ភ្នំពេញ៖ របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ របាំត្រុដិ ជារបាំប្រពៃណីមួយបែប ដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ជួនកាលគេឃើញមាននៅខេត្តបាត់ដំបងខ្លះដែរ ត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាប។ របាំនេះគេលេងតែនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ដែលជាចាំបាច់ ព្រោះមានសេចក្តីឲ្យការណ៍ជាច្រើន អំពីសមាជិកឆ្លើយឆ្លងនៃក្រុមជំនុំទំនៀមទម្លាប់ទាំងនោះថា របាំនេះគេលេងឡើងដើម្បីប្រសិទ្ធនូវ សព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។
អាស្រ័យហេតុនេះហើយ បានជាមានឈ្មោះថាត្រុដិ ដែលជាពាក្យដើមមកពីភាសាសំស្ក្រឹត ប្រែថា ផ្តាច់ ឬ កាត់ផ្តាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬ ការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា “ត្រស្តិសង្ក្រាន្ត”។ នេះបើតាមការដកស្រង់ពីសៀវភៅរបាំប្រជាប្រិយខ្មែរ។
សៀវភៅប្រជាប្រិយខ្មែរ បានសរសេរទៀតថា តាមទំលាប់របស់អ្នកស្រុក ជួនកាលគេមានលេងរបាំនេះ នៅពេលប្រារពពិធីសុំទឹកភ្លៀងនៅគ្រាដែលស្រុកទេសមានការរាំភ្លៀងជាដើម។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិនេះ សេសសល់នៅជាមួយមនុស្សជាន់ដើមមួយពួក ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងអំពីដែនដីនេះ ពុំទាន់ទទួលអារ្យធម៌ពីប្រទេស ណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងហៅថា “សំរែ” សព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាប។
កាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួរស្តីសិរីមង្គល។
ចំពោះប្រដាប់ប្រដាដែលត្រូវលេងនៅក្នុងពិធីនេះ តាមធម្មតាវង់របាំត្រុដិ មានក្រុមតូចក្រុមធំយោលទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង។ ចំណែកប្រដាប់ប្រដាទាំងនោះទៀតសោត ក៏និយមទៅតាមនោះដែរ។
ប្រដាប់ប្រដាដែលត្រូវយកមកលេងក្នុងពិធីនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។
ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សំរាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាល ដូចជាច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀងជញ្ចាត់ប្រាក់ ដែលគេបាចទាននិងច្រៀងឲ្យពរដល់អ្នកដាក់ទាន៕