងៃទី០៨ខែ០៤ឆ្នាំ២០១៦ក្រសួងកិច្ចការបរទេសបានសម្រេចលុបចោលទិដ្ឋាការនេះ ។»
ត្រង់ចំនុចនេះ ស្ថាបនិកមាតាធម្មជាតិ លោក អេឡិក ក៏បាន ចោទសួរទៅកាន់ប្រមុខរដ្ឋាភិបាល កម្ពុជា ។លោកសួរថាតើ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន គិតយ៉ាងណាដែរចំពោះទង្វើរបស់មន្ដ្រីថ្នាក់ក្រោមដែលមិនចេះច្បាប់របស់ប្រទេសខ្លួនឱ្យបានគ្រប់គ្រាន់?
រឿងនេះ លោក ផៃ ស៊ី ផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃច័ន្ទ នេះថា ការសម្រេចចិត្តរបស់ក្រសួងការបរទេស ក៏ដូចជា ក្រសួងមហាផ្ទៃ ដែលមិនអនុញ្ញាតឱ្យលោកអេឡិក ចូលមកស្រុកខ្មែរ គឺជាបញ្ហាសិទ្ធិផ្ដាច់មុខរបស់រាជរដ្ឋាភិបាលខ្មែរ ហើយ អេឡិក មិនមែនជាប្រជាពលរដ្ឋខ្មែរ គ្រាន់តែជាភ្ញៀវ។ ដូច្នេះ ការមិនឱ្យចូលស្រុកខ្មែរ គឺ មានន័យគ្រប់គ្រាន់ ប្រាប់ ថា រដ្ឋាភិបាល មិនស្វាគមន៍ដល់អេឡិច ក្នុងការវិលត្រឡប់មក ស្រុកខ្មែរ។
«មូលហេតុ គេនិយាយហើយតើ ថាគេ មិនអាចអោយចូលបាន ពីព្រោះវានាំមកនូវ រឿងស្មុគ្រស្មាញច្រើន។ ដូច្នេះ នៅក្នុងឆន្ទានុសិទ្ធ របស់រាជរដ្ឋាភិបាល គឺ គេមិនឱ្យចូល ពីព្រោះវាភ្នាក់ងារបរទេស (ភ្នាក់ងារបរិស្ថានអន្តរជាតិ) មិនមែនដើម្បីផលប្រយោជន៍ ខ្មែរ ទេបាទ» ។
ជុំវិញបញ្ហានេះ លោក មាស នី អ្នកស្រាវជ្រាវពីបញ្ហាសង្គម មានប្រសាសន៍យល់ឃើញថា ការបណ្ដេញអេឡិក រួមទាំងការលុបចោលទិដ្ឋាការរបស់អេឡិកមិនអោយចូលប្រទេសខ្មែរវិញនេះ គឺ ជារឿងអយុត្ថិធម៌បំផុតចំពោះអេឡិក ។ត្រង់ចំនុចនេះ លោកថា មានហេតុផលពីរយ៉ាង ដែលអាចបញ្ជាក់ថា អេឡិក ពិតជាមិនបានទទួលយុត្ដិធម៌ ។
«ចឹងទីមួយខ្ញុំគិតថា វាអយុត្ថិធម៌ណាស់ សម្រាប់អេឡិក នៅពេលដែលរដ្ឋាភិបាលបានបណ្ដេញអ្នកការពារធនធានធម្មជាតិមួយដែលសកម្ម អោយចេញពីស្រុកខ្មែរ ដោយគិតថា គេជាអ្នកដែលធ្វើឱ្យកករអោយបញ្ហា ប៉ុន្ដែខ្លួនឯង ព្យាយាមបំផ្លាញធនធានធម្មជាតិ ដ៏ចឹងទៅរករឿងគេ។ ហើយមួយទៀត ក្រសួងការបរទេសស្គាល់អេឡិកច្បាស់ ហើយតើ ហេតុអីម្ដងអោយ(ទិដ្ឋការ) ម្ដងមិនអោយ ។នេះជារឿងមួយដែលធ្វើអោយមានភាពអាម៉ាស់ដែរ សម្រាប់រដ្ឋាភិបាលទៅលើប្រព័ន្ធដែលខ្លួនឯងធ្វើការ គឺ បានន័យថា យើងគ្រប់គ្រងអត់សព្វជ្រុង។ ចឹងបើគ្រាន់តែរឿងអេឡិកមួយ យើងមានឧទាហរណ៍បែបហ្នឹង ចុះបើសម្រាប់ជនជាតិនៅប្រទេសជិតខាងទៀត ហើយក្រសួងការបរទេសធ្វើការប្រថុយប្រថាន ចឹង ចឹងបានន័យថាដូចពលរដ្ឋវៀតណាមអី អាចមកនៅស្រុកខ្មែរបានរាប់លាននាក់ ដោយ សារការធ្វេសប្រហែសរបស់ក្រសួងការបរទេស និងក្រសួងមហាផ្ទៃហ្នឹង»។
លោក មាស នី មានប្រសាសន៍ ថា បើសង្កេតពីការគាំទ្រ និងមិនគាំទ្រ អោយអេឡិកនៅស្រុកខ្មែរវិញ គឺ ឃើញថា ពលរដ្ឋខ្មែរទាំងអស់គឺគាំទ្រ ដោយឡែកតែរដ្ឋាភិបាលទេ ដែលប្រឆាំងជាមួយនឹងអេឡិក និងមិនគាំទ្រ។
សព្វថ្ងៃនេះ លោក អេឡិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជា បន្ទាប់ពីជនជាតិអេស្ប៉ាញរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ ។ ការចាប់បញ្ជូនខ្លួនលោក អេឡិក ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែង និងការបូមខ្សាច់ នៅខេត្ត កោះកុង។
លោក អេឡិក ត្រូវបានតុលាការខេត្តកោះកុងចោទពីបទសមគំនិត ក្នុងបទទុច្ចរឹត នៅពីក្រោយសកម្មជន៣នាក់ ដែល ត្រូវបានតុលាការខេត្តនេះ ចាប់ឃុំខ្លួនកាលពីខែសីហាឆ្នាំ២០១៥ ករណីគំរាមកំហែងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ៕