ភ្នំពេញ៖ ពលខ្មែរអាមេរិកនៅថ្ងៃទី ១៨ ខែមេសា ដែលត្រូវនឹងនៅថ្ងៃអាទិត្យទី ១៧ នៅសហរដ្ឋអាមេរិកកំពុងផ្តើមធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងឡូវ៉ែល (Lowell) រដ្ឋម៉ាស្សាឈូសិត (Massachusetts) នៅមុខអាគារប៉ៃលិនផ្លាស្សាជាទីដែលមានការរៀបចំពិធីជប់លៀងទទួលលោក ហ៊ុន ម៉ាណែត ។

បាតុករដែលមកប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត បានលើកបដាដោយបានសរសេរថា ដោះលែងលោក អ៊ុំ សំអាន និងសកម្មជនគណបក្សសង្គ្រោះជាតិ បញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងខ្លះបានយករូបលោក ហ៊ុន ម៉ាណែត ដោយគូសសញ្ញាខ្វែងពណ៌ក្រហមពីលើរូបភាពនោះផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់វិទ្យុ VOA។
តាមការឱ្យដឹងពីក្រុមបាតុករដែលប្រាប់ VOA បានបញ្ជាក់ថា ការប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត ពេលនេះគឺជាការបញ្ជាក់ថា ពលរដ្ឋខ្មែរអាមេរិកកាំងមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ហើយក៏មិនស្វាគមន៍ចំពេលដំណើរទស្សនកិច្ចនៅអាមេរិករបស់លោក ហ៊ុន ម៉ាណែត នោះដែរ។
ក្រៅពីការធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក ពលរដ្ឋខ្មែរក្នុងទីក្រុងតូរ៉ុនតូ (Toronto) និងទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា (Canada) ក៏នឹងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ដែរ នៅពេលលោកធ្វើដំណើទៅទីនោះនៅដើមសបា្តហ៍ក្រោយ។
គួររម្លឹកថា កាលពីថ្ងៃទី ០៩ ខែមេសាកន្លងទៅ អង្គរក្សលោក ហ៊ុន ម៉ាណែត បានចាប់បោកលោក ផល ហេយស៍ (Paul Hayes) ជាស្មៀនមេធាវីអាមេរិកាំងក្នុងទីក្រុងឡុងប៊ិច (Long Beach) ខណៈស្មៀនមេធាវីអាមេរិកាំងរូបនោះ យកដីការបស់តុលាការសហព័ន្ធអាមេរិកកោះហៅលោក ហ៊ុន ម៉ាណែត ឲ្យចូលបំភ្លឺករណីចោទប្រកាន់ពីបទធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងអំពើភេរវកម្មអន្តរជាតិ។
បណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត និង រដ្ឋាភិបាលកម្ពុជា ធ្វើឡើងដោយអ្នកស្រី មាជ ជេមី (Jamie Meach) ភរិយា របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារហើយត្រូវបានផ្តន្ទាទោស រយៈពេល ២០ ឆ្នាំនៅកម្ពុជា ៕