មេធាវីនៃអង្គការសិទ្ធិមនុស្សអាមេរិក ប្តឹងរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចពីបទធ្វើទារុណកម្ម ការឃុំខ្លួន និងការបំពាបំពានសិទ្ធិមនុស្ស ។ យោងតាមសាព័ត៌មានមួយរបស់អាមេរិក Huffington Post មេធាវីពីររូប គឺលោក Morton Sklar និង Nazareth Haysbert បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហព័ន្ធនៅទីក្រុង Los Angeles ។
តាមបណ្តឹងដែលមានក្នុងកម្មវត្ថុមេធាវីទាំងពីររូបនេះ អះអាងថាខ្លួនដំណាងឲ្យគ្រួសាររបស់លោក មាជ សុវណ្ណារា ហើយថាលោក មាជ សុវណ្ណារា ជាពលរដ្ឋខ្មែរអាមេរិកកាំង ដែលមានសិទ្ធិប្តឹងករណីនេះ។ ប៉ុន្តែបើតាមសារព័ត៌មានក្នុងស្រុកមួយ គឺកាសែត Cambodia Daily មេធាវីជនជាតិអាមេរិកកាំងពីររូបនេះ បានប្តឹងលោក ហ៊ុន មាណែត ដោយយោងលើច្បាប់អាមេរិក ករណីបង្ករអំពើរភារវកម្មនិងទារុណកម្ម ដោយសារការបំពាបំពាន និងការឃុំខ្លួនក្រៅច្បាប់រយៈពេលយូរ ។
ពាក្យបណ្ដឹងរបស់មេធាវីសិទ្ធិមនុស្សអាមេរិកទាំងពីររូបនេះ ធ្វើឡើងស្របពេលកូនប្រុសសម្ដេចបានទៅទីក្រុងឡុងប៊ិច ហើយត្រូវបានបាតុករខ្មែរ -អាមេរិក ធ្វើបាតុកម្មបណ្ដាលឱ្យរងបួសជនជាតិអាមេរិកម្នាក់ ដែលគេថាអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត បានវាយ ។
ទោះជាយ៉ាងនេះក្ដី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី បាននិយាយថា ចំណាត់ការរបស់ក្រុមមេធាវីអាមេរិកគឺគ្មានន័យឡើយ ។ លោកអះអាងថា កម្ពុជាជារដ្ឋឯករាជ្យនិងអធិបតេយ្យ ។
«កម្ពុជាមានអធិបតេយ្យភាពដែលមានតុលាការរបស់គេផ្ទាល់ មិនមែនអនុវត្តទៅតាមសហរដ្ឋអាមេរិកមកបង្គាប់បញ្ជានោះទេ។ អាហ្នឹង ! គួឲ្យសោកស្តាយ រៀបចំតែការពារសហរដ្ឋអាមេរិកទៅបានហើយ មិនបាច់គឹតទៅដល់គេដល់ឯងទេ ចំណុចទី៣ វាគ្មានអង្គហេតុណាមួយនៅលើការចោទប្រកាន់នោះទេ។ ឯកឧត្តម ហ៊ុន មាណែត លោកមិនមែនជាអ្នកនយោបាយ លោកគ្រាន់តែជាអ្នកធ្វើការសាមញ្ញធម្មតា ហេតុដូច្នេះហើយការលើកឡើងគ្រាន់តែជា បញ្ហានយោបាយឲ្យល្បីតាមសង្គមព័ត៌មាន ហើយមកប្រមូលលុយតែពីកម្ពុជាតែប៉ុណ្ណោះ» ។
តាមពាក្យបណ្ដឹងគេរាប់បញ្ចូលទាំងការវាយប្រហារដោយគ្រាប់បែក ថ្ងៃទី ៣០ ខែមីនា ១៩៩៧ ការចាប់ខ្លួនសកម្មជនដីធ្លី ការវាយបង្ក្រាបកម្មករនៅផ្លូវវែងស្រែង ការចាប់សកម្មជនបក្សប្រឆាំង ការវាយតំណាងរាស្ត្រ និងករណីចាប់ពង្រត់មនុស្ស។ ប៉ុន្តែបែបនេះក្ដី អ្នកនាំពាក្យរដ្ឋាភិបាលថា គ្មានមូលដ្ឋានច្បាប់ឡើយ ៕