ភ្នំពេញ៖ អាជ្ញាធរខេត្ដទេសចរណ៍គោលដៅមួយចំនួន បានបង្ហាញពីទិន្នន័យនៃចំនួនភ្ញៀវទេសចរណ៍ក្នុងខេត្ដរបស់ខ្លួនថា មានការកើនឡើងនៅក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ខេត្ដខ្លះមានភ្ញៀវទេសចរណ៍កើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ហើយទាំងខេត្ដខ្លះទៀតកើនឡើងនៅមានកម្រិតតិចតូច។ យោងតាមការផ្ដល់ព័ត៌មានដោយផ្ទាល់ពីអភិបាលខេត្ដ អភិបាលរងខេត្ដ ក៏ដូចជាប្រធានមន្ទីរខេត្ដទាំងនោះបានលើកឡើងថា ថ្វីត្បិតការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍មិនដូចអ្វីដែលរំពឹងទុកក៏ពិតមែន ប៉ុន្ដែពួកគាត់ជឿជាក់ថា ឆ្នាំតទៅមុខទៀតនឹងអាចដូចការរំពឹងទុក។
លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុបានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីនៅថ្ងៃច័ន្ទ ទី ១៨ មេសា នេះថា ក្នុងរយៈពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ ០៤ ថ្ងៃ ខេត្ដព្រះសីហនុរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍ទ្វេរគុណកើនជាងឆ្នាំ ២០១៥ នោះ គឺពិតជាបានទទួលផ្លែផ្កាច្រើនបើទោះបីជាមិនបានមួយរយភាគរយក៏ដោយចុះ។
អភិបាលខេត្ដព្រះសីហនុបន្ថែមថា ចំនួនភ្ញៀវទេសចរណ៍ដែលទៅទស្សនាក្នុងខេត្ដនេះ ទាំងជាតិ និង អន្ដរជាតិ គឺមានការកើនឡើងប្រមាណជាង ១សែននាក់ ស្មើរប្រមាណ ៦៩% ភាគរយបើធៀបនឹងឆ្នាំ ២០១៥ ។
«បើនិយាយពីការ Comment ពីតំម្លៃនិងសេវាឡើងថ្លៃអ្វីផ្សេងៗក្នុងថ្ងៃចូលឆ្នាំរយៈពេលបួនថ្ងៃនោះ គឺមិនមានការត្អូញត្អែរដូចកាលពីចូលឆ្នាំសកលនោះទេ ដែលកាលពីចូលឆ្នាំសកលមានការត្អូញត្អែរថា ទំនិញឡើងថ្លៃខ្លាំងណាស់ ម្ដេចយកឆ្នេរទៅធ្វើអាជីវកម្មអ៊ីញ្ចឹង រកតែផ្លូវដើរមិនបាន នេះកាលពីចូលឆ្នាំសលក់ហ្នឹងក៏ប៉ុន្ដែសម្រាប់ឱកាសចូលឆ្នាំថ្មីប៉ុន្មានថ្ងៃមុនគឺមិនមានអ្នក Comment មកខ្ញុំទេ ហើយខ្ញុំសួរទៅមន្ដ្រថ្នាក់ក្រោមក៏គ្មានការត្អូញត្អែរមកដែរ»។
មិនខុសគ្នាដែរលោក ប៊ុន ថាឬទ្ធ អភិបាលរងខេត្ដសៀមរាបបានមានប្រសាសន៍ថា ក្នុងនាមលោកជាមន្ដ្រីបម្រើការនៅក្នុងទឹកដីអង្គរមួយ រូបលោកមានក្ដីសោមនរីករាយជាខ្លាំងក្រោយពីបានឃើញ ជនរួមជាតិខ្មែរយ៉ាងច្រើនលើសលប់ទៅទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំនេះ។
អភិបាលរងខេត្ដបន្ដថា ភ្ញៀវទេសចរណ៍ទៅដល់ទឹកដីអង្គរ តាមទិន្នន័យជាផ្លូវការគឺមានការកើនឡើងប្រមាណជាង ១លានបីសែននាក់ ស្មើរប្រមាណជាង ២០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៥ កន្លងមក។ លោកថា ចំពោះបញ្ហាអសន្តិសុខគឺពុំមានបញ្ហាចោទនោះទេ ក៏ប៉ុន្ដែបញ្ហាការកកស្ទះចរាចរណ៍គឺមានការអ៊ូរទាំពីភ្ញៀវទេសចរណ៍ច្រើនកំឡុងថ្ងៃចូលឆ្នាំ ០២ ថ្ងៃចុងក្រោយ ។ លោកបញ្ជាក់ថា ចំពោះបញ្ហាតម្លៃទំនិញក៏មានពលរដ្ឋត្អូញត្អែរខ្លះៗដែរ ប៉ុន្តែស្ថិតក្នុងកម្រិតតិចតូចប៉ុណ្ណោះ ។
«ខ្ញុំសង្កេតមើលឃើញថា យើងមានគំនិតមួយប្រសិនណាបើឆ្នាំក្រោយៗ ទៀតហើយយើងនៅតែយកព្រឹត្ដិការណ៍សំខាន់ៗ ទៅដាក់ក្នុងបរិវេណអង្គរវត្ដ ប្រាសាទបាយ័ន្ដទៀត វានៅតែអាចបង្កការកកស្ទះទៀតដូច្នេះជាគំនិតរបស់ខ្ញុំនៅឆ្នាំក្រោយៗទៀតគួរការពិភាគ្សាឬក៏សុំយោបល់… យើងចង់យកព្រឹត្ដិការណ៍មួយចំនួនមកដាក់ក្នុងបរិវេណក្រុងសៀមរាបវិញម្ដង»។
ចំណែកលោក អ៊ំ ម៉ារ៉ា អភិបាលខេត្ដព្រះវិហារ មានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិដែលបានទៅកម្សាន្ដក្នុងខេត្ដព្រះវិហារ តាមតំបន់រមណីយដ្ឋានមួយចំនួនក្នុងខេត្ដនេះរួមមាន ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្ដិ៍ ប្រាសាទបាខ័ណ្ឌ រមណីយដ្ឋានអូរកំពង់ស្វាយ និងរមណីយដ្ឋានទឹកជ្រះព្រះនិមិត្ដ មានចំនួនច្រើនលើសកាលពីឆ្នាំមុន ។ ពោលក្នុងរយៈពេល ០៤ ថ្ងៃភ្ញៀវទេសចរណ៍សរុបមានចំនួនប្រមាណជាង ៤ម៉ឺននាក់ស្មើរនឹងប្រហែល ៥ ភាគរយ បើធៀបនឹងឆ្នាំ ២០១៥។
អភិបាលខេត្ដបន្ដថា ទាំងបញ្ហាសន្ដិសុខ ព្រមទាំងតម្លៃនៃទំនិញក្នុងខេត្ដនេះគឺគ្មានបញ្ហាអ្វីនោះទេ ។ លោកបន្ថែមថា នៅតាមរមណីយដ្ឋាននានា មានដូចជាប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្ដិ៍ ប្រាសាទបាខ័ណ្ឌ ប្រាសាទកំពង់ស្វាយ និងទឹកធា្លក់ព្រះនិមិត្ដ មានចំនួន ៤,២៣២១ នាក់។
ដោយឡែកប្រធានមន្ទីរទេសចរណ៍ខេត្ដមណ្ឌលគីរី លោក ងិន សុវិមាន បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរណ៍នៅក្នុងខេត្ដមណ្ឌលគីរី គិតត្រឹមថ្ងៃចូលឆ្នាំខ្មែរនេះគឺមានការកើនឡើងត្រឹមតែ ១,៣៥ ភាគរយប៉ុណ្ណោះដែលភ្ញៀវទេសចរណ៍សរុបមានចំនួនប្រមាណជាង ១សែននាក់ ក្នុងនោះភ្ញៀវជាតិមាន ១សែននាក់ និងភ្ញៀវបរទេសមានចំនួន ៣០២ នាក់។
លោក ងិន សុវិមាន យល់ឃើញថា កត្ដាដែលនាំឲ្យខេត្ដមណ្ឌលគីរីមិនអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកម្សាន្តបានច្រើនដូចការរំពឹងទុក ក៏ព្រោះតែខេត្ដធំៗមួយចំនួនក៏បានប្រារព្ធពិធីអបអរឆ្នាំថ្មីច្រើន បូករួមនឹងពលរដ្ឋខ្មែរខ្លះគាត់ធ្វើដំណើរកំសាន្ដចេញក្រៅប្រទេសផង ទើបបណ្ដាលឲ្យកំណើនភ្ញៀវទេសចរណ៍ទៅកំសាន្ដខេត្ដមណ្ឌលគីរីមានចំនួនតិចតូចបែបនេះ។
ប្រធានមន្ទីទេសចរណ៍ខេត្ដបន្ថែមថា ឆ្លងកាត់តាមបទពិសោធឆ្នាំនេះនៅឆ្នាំបន្ដបន្ទាប់ទៀត លោកនឹងខិតខំកែលម្អនិងផ្សព្វផ្សាយឲ្យបានទូលាយដើម្បីពលរដ្ឋទាំងជាតិ និង អន្ដរជាតិបានស្គាល់នឹងចង់មកលេងនៅខេត្ដព្រះវិហារនេះ។
«យើងខិតខំធ្វើយ៉ាងណាបញ្ហាសំខាន់គឺបញ្ហាសេវា ធ្វើយ៉ាងណាបញ្ឈប់ការឡើងថ្លៃ ហើយយើងក៏ព្យាយាមផ្សព្វផ្សាយអប់រំកុំឲ្យពលរដ្ឋឡើងថ្លៃហួសហេតុពេក ហើយមួយវិញទៀតគឺយើងនឹងខិតខំកែលំអររាល់បញ្ហាដែលមិនល្អឲ្យបានកាន់តែប្រសើរឡើង»។
សូមជម្រាបថា កំណើនភ្ញៀវទេសចរណ៍តាមតំបន់រមណីយដ្ឋានក្នុងប្រទេសកម្ពុជានេះ សម្ដេច ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបស់សម្ដេច បានសាទរចំពោះការប្រាព្ធពិធីអង្គរសង្ក្រាន្ដនៅក្នុងខេត្ដសៀមរាបថា ក្រៅតែពីបានទាក់ទាញភ្ញៀវទេសចរណ៍អន្ដរជាតិមកទស្សនាក្នុងប្រទេសកម្ពុជាយ៉ាងច្រើន។ អង្គរសង្ក្រាន្តក៏បានធ្វើឲ្យភ្ញៀវទេសសចរណ៍អន្តរជាតិ ស្គាល់កម្ពុជាកាន់តែច្បាស់ឡើងៗ ទាំងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អឯករបស់កម្ពុជាដែលធ្វើឲ្យពិភពលោកស្ញប់ស្ញែងកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ។
តាមរយៈទំព័រហ្វេសប៊ុកដដែលនោះនាយយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់កូនខ្មែរជំនាន់ក្រោយ គឺត្រូវតែរួមគ្នាថែរក្សាការពារសន្ដិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និង អនាគតរបស់ខ្លួនផងដែរ ៕