en     km
en     km

​ភ្ញៀវ​ទេ​ស​ចរណ៍​​ក្នុង​​ខេត្ដ​គោលដៅ​មួយ​ចំនួន​មានការ​កើនឡើង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​

Share

ភ្នំពេញ​៖​ អាជ្ញាធរ​ខេត្ដ​ទេសចរណ៍​គោលដៅ​មួយ​ចំនួន​ បាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុ​ង​​ខេត្ដ​​របស់​​ខ្លួន​​​ថា​ មាន​​ការ​​​កើន​​ឡើង​​​នៅ​​​ក្នុង​​​រយៈ​​ពេល​​​​នៃ​​​​ពិធី​​បុ​ណ្យ​​ចូល​ឆ្នាំ​​ប្រពៃ​ណី​​ខ្មែរ​​។​ ខេត្ដ​ខ្លះ​​មា​ន​ភ្ញៀវ​ទេសចរណ៍​​​​​កើន​​​ឡើង​​​​ខ្ពស់​​គួរ​​​ឲ្យ​​​កត់​​សម្គាល់​​ ហើយ​​​ទាំង​ខេត្ដ​​ខ្លះ​​​ទៀត​​​​កើន​​ឡើងនៅ​​មា​ន​​ក​​ម្រិត​តិច​​តូ​ច​​។​ ​យោង​​តា​ម​​​ការ​​ផ្ដល់​​ព័ត៌​​មាន​​​ដោ​យ​​ផ្ទាល់​​​ពី​​​អភិ​​បាល​​ខេត្ដ​ ​អភិ​​បាល​​រង​​​ខេត្ដ​ ក៏​​ដូច​​ជា​​ប្រ​ធា​​​ន​មន្ទី​រ​ខេត្ដ​​ទាំង​នោះ​​បា​ន​​​លើក​​ឡើង​​ថា​ ថ្វី​​ត្បិត​​​ការ​​កើន​​ឡើ​ង​​​​នៃ​​ចំនួន​ភ្ញៀវ​​ទេស​ចរណ៍​​មិន​​ដូច​​អ្វី​ដែល​​រំ​ពឹ​ង​​ទុក​​ក៏​ពិត​មែន​ ប៉ុន្ដែ​ពួ​ក​​​គាត់​​ជឿ​ជាក់​ថា​ ឆ្នាំ​​តទៅ​មុខ​ទៀត​នឹង​អាច​ដូច​ការ​រំពឹង​ទុក​។​

Khmer-New-Year--Mondulkiri
ទេសចរកម្សាន្តនៅខេត្តមណ្ឌលគីរី (រូបភាពតំណាង)

​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ច័ន្ទ​ ទី​ ១៨​ មេ​សា​ នេះ​ថា​ ក្នុង​រយៈពេល​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ០៤​ ថ្ងៃ​ ខេត្ដ​ព្រះ​សីហ​នុ​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេស​ច​រ​ណ៍​ទ្វេរ​គុណ​កើន​ជាង​ឆ្នាំ​ ២០​១៥​​ នោះ​ គឺ​ពិតជា​បាន​ទទួល​ផ្លែផ្កា​ច្រើន​បើ​ទោះបីជា​មិន​បាន​មួយ​រយ​ភាគរយ​ក៏​ដោ​យ​ចុះ​។​

​អភិបាលខេត្ដ​ព្រះ​សីហ​នុប​ន្ថែ​ម​ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ទស្សនា​ក្នុង​ខេត្ដ​នេះ​ ទាំង​ជាតិ​ និង​ អន្ដរជាតិ​ គឺ​មានការ​កើន​ឡើង​​ប្រមាណ​ជាង​ ១​សែន​នាក់​ ស្មើរ​ប្រមាណ​ ៦៩%​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥​ ។​

«​បើ​និយាយ​ពី​ការ​ Comment​ ពី​តំ​ម្លៃ​និង​សេវា​ឡើងថ្លៃ​អ្វី​ផ្សេងៗ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​រយៈពេល​បួន​ថ្ងៃ​នោះ​ គឺ​មិន​មាន​កា​​រ​​ត្អូញត្អែរ​ដូច​​កាល​ពី​​ចូល​​ឆ្នាំ​​សកល​​នោះ​ទេ​ ដែល​កាលពី​ចូល​ឆ្នាំ​សកល​មានការ​ត្អូញត្អែរ​ថា​ ទំនិញ​ឡើងថ្លៃ​ខ្លាំ​ង​​​​ណា​ស់​ ម្ដេច​យក​ឆ្នេរ​ទៅ​ធ្វើ​អាជីវកម្ម​អ៊ី​ញ្ចឹ​ង​ រកតែ​ផ្លូវ​ដើរ​មិន​បាន​ នេះ​កាលពី​ចូល​ឆ្នាំ​សលក់​ហ្នឹង​ក៏​ប៉ុន្ដែ​សម្រាប់​ឱ​កាស​​ចូល​ឆ្នាំ​ថ្មី​ប៉ុន្មា​ន​​ថ្ងៃមុន​គឺ​មិន​មាន​អ្នក​ Comment​ មក​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​សួរ​ទៅ​មន្ដ្រ​ថ្នាក់​ក្រោម​ក៏​គ្មាន​ការ​ត្អូញ​ត្អែ​​រមក​ដែរ​»​។

​មិន​ខុស​គ្នា​ដែរ​លោក​ ប៊ុ​ន​ ថា​ឬ​ទ្ធ​ អភិបាលរង​ខេត្ដសៀមរាប​បាន​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​លោក​ជាម​ន្ដ្រី​បម្រើ​កា​រ​នៅ​ក្នុង​ទឹកដី​អង្គរ​មួយ​ រូប​លោក​មាន​ក្ដី​សោ​មន​រីករាយ​ជា​ខ្លាំង​ក្រោយ​ពី​បានឃើញ​ ជនរួមជាតិ​ខ្មែរ​យ៉ាងច្រើន​លើសលប់​ទៅ​ទស្សនា​​រម​ណី​យ​ដ្ឋា​ន​​អង្គរ​ក្នុងឆ្នាំនេះ​។​

Angkor-New-Year-text

​អភិបាលរង​ខេត្ដ​បន្ដ​ថា​ ភ្ញៀវ​ទេសចរណ៍​ទៅ​ដល់​ទឹកដី​អង្គរ​ តាម​ទិន្នន័យ​ជា​ផ្លូវការ​គឺ​មានការ​កើនឡើង​ប្រមាណ​ជាង​ ១​លាន​បី​សែន​នាក់​ ស្មើរ​ប្រមាណ​ជាង​ ២០​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥​ កន្លង​មក​។​ លោក​ថា​ ចំពោះ​បញ្ហា​អសន្តិសុខ​គឺ​ពុំ​មាន​បញ្ហា​ចោទ​នោះ​ទេ​ ក៏​ប៉ុន្ដែ​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍​គឺ​មានកា​រអ៊ូរទាំ​ពី​ភ្ញៀវ​ទេស​ចរ​ណ៍​​ច្រើន​កំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ ០២​ ថ្ងៃ​ចុង​ក្រោយ​ ។​ លោក​បញ្ជា​ក់​ថា​ ចំពោះ​បញ្ហា​តម្លៃ​ទំនិញ​ក៏​មាន​ពលរដ្ឋ​ត្អូញត្អែរ​ខ្លះៗ​ដែរ​ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​តិច​តូច​ប៉ុណ្ណោះ​ ។​

«​ខ្ញុំ​សង្កេត​មើលឃើញ​ថា​ យើង​មានគំនិត​មួយ​ប្រសិនណាបើ​ឆ្នាំ​ក្រោយៗ​ ទៀត​ហើយ​យើង​នៅ​តែ​យក​ព្រឹត្ដិកា​រ​​ណ៍​សំខាន់ៗ​ ទៅ​​ដាក់​​ក្នុង​​បរិវេណ​​អង្គ​រវត្ដ​ ប្រាសាទ​បា​យ័ន្ដ​​ទៀត​ វា​​នៅ​តែ​អាច​បង្ក​ការ​កកស្ទះ​ទៀត​ដូច្នេះ​ជា​គំនិ​ត​​​​​របស់​ខ្ញុំ​នៅ​​ឆ្នាំ​ក្រោយៗ​ទៀត​គួរ​ការ​ពិ​ភា​គ្សា​ឬ​ក៏​សុំ​យោបល់…​ យើង​ចង់​យក​ព្រឹត្ដិការណ៍​មួយ​ចំនួន​មក​ដាក់​​ក្នុង​បរិវេណ​ក្រុង​សៀ​ម​រាប​វិញ​ម្ដង​»​។​

​ចំណែក​លោក​ អ៊ំ​ ម៉ា​រ៉ា​ អភិបាល​ខេត្ដព្រះវិហារ​ មានប្រសាសន៍ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្ដរជាតិ​ដែល​បាន​ទៅ​កម្សា​ន្ដ​ក្នុង​ខេត្ដព្រះវិហារ​ តាម​តំបន់​រមណីយដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្ដ​នេះ​រួម​មាន​ ប្រាសាទ​ព្រះ​វិ​​​​ហារ​ ប្រា​សា​ទ​កោះកេរ្ដិ៍​ ប្រាសា​ទ​​បា​ខ័​ណ្ឌ​ ​រម​ណី​យ​ដ្ឋាន​​អូរ​កំពង់ស្វាយ​ និង​រមណីយដ្ឋាន​ទឹក​ជ្រះ​ព្រះ​និ​មិត្ដ​ មា​​ន​​ចំនួន​ច្រើ​ន​​លើស​កាលពី​ឆ្នាំ​មុន​ ។​ ពោល​ក្នុង​រយៈពេល​ ០៤​ ថ្ងៃ​ភ្ញៀវ​ទេសចរណ៍​សរុប​មាន​ចំនួន​ប្រ​មា​​ណ​ជាង​ ៤​ម៉ឺន​នាក់​ស្មើរ​នឹង​ប្រហែល​ ៥​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥​។​

​អភិបាលខេត្ដ​បន្ដ​ថា​ ទាំង​បញ្ហា​សន្ដិសុខ​ ព្រមទាំង​តម្លៃ​នៃ​ទំនិញ​ក្នុង​ខេត្ដ​នេះ​គឺ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​ ។​ លោក​ប​ន្ថែ​ម​ថា​ នៅ​តា​ម​​រមណីយដ្ឋាន​នានា​ មាន​ដូច​ជា​ប្រាសាទព្រះវិហារ​ ប្រាសាទកោះកេរ្ដិ៍​ ប្រាសាទ​បា​ខ័​ណ្ឌ​ ប្រា​សា​ទ​កំពង់ស្វាយ​ និង​ទឹក​ធា្ល​ក់​ព្រះ​និ​មិត្ដ​ មាន​ចំនួន​ ៤,២៣២១​ នាក់​។​

​ដោយឡែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​មណ្ឌល​គី​រី​ លោក​ ងិ​ន​ សុ​វិមាន​ បាន​មាន​ប្រសាសន៍​ថា​ ចំនួន​ភ្ញៀវ​ទេស​ចរណ៍នៅ​​ក្នុង​ខេត្ដ​ម​ណ្ឌល​គី​រី​ គិត​ត្រឹម​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នេះ​គឺ​មានការ​កើនឡើង​ត្រឹមតែ​ ១,៣៥​ ភាគរយ​ប៉ុណ្ណោះ​ដែល​ភ្ញៀវ​ទេសចរណ៍​សរុប​មាន​ចំនួន​ប្រ​មា​ណ​ជាង​ ១​សែន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ ១​សែន​នាក់​ និង​ភ្ញៀវ​បរទេស​មាន​ចំនួន​ ៣០២​ នាក់​។​

​លោក​ ងិ​ន​ សុ​វិមាន​ យល់​ឃើញ​ថា​ កត្ដា​ដែល​នាំ​ឲ្យ​ខេត្ដ​មណ្ឌល​គី​រី​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទៅ​ក​ម្សា​​ន្តបាន​ច្រើន​ដូច​ការ​រំពឹង​ទុក​ ក៏​ព្រោះតែ​ខេត្ដ​ធំៗ​មួយ​ចំនួន​ក៏​បាន​ប្រារព្ធ​ពិធី​អបអរ​ឆ្នាំ​ថ្មី​ច្រើន​ បូក​រួម​នឹង​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គាត់​ធ្វើ​ដំណើរ​កំសាន្ដ​ចេញ​ក្រៅ​​ប្រទេស​ផង​ ទើប​បណ្ដាល​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​ទៅ​កំសាន្ដ​ខេត្ដ​មណ្ឌល​គី​រី​មាន​ចំនួន​តិច​តូច​បែប​នេះ​។​

​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ដ​បន្ថែម​ថា​ ឆ្លងកាត់​តាម​បទ​ពិសោធ​ឆ្នាំ​នេះ​នៅ​ឆ្នាំ​បន្ដបន្ទាប់​ទៀត​ លោក​នឹង​ខិតខំ​កែ​លម្អ​និង​ផ្សព្វ​ផ្សា​យ​​ឲ្យ​បាន​ទូលាយ​ដើម្បី​ពលរដ្ឋ​ទាំង​ជាតិ​ និង​ អន្ដរជាតិ​បាន​ស្គាល់​នឹង​ចង់​មក​លេង​នៅ​ខេត្ដ​ព្រះ​វិហារ​នេះ​។​

«​យើង​​ខិត​ខំ​​ធ្វើ​​យ៉ាង​ណា​បញ្ហា​​សំខាន់​​គឺ​បញ្ហា​សេវា​ ធ្វើ​យ៉ាងណា​បញ្ឈប់​ការ​ឡើងថ្លៃ​ ហើយ​យើ​ង​ក៏​ព្យាយាម​ផ្សព្វផ្សាយ​អប់រំ​កុំ​ឲ្យ​ពលរដ្ឋ​ឡើងថ្លៃ​ហួសហេតុ​ពេក​ ហើយ​មួយវិញទៀត​គឺ​យើង​នឹង​ខិតខំ​កែ​លំអរ​រាល់​បញ្ហា​ដែល​មិនល្អ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​»​។​

​សូម​ជម្រាប​ថា​ ​កំណើន​ភ្ញៀវ​ទេសចរណ៍​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​នេះ​ សម្ដេច​ ហ៊ុន​ សែ​​ន​ តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​របស់​សម្ដេច​ បាន​សាទរ​ចំពោះ​ការ​ប្រា​ព្ធ​ពិធី​អង្គរ​សង្ក្រាន្ដ​នៅ​ក្នុង​ខេត្ដសៀម​រា​ប​ថា​ ក្រៅ​តែ​ពី​បាន​ទាក់ទាញ​ភ្ញៀវ​ទេ​ស​ចរណ៍​អន្ដរជាតិ​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងច្រើន។ ​ អង្គរសង្ក្រាន្ត​​ក៏​បាន​ធ្វើ​​ឲ្យ​ភ្ញៀវ​ទេស​ស​ចរណ៍​អន្តរជាតិ​ ​ស្គាល់​កម្ពុជាកាន់តែ​ច្បា​ស់​​ឡើងៗ​ ទាំង​ទំនៀមទម្លាប់​ ប្រពៃណី​​ដ៏​ល្អ​ឯក​របស់​កម្ពុ​​ជា​​​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់ស្ញែងកម្ពុជាជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ។​

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​នោះ​នាយ​យក​រដ្ឋមន្ដ្រី​ ក៏​បាន​អំពាវនាវ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ គឺ​ត្រូវ​តែ​​រួម​គ្នា​ថែរក្សា​ការពារ​សន្ដិភាព​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​ អនាគត​របស់​ខ្លួន​ផង​ដែរ​ ៕​

Share

Image
Image
Image